en     km
en     km

កម្មកររោងចក្រស្តារឡៃថ៍មិនចូលធ្វើការតាមការបញ្ជាដោយរក្សាជំហរទាមទារប្ដូរប្រធានរោងចក្រចេញ

Share

 

ក្រុមកម្មករនិយោជិត រោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ ដែលតវ៉ាទាមទារលក្ខខណ្ឌការងារហើយត្រូវក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាឱ្យផ្អាកធ្វើកូដកម្ម ដោយតម្រូវចូលធ្វើការងារវិញ ពេលនេះពួកគេមិនទាន់ចូលធ្វើការតាមការបង្គាប់នៅឡើយទេ។ ក្រុមកម្មករ នៅបន្តធ្វើការតវ៉ានៅមុខរោងចក្រដដែល ដោយទាមទាររកដំណោះស្រាយ និងបានស្រែកអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ ពិសេសនៅតែរក្សាជំហរទាមទារប្ដូរប្រធានរោងចក្រចេញ។

លោក គីម ចាន់ចាវ រាយការណ៍

 

 

មិនត្រឹមតែមិនចូលធ្វើការតាមការបញ្ជាពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះទេ ប៉ុន្តែក្រុមកម្មករនិយោជិតភាគច្រើននៃរោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ ដែលមានទីតាំងស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុនរោងចក្រ។

ក្រុមកម្មករបានទាមទារនូវសំណូមពរចំនួន៩ ចំណុច ប៉ុន្តែមានចំណុចសះជាបានចំនួន ៨ ចំណុច ហើយនៅតែមួយចំណុចប៉ុណ្ណោះ។ ចំណុចមួយនេះជាចំណុចរសើប គឺក្រុមកម្មករនិយោជិតសុំឱ្យបញ្ឈប់លោក ម៉េង សុជាតិ អ្នកគ្រប់គ្រងក្រុមហ៊ុនថ្មី ដែលពួកគេអះអាងថា មិនគិតគូរដល់ផលប្រយោជន៍រួមធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ និងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន។

លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជាធ្លាប់បញ្ជាក់ថា ចាប់តាំងពីលោក ម៉េង សុខជាតិ ឡើងគ្រប់គ្រង់ក្រុមហ៊ុន បញ្ហាជាមួយកម្មករតែងកើតមានជាបន្តបន្ទាប់។ លោកថាប្រធានថ្មីរបស់ក្រុមហ៊ុន មិនមានការងារឱ្យកម្មករធ្វើគ្រប់គ្រាន់ទេ ហើយអ្នកបញ្ជាទិញត្រូវបានដក ជាហេតុបង្កផលប៉ះពាល់ការងារដល់កម្មករដោយមិនមានការថែមម៉ោង។ ជាងនេះក៏មានការចាត់កម្មករ បញ្ឈប់កម្មករ ឈានដល់ការព្យួរការងារកម្មករផងដែរ។

ស្ត្រីកម្មករម្នាក់ដែលបានតវ៉ាបានទាមទារឱ្យតំណាងរោងចក្រ និងក្រសួងពាក់ព័ន្ធចូលមកដោះស្រាយឱ្យកម្មករ ត្បិតអីប្រធានរោងចក្រថ្មីនេះ បានគាបសង្កត់លើកម្មករយ៉ាងធ្ងន់ធ្ងរ។

«ពួកខ្ញុំកើតទុក្ខអត់សុខចិត្តទេបង ពួកគាត់គាបសង្កត់ខ្ញុំខ្លាំងណាស់។ គាត់ធ្វើដល់ថ្នាក់ដឹកនាំ ឥវ៉ាន់អត់មានអីដេរ អត់មានអីធ្វើ បញ្ឈប់កម្មករ ព្យួរកម្មករ ហើយថ្ងៃសៅរ៍អត់ធ្វើការកាត់ដំណាច់ឆ្នាំ។ តាំងពីមានដំណាច់ឆ្នាំ មានភាគរយ។ កាត់ដំណាច់ឆ្នាំរបស់យើងទៀតបងឯងគិតមើល កម្មការណាសុខចិត្ត។ ឥលូវតាំងពីមានដំណាច់ឆ្នាំរហូតដល់អត់មានដំណាច់ឆ្នាំនេះ។ ដល់ពេលយើងឈប់ ធ្លាប់តែមានកាត់ដំណាច់ឆ្នាំ មានសំបុត្រពេទ្យ កាត់ដំណាច់ឆ្នាំ នេះអត់មានទេ គឺឈប់កាត់លុយថ្ងៃ។ ហើយសួរធ្វើការមានន័យអីបើកាត់លុយថ្ងៃយើងហ្នឹង…»?

ស្រ្តីកម្មករម្នាក់ទៀតមានផ្ទៃពោះផងនោះ បានអំពាវនាវឱ្យក្រសួងការងារ និងប្រមុខរដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះ ដោយសារប្រធានគ្រប់គ្រងថ្មីក្នុងរោងចក្រថ្មី គឺលោក លោក ម៉េង សុជាតិ បានគាបសង្កត់ការងារកម្មករ តួយ៉ាងដូចជាអ្នកស្រីដែលមានផ្ទៃពោះ ក៏ត្រូវត្រូវប្រធានថ្មីនេះទាមទារឱ្យបង្កើនផលិតភាពការងារដែរ។

«អត់មានដំណោះស្រាយឱ្យខ្ញុំសោះ ដំណោះស្រាយមកដោះស្រាយថ្ងៃហ្នឹងដដែលៗ ពួកខ្ញុំទទួលយកអត់បានទេ ការគាបសង្កត់ពួកគាត់នៅតែដដែលៗនៅកន្លែងធ្វើការ។ សូម្បីតែខ្ញុំពោះធំខ្ញុំធ្លាប់ដេរទារចំនួនពីតិចមកច្រើន ដោយសារខ្ញុំធ្វើលែងបានហើយដោយសារតែខ្ញុំពោះធំ តែប៉ុណ្ណឹងគាត់ទទួលយក(មិន)បាន។ ពេលគាត់គ្រប់គ្រងយូរៗទៅ គាត់ទទួលយកចំនួនហ្នឹងលែងបានហើយ។ ចង់បានកើនឡើងៗ…។ ពួកខ្ញុំជាកម្មករនេះមានកម្លាំងមកពីណាបើគាត់ទារឡើងរហូតហ្នឹង?»

វិទ្យុស្ត្រីមិនអាចទាក់ទងភាគីរោងចក្របានទេ គិតត្រឹមថ្ងៃទី០៨ ខែមិថុនានេះ។ ចំណែកលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន ទូរសព្ទហៅចូលតែមិនមានអ្នកទទួល។ តែយ៉ាងណាអនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ដែលបានអន្តរាគមន៍លើបញ្ហានេះ បានចោទសួរក្នុងន័យឌឺដងនៅថ្ងៃ០៥ ឧសភាថា «តើនេះជាទំនាស់អ្វី?ហើយអស់លោកលោកស្រីជាអ្វី?ដល់ថៅកែមិន ព្រមនាំគ្នាស្រែកថាអយុត្តិធម៏មិនព្រមចូលធ្វើការ សូមជួយគិតផង ។ ត្រូវគិតដល់កម្មករនិយោជិតដទៃទៀតផងដែលគ្នាចង់ធ្វើការដើម្បីជីវភាព (សិទ្ធក្នុងការសំរេចចិត្តដកឬទុក ជាសិទ្ធរបស់ថៅកែមិនមែនជាសិទ្ធរបស់អ្នកផ្សះផ្សាទេ)»

 

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្លាប់បានចេញបញ្ជាឱ្យក្រុមកម្មករនយោជិតផ្អាក ធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាល ត្រូវបានបញ្ចប់សព្វគ្រប់ ហើយកូដករទាំងអស់ត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពីព្រឹកថ្ងៃទី៦ ខែមិថុនា តាមវេនរបស់ខ្លួនដែលបានកំណត់ជាមួយរោងចក្រ។ ប៉ុន្តែកម្មករដែលតវ៉ាខាងលើ អះអាងថា ក្រោយពេលពួកគាត់ចូលធ្វើការមិនមានភាគីណាចូលដោះសា្រយនោះទេ។

«គាត់និយាយថាឱ្យបងប្អូនហ្នឹងចូលធ្វើការទៅ បើអត់ចូលធ្វើការទេ អត់មានលុយទិញបាយហូបទេ។ ហើយសួរថាកម្មករអន់ដល់ថ្នាក់ហ្នឹងមែន? ពិបាកចឹងមែន? ហើយសួរថា ឱ្យគាត់ចូលទៅដោះស្រាយគាត់ថា ឱ្យខ្ញុំចូលធ្វើការទៅគាត់ដោះស្រាយឱ្យ ហើយពួកខ្ញុំ ចូលធ្វើការទៅធ្វើមិនដឹងៗ គាត់អត់មានដោះស្រាយឱ្យពួកយើងទេ»

លោក រស់ សំបូរ អនុប្រធានសហជីពបានឱ្យដឹងថា ពេលនេះក្រុមកម្មកររោងចក្រស្ទើរគ្រប់អគារមកប្រមូលផ្ដុំតវ៉ា ក្នុងចំណោមកម្មករសរុបជាង៤ពាន់នាក់ គឺមានតែ៣០០នាក់ដែលចូលធ្វើការ។ លោកថាកន្លងមកកម្មករ បានត្រឹមតែដោះស្រាយជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធ មិនបានដោះស្រាយជាមួយថៅកែដែលជាម្ចាស់ក្រុមហ៊ុនឡើយ។ លោកអះអាថា បើកម្មករអាចជួបជាមួយថៅកែ ទោះសម្រេចថាទុកប្រធានរោងចក្រ និងប្រធានរដ្ឋបាលចាស់ដដែលនេះ អាចនឹងកម្មករទទួលយកបាន។ ប៉ុន្តែពេលនេះក្រុមកម្មកររោងចក្រស្ទើរគ្រប់អគារមកប្រមូលផ្ដុំតវ៉ា។

«បើសិនជាថៅកែ គាត់រក្សាជំហរថា ទុកពីរនាក់ហ្នឹង គាត់ចង់ជួបថៅកែផ្ទាល់ហ្មង ហើយគាត់ជួបថៅកែផ្ទាល់ ថៅកែឆ្លើយចឹងចេញពីមាត់គាត់ បានគាត់ទទួលស្គាល់ ប៉ុន្តែការដោះស្រាយកន្លងមកជាមួយអាជ្ញាធរពាក់ព័ន្ធមក គឺគេអត់ឱ្យយើងបានជួបថៅកែផ្ទាល់ចឹងហា៎បង»

ក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករនយោជិតសរុប ៤០០៦នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ លោក រស់ សំបូរអះអាងថា កន្លងមកក្រោយមាននាយកថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ ហើយក្នុងការតវ៉ានេះ ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់កម្មករនិយាជិត១៥០នាក់បន្ថែមទៀត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង