en     km
en     km

មេធាវីមីយ៉ាន់ម៉ាជាច្រើនប្រឈមនឹងការកាត់ទោសដោយតុលាការរបបយោធា

Share

បាងកក៖ មេធាវីមីយ៉ាន់ម៉ា ដែលការពារអ្នកទោសនយោបាយ កំពុងប្រឈមនឹងការយាយី និងចាប់ដាក់គុកដោយអាជ្ញាធរយោធា។អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា ថារបបយោធាភូមាបានប្រើតុលាការបំភិតបំភ័យមេធាវីជាច្រើនរូប។រាយការណ៍ដោយ កញ្ញា កែវ សុជាតា

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា យោធាភូមាបានប្រើប្រាស់តុលាការរបស់ខ្លួនដើម្បីផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi និងអតីតប្រធានាធិបតី Win Myint ដែលត្រូវបានតុលាការកាត់ទោសដោយបិទទ្វារឱ្យជាប់ពន្ធនាគាររយៈពេលវែង។

អង្គការសិទ្ធិមនុស្ស HRW បាននិយាយនៅក្នុងរបាយការណ៍មួយដោយផ្អែកលើកិច្ចសម្ភាសន៍ជាមួយមេធាវីចំនួន១៩នាក់ថាមេធាវីការពារក្តីដែលធ្វើការនៅក្នុង “តុលាការពិសេស” ដែលបង្កើតឡើងដោយរបបយោធាដើម្បីកាត់ទោសឧក្រិដ្ឋកម្មនយោបាយប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និងការគំរាមកំហែងពីអាជ្ញាធរ។

មេធាវីម្នាក់នៅទីក្រុងយ៉ាំងហ្គោនបានប្រាប់អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សថា “នៅក្នុងបន្ទប់សវនាការខ្ញុំមាន​ការព្រួយបារម្ភជាខ្លាំង អំពីការជាប់ឃុំខ្លួនខ្លួនឯងជាជាងនិយាយការពិត” ។”គ្រប់គ្នានៅតុលាការដឹងថាខ្ញុំជានរណា របបយោធាអាចឃុំខ្លួនខ្ញុំនៅពេលណាក៏បាន ហើយពួកគេអាចនឹងបង្កើតហេតុផល ឬភស្ដុតាងណាមួយដែលពួកគេចង់បាន”។

អង្គការHRW បានលើកឡើងពីករណីរបស់មេធាវី Ywet Nu Aung ដែលត្រូវបានគេរាយការណ៍ថាត្រូវបានឃុំខ្លួន ខណៈដែលលោកស្រីបានចាកចេញពីសវនាការមួយដែលលោកស្រីតំណាងឱ្យអតីតនាយករដ្ឋមន្ត្រី និងជាសមាជិកគណបក្សរបស់លោកស្រី ស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។លោកស្រី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ជួយ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​កងជីវពល​ប្រឆាំង​របប​យោធា ហើយ​ក្រោយ​មក​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ១៥ឆ្នាំ​ និងបង្ខំឱ្យធ្វើ​ការ​ជាទម្ងន់។

HRW បាននិយាយថា មេធាវីត្រូវបានរារាំងមិនឱ្យមានការប្រាស្រ័យទាក់ទងជាលក្ខណៈឯកជនជាមួយកូនក្ដីរបស់ខ្លួនមុនពេលសវនាការ ហើយនៅក្នុងប្រព័ន្ធច្បាប់តឹងរឹង អ្នកខ្លះជាប់បណ្ដឹងរាប់រយករណី ។

មេធាវីម្នាក់ទៀតបានប្រាប់ HRW ថា «វាស្ទើរតែមិនអាចទៅរួចទេក្នុងការជំទាស់នឹងការបង្ហាញភ័ស្តុតាង របស់តំណាងអយ្យការ ហើយយើងមិនដែលទទួលបានការដោះលែងចុងចោទឱ្យនៅក្រៅឃុំនោះទេ។

មេធាវីទាំង១៩នាក់បានប្រាប់HRWថាពួកគេត្រូវបាន”បំភិតបំភ័យ និងឃ្លាំមើលដោយអាជ្ញាធរយោធា”។​យោងតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២៣០០០នាក់ត្រូវបានចាប់ខ្លួនដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

កាលពីឆ្នាំមុន តុលាការរបបយោធាបានបញ្ជាឱ្យប្រហារជីវិតអតីតសមាជិកសភា NLD រួមជាមួយនឹងសកម្មជនលេចធ្លោមួយរូប ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្ត “អំពើភេរវកម្ម” ដែលជាការកាត់ទោសប្រហាជីវិតដំបូងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនទសវត្សរ៍៕

ប្រភព៖ C N A ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣

Share

Image
Image
Image