បាងកក៖ មេធាវីមីយ៉ាន់ម៉ា ដែលការពារអ្នកទោសនយោបាយ កំពុងប្រឈមនឹងការយាយី និងចាប់ដាក់គុកដោយអាជ្ញាធរយោធា។អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា ថារបបយោធាភូមាបានប្រើតុលាការបំភិតបំភ័យមេធាវីជាច្រើនរូប។រាយការណ៍ដោយ កញ្ញា កែវ សុជាតា
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា យោធាភូមាបានប្រើប្រាស់តុលាការរបស់ខ្លួនដើម្បីផ្ដួលគូបដិបក្ខ រួមទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi និងអតីតប្រធានាធិបតី Win Myint ដែលត្រូវបានតុលាការកាត់ទោសដោយបិទទ្វារឱ្យជាប់ពន្ធនាគាររយៈពេលវែង។
អង្គការសិទ្ធិមនុស្ស HRW បាននិយាយនៅក្នុងរបាយការណ៍មួយដោយផ្អែកលើកិច្ចសម្ភាសន៍ជាមួយមេធាវីចំនួន១៩នាក់ថាមេធាវីការពារក្តីដែលធ្វើការនៅក្នុង “តុលាការពិសេស” ដែលបង្កើតឡើងដោយរបបយោធាដើម្បីកាត់ទោសឧក្រិដ្ឋកម្មនយោបាយប្រឈមមុខនឹងការយាយី ការបំភិតបំភ័យ និងការគំរាមកំហែងពីអាជ្ញាធរ។
មេធាវីម្នាក់នៅទីក្រុងយ៉ាំងហ្គោនបានប្រាប់អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សថា “នៅក្នុងបន្ទប់សវនាការខ្ញុំមានការព្រួយបារម្ភជាខ្លាំង អំពីការជាប់ឃុំខ្លួនខ្លួនឯងជាជាងនិយាយការពិត” ។”គ្រប់គ្នានៅតុលាការដឹងថាខ្ញុំជានរណា របបយោធាអាចឃុំខ្លួនខ្ញុំនៅពេលណាក៏បាន ហើយពួកគេអាចនឹងបង្កើតហេតុផល ឬភស្ដុតាងណាមួយដែលពួកគេចង់បាន”។
អង្គការHRW បានលើកឡើងពីករណីរបស់មេធាវី Ywet Nu Aung ដែលត្រូវបានគេរាយការណ៍ថាត្រូវបានឃុំខ្លួន ខណៈដែលលោកស្រីបានចាកចេញពីសវនាការមួយដែលលោកស្រីតំណាងឱ្យអតីតនាយករដ្ឋមន្ត្រី និងជាសមាជិកគណបក្សរបស់លោកស្រី ស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។លោកស្រីត្រូវបានគេចោទប្រកាន់ថាបានជួយផ្តល់ជំនួយហិរញ្ញវត្ថុដល់កងជីវពលប្រឆាំងរបបយោធា ហើយក្រោយមកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ និងបង្ខំឱ្យធ្វើការជាទម្ងន់។
HRW បាននិយាយថា មេធាវីត្រូវបានរារាំងមិនឱ្យមានការប្រាស្រ័យទាក់ទងជាលក្ខណៈឯកជនជាមួយកូនក្ដីរបស់ខ្លួនមុនពេលសវនាការ ហើយនៅក្នុងប្រព័ន្ធច្បាប់តឹងរឹង អ្នកខ្លះជាប់បណ្ដឹងរាប់រយករណី ។
មេធាវីម្នាក់ទៀតបានប្រាប់ HRW ថា «វាស្ទើរតែមិនអាចទៅរួចទេក្នុងការជំទាស់នឹងការបង្ហាញភ័ស្តុតាង របស់តំណាងអយ្យការ ហើយយើងមិនដែលទទួលបានការដោះលែងចុងចោទឱ្យនៅក្រៅឃុំនោះទេ។
មេធាវីទាំង១៩នាក់បានប្រាប់HRWថាពួកគេត្រូវបាន”បំភិតបំភ័យ និងឃ្លាំមើលដោយអាជ្ញាធរយោធា”។យោងតាមក្រុមអ្នកឃ្លាំមើលក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ២៣០០០នាក់ត្រូវបានចាប់ខ្លួនដោយរបបយោធាចាប់តាំងពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។
កាលពីឆ្នាំមុន តុលាការរបបយោធាបានបញ្ជាឱ្យប្រហារជីវិតអតីតសមាជិកសភា NLD រួមជាមួយនឹងសកម្មជនលេចធ្លោមួយរូប ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្ត “អំពើភេរវកម្ម” ដែលជាការកាត់ទោសប្រហាជីវិតដំបូងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
ប្រភព៖ C N A ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣