en     km
en     km

តើស្រាក្រហមល្អសម្រាប់សុខភាពបេះដូងមែនដែរឬទេ?

Share

ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការទទួលទានស្រាក្រហមអាចធ្វើឱ្យសុខភាពបេះដូងកាន់តែល្អប្រសើរ។

តាមការប៉ាន់ស្មានមួយចំនួនបង្ហាញថា ប្រជាជននៅប្រទេសបារាំងបរិភោគស្រាក្រហម ជាមធ្យមប្រហែល ៤៧ លីត្រជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រទេសនេះមានអត្រាជំងឺបេះដូងទាបជាងការរំពឹងទុក។ 

បន្ថែមពីនេះ មានទ្រឹស្តីរបស់បារាំងមួយបាននិយាយថា ស្រាក្រហមគឺល្អសម្រាប់បេះដូង (Meshing those two factoids — no doubt over a nice pinot noir)  ហើយទ្រឹស្ដីនេះត្រូវបានគេស្គាល់ថាជា “ភាពប្លែករបស់បារាំង” “The French paradox.”។ នេះបើតាមការលើកឡើងលើគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

យ៉ាងណាមិញ ក្រៅពីការទទួលទានស្រាក្រហម មានហេតុផលជាច្រើនទៀតដែលបានបង្ហាញពីអត្រាមរណៈនៃអ្នកជំងឺសរសៃឈាមបេះដូងនៅប្រទេសបារាំង។ ជាឧទាហរណ៍ បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក បារាំងមានមានការថយចុះអត្រាការធាត់ និងជំងឺទឹកនោមផ្អែមប្រភេទទី២។ មួយវិញទៀត បារាំងមានអត្រាខ្ពស់នៃការធ្វើលំហាត់ប្រាណ និងមានទម្លាប់បរិភោគអាហារដែលមានសុខភាពល្អ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

តើស្រាក្រហមអាចផ្តល់អត្ថប្រយោជន៍ដល់បេះដូងអ្នកមែនដែរឬទេ

បើតាមគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិកបានលើកឡើងថា ជាទូទៅ ស្រាក្រហមផលិតឡើងដោយផ្លែទំពាំងបាយជូរទាំងមូលរួមទាំងសំបកនិងគ្រាប់របស់វា។ សំបកទំពាំងបាយជូរមានសារធាតុ ប៉ូលីហ្វេណុល ដែលគេហៅថា Resveratrol។

Resveratrol ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់ការការពារដល់រាងកាយ មានឥទ្ធិពលប្រឆាំងភាពចាស់ និងប្រយុទ្ធប្រឆាំងជំងឺមហារីកផ្សេងៗ។ ពិសេសជាងនេះ សារធាតុResveratrolនេះ ផ្តល់សារៈប្រយោជន៍សម្រាប់សុខភាពបេះដូងផងដែរ ព្រោះវាជួយធ្វើឱ្យអង់ស៊ីម តេឡូមេរ៉ាស ដែលមាននាទីការពារហ្សែនមានភាពសកម្មឡើង។

ដោយមូលហេតុនេះហើយ ដែល Resveratrol មានតួនាទីការពារជំងឺសរសៃឈាមបេះដូង ព្រមទាំងពន្យារឱ្យអាយុវែងទៀតផង។

យ៉ាងណាមិញ បើតាមគេហទំព័រសុខភាពរបស់សាលាវេជ្ជសាស្ត្រ Harvard បានបង្ហាញថា ចំពោះអត្ថប្រយោជន៍នៃសារធាតុប៉ូលីហ្វេណុល ដែលមានក្នុងស្រាក្រហមនេះ គឺគ្រាន់តែជាការស្រាវជ្រាវធ្វើតេស្តលើសត្វកណ្តុរតែប៉ុណ្ណោះ។ ដោយឡែកពុំទាន់មានភស្តុតាងណាមួយ ដែលនិយាយពីអត្ថប្រយោជន៍ចំពោះមនុស្សនៅឡើយទេ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

តើជាតិអាល់អាកុលផ្តល់អត្ថប្រយោជន៍ដល់សុខភាពទេ?

តាមការសិក្សាបានបង្ហាញថា ការបរិភោគស្រាក្រហមក្នុងកម្រិតទាបអាចនឹងពន្យារអាយុជីវិតបានកាន់តែវែង។ ការសិក្សាបានបង្ហាញផងដែរថា ការទទួលទានជាតិអាល់កុលកម្រិតមួយដែលល្មម៖

  • អាចជួយបង្កើនកូលេស្តេរ៉ុលល្អ (HDL-high-density lipoprotein) ដើម្បីជួយលំហូរឈាមដែលបានបង្អាក់ ឱ្យធ្វើដំណើរតាមសសៃឈាមឡើងវិញ។
  • បន្ថែមពីនេះ ជួយកាត់បន្ថយកំណកឈាមក្នុងសសៃឈាមរបស់អ្នក ។
  • ជាពិសេសនោះ ជួយប្រឆាំងនឹងការរលាក ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី ២។ បើតាមការស្រាវជ្រាវបានបង្ហាញថាការរលាកមានឥទ្ធិពលអវិជ្ជមានលើសរសៃឈាម (ធ្វើឱ្យខូចខាតដល់ស្រទាប់ខាងក្នុងនៃសរសៃឈាម) ដែលជាមូលហេតុបង្កើនហានិភ័យនៃជំងឺទាំងនេះ។

ដោយឡែក ក្នុងចំណោមអត្ថប្រយោជន៍ទាំងនេះ ជាតិអាល់កុលក៏អាចប៉ះពាល់ដល់រាងកាយរបស់អ្នកផងដែរ ប្រសិនបើអ្នកបរិភោគទទួលច្រើនជ្រុល។ ការផឹកគ្រឿងស្រវឺងលើសកំណត់ បង្កើនហានិភ័យជាច្រើនដូចជា៖ ជំងឺថ្លើម ជំងឺខ្សោយបេះដូង និងជំងឺមហារីកមួយចំនួនរួមមាន មហារីកសុដន់ មហារីកពោះវៀនធំ មហារីកបំពង់អាហារ និងមហារីកថ្លើម។

បើតាមគោលការណ៍ណែនាំស្តីពីរបបអាហារ  សម្រាប់ជនជាតិអាមេរិកឆ្នាំ 2020-2025  បានណែនាំថា មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងគួរតែកំណត់ការទទួលទានគ្រឿងស្រវឹង។ ដោយក្នុងមួយថ្ងៃស្រ្តីអាចទទួលទានគ្រឿងស្រវឹងឬស្រាក្រហមមួយកែវ ឬតិចជាងនេះក្នុងមួយថ្ងៃ។ ចំណែកឯបុរស អាចទទួលទាន ២ កែវ  ឬតិចជាងនេះក្នុងមួយថ្ងៃ។

ហើយជាធម្មតាគ្រឿងស្រវឹងមានស្តង់ដាកម្រិតជាតិអាល់កុលដូចជា៖ ស្រាបៀរធម្មតាមានជាតិអាល់កុល ៥% , ស្រាក្រហមមានអាល់កុលប្រហែល ១២% , និងប្រភេទផ្សេងទៀតដូចជា វីស្គី មានអាល់កុលប្រហែល ៤០%។

ដូច្នេះ តើស្រាក្រហមល្អសម្រាប់បេះដូងអ្នកទេ? វេជ្ជបណ្ឌិត Bruemmer បានបង្ហាញដល់គេហទំព័រគ្លីនិក Cleveland ថាលោកមិនប្រាកដថា ស្រាក្រហមល្អសម្រាប់បេះដូងនោះទេ ហើយក៏គ្មានអ្នកណាដឹងនោះឡើយ។

ជាការល្អ អ្នកគួរតែទទួលទានស្រាក្រហម ឬប្រភេទភេសជ្ជៈដែលមានជាតិអាល់កុលផ្សេងទៀតជាមួយនឹងអាហារ ពីរទៅបីដងក្នុងមួយសប្តាហ៍ និងទទួលទានក្នុងកម្រិតមួយដែលសមលម្មសម្រាប់អ្នក៕

Share

ព័ត៌មានទាក់ទង

Image