រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមទ្វារមាស។ ការមករដូវរបស់ស្រ្តីអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញវ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវមានរយៈពេលពី ៣-៥ ថ្ងៃ។
ការមករដូវជាធម្មជាតិដែលតែងកើតមានឡើងក្នុងរាង្គកាយរបស់ស្រ្តី ដែលជាសញ្ញាមួយបញ្ជាក់ថា ស្រ្តីអាចដល់វ័យបង្កកំណើតបាន។ ប៉ុន្តែដំណើរធម្មជាតិនៃការមករដូវរបស់ស្រ្តី ហាក់មិនសូវត្រូវបានលើកមកជជែកឱ្យទូលំទូលាយនោះទេ ត្បិតបែបបទសង្គមហាក់យល់ថាជារឿងចម្អេះចំអាស។
ទាក់ទងបញ្ហានេះ សិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្នុងគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយបានជួបសម្ភាសន៍មតិរបស់ប្រជាពលរដ្ឋជុំវិញការយល់ឃើញរបស់ពួកគេលើបញ្ហានេះ។ ចង់ដឹងថាតើពួកគេយល់ឃើញនិងមានទស្សនៈយ៉ាងណាចំពោះបញ្ហាការជជែកពីបញ្ហាមករដូវរបស់ស្រ្តី? តើបញ្ហាការមករដូវរបស់ស្រ្តីត្រូវបានបើកនិយាយយ៉ាងទូលំទូលាយយ៉ាងណាដែរ?
ពលរដ្ឋមួយរូបរស់នៅរាជធានីភ្នំពេញគឺកញ្ញា ពៅ ស៊ីនួន ជាសហស្ថាបនិករបស់ចលនាទម្លុះមានមតិយល់ឃើញចំពោះរឿងនេះថា បច្ចុប្បន្នស្ត្រីមានការយល់ដឹង និងហ៊ាននិយាយដោយបើកចំហច្រើនលើបញ្ហារដូវបានច្រើនជាងពីមុន។ ប៉ុន្តែកញ្ញានៅតែសង្កេតឃើញថា មានស្រ្តីមួយចំនួនធំពិសេសនៅតាមខេត្តនៅតែមិនទាន់ហ៊ាននិយាយពីបញ្ហានេះដោយបើកចំហដដែល។ កញ្ញាបានបន្ថែមទៀតថា ៖«មិនត្រឹមតែស្រ្តីប៉ុណ្ណោះទេ សូម្បីតែបុរស នៅតែមានផ្នត់គំនិត និងមិនហ៊ាននិយាយពីបញ្ហារដូវឱ្យច្បាស់ ជាពិសេសនៅតាមបណ្តាខេត្ត»។
ជាងនេះទៀតកញ្ញា ពៅ ស៊ីនួន យល់ថា ស្រ្តីអាចនិយាយបញ្ហារដូវដោយបើកចំហបានគឺបានតែចំពោះមនុស្សដែលមានភាពស្និតស្នាល ដូចជាសមាជិកក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលទុកចិត្ត។ ចំណែកស្រ្តីដែលនិយាយពីបញ្ហារដូវលើទីសាធារណៈមានចំនួនតិចតួចនៅឡើយ។ បន្ថែមពីលើនេះ កញ្ញា ពៅ ស៊ីនួន យល់ឃើញថា សង្គមខ្មែរនៅតែគិតថា ការជជែកពីបញ្ហារដូវជារឿងមិនទាន់បើកទូលាយ និងមិនទាន់ជាទីសុវត្ថិភាពក្នុងការនិយាយនៅឡើយ។ កញ្ញាបានពោលថា “នៅពេលស្រ្តីនិយាយជាសាធារណៈពីបញ្ហារដូវ គឺនៅតែមានអ្នកមើលមុខគាត់ និងខ្ពើមពេលលឺថាឈាមរដូវ (បើឈាមធម្មតាមិនអីទេ) បានន័យថាគាត់មិនមានផាសុកភាពនៃអារម្មណ៍ក្នុងការនិយាយពីរឿងនេះទេ។ ស្រ្តីខ្លះទៀតនៅពេលទៅទិញសំឡីអនាម័យ ពួកគាត់ត្រូវរកប្រដាប់ប្រដាខ្ទប់រុំឱ្យជិត ព្រោះគាត់គិតថាសំឡីអនាម័យមិនគួរបង្ហាញជាសាធារណៈទេ អ៊ីចឹងសូម្បីតែសំឡីអនាម័យរុំឱ្យជិតប៉ុណ្ណឹងហើយ ចុះទម្រាំឈាមរដូវ”។
កញ្ញាយល់ថា ការជជែកពីបញ្ហារដូវគឺជារឿងសំខាន់ ព្រោះទាក់ទងនឹងបញ្ហាសុខភាពនិងការលូតលាស់របស់ស្រ្តី។ ហេតុដូចច្នេះហើយ ការបើកចិត្តឱ្យទូលាយស្វែងយល់បន្ថែមពីបញ្ហារដូវ គឺជាការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ហើយការចូលរួមសកម្មភាព និងរួមគ្នាផ្សព្វផ្សាយបន្តទៅអ្នកដទៃគឺជាវិធីសាស្រ្តមួយដែលបង្កើតឱ្យមានទីសុវត្ថិភាពក្នុងការនិយាយពីបញ្ហារដូវដោយបើកចំហរបស់ស្រ្តី។
ដោយឡែកកញ្ញា នៅ លីហ៊ាង រស់នៅរាជធានីភ្នំពេញដែរនិយាយថា ក្នុងពិភពរបស់មនុស្សស្រី បុរសមួយចំនួនមិនសូវចង់ដឹងពីបញ្ហារដូវទេ ព្រោះពួកគេគិតថាវាជាបញ្ហារបស់ស្រ្តី។ ជាងនេះទៀត ផលវិបាកមួយចំនួននៅពេលប្រជាពលរដ្ឋ ជាពិសេសបុរសៗមិនសូវបើកទូលាយពីបញ្ហារដូវ ធ្វើឱ្យស្រ្តីខ្លួនឯងមិនបានទទួលការយល់ទុកធុរៈរបស់ខ្លួនក្នុងកំឡុងពេលមករដូវ ដូចជាការឈឺពោះ និងផ្នែកខ្លះនៃរាងកាយជាដើម ។ កញ្ញា នៅ លីហ៊ាង ៖«កតា្តសំខាន់គឺ សុខភាពបន្តពូជ ព្រោះការមករដូវពាក់ព័ន្ធទៅនឹងការបង្កកំណើត ប្រសិនបើបុរសមិនដឹងពីបញ្ហានេះ វានាំឱ្យមានផលវិបាកដល់ការរៀបចំផែនការគ្រួសារ និងការពន្យារកំណើតហើយថែមទាំងទម្លាក់បន្ទុកទាំងនោះទៅលើស្រ្តីជាអ្នករៀបចំ និងគិតតែម្នាក់ឯង»។
លើសពីនេះទៀត កត្តារារាំងមិនអាចឱ្យស្រ្តីនិយាយបើកចំហលើបញ្ហាមករដូវ នោះធ្វើឱ្យស្រ្តីតែងជួបបញ្ហាអនាម័យផ្ទាល់ខ្លួនផងដែរ។ កញ្ញា នៅ លីហ៊ាង បានបន្ថែមថា ៖«នៅពេលដែលស្រ្តីជួបបញ្ហាផ្សេងៗដូចជា រដូវមកមិនទៀងទាត់ និងពណ៌ឈាមរដូវប្រែប្រួល ហើយគាត់មិនហ៊ានទៅទទួលសេវាពិនិត្យ និងពិគ្រោះយោបល់ ដោយសារគាត់ខ្មាសអៀន ពេលដែលនិយាយពីបញ្ហាផ្ទាល់ទៅប្រាប់អ្នកដទៃ នោះធ្វើឱ្យប៉ះពាល់សុខភាព និងអនាម័យរបស់គាត់យ៉ាងខ្លាំង»។
មួយទៀតនោះកង្វះការណែនាំពីសមាជិកគ្រួសារ ក៏ធ្វើឱ្យក្មេងស្រីទទួលរងការគិតអវិជ្ជមានពីការមករដូវ និងខ្វះខាតចំណេះដឹងពីការថែទាំអនាម័យ ព្រោះក្មេងស្រីមានអារម្មណ៍ខ្មាសអៀនដោយសារតែមិនមានអ្នកជួយណែនាំ និងអ្នកដែលអាចពិភាក្សាជាមួយ ហើយវាជាកត្តាធ្វើឱ្យក្មេងស្រីគិតថាខ្មាសអៀន ពេលនិយាយពីរដូវ។នេះជាការបន្ថែមរបស់កញ្ញា នៅ លីហ៊ាង។
ដើម្បីឱ្យការជជែកលើបញ្ហារដូវមានភាពទូលាយ កញ្ញា នៅ លីហ៊ាង មានយល់ថា ការកិច្ចសហការរវាងស្ថាប័នអប់រំ និងស្ថាប័នសុខាភិបាល ពិតជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត ការចែករំលែកចំណេះដឹង ជុំវិញបញ្ហារដូវ ព្រោះរដូវជាផ្នែកមួយនៃសុខភាពផ្លូវភេទនិងបន្តពូជ។ កញ្ញាយល់ថា កិច្ចសហការនេះ គួរតែមានការរៀបចំផែនការ យន្តការ និងវិធីសាស្រ្តក្នុងការបញ្ចៀបដល់ក្រុមគោលដៅ ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គម ការបង្រៀនក្នុងថ្នាក់ និងវិធីផ្សេងៗទៀត ដែលការបញ្ចៀបនោះទាក់ទងទៅនឹងមេរៀនសុខភាពផ្លូវភេទ និងបន្តពូជ បញ្ហារដូវ និងសុខភាពស្រ្តីជាដើម។
ដោយឡែកកញ្ញា កាយ សុវីនតា រស់នៅរាជធានីភ្នំពេញដែរនោះ យល់ថាការនិយាយពីបញ្ហារដូវនាពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ មានកម្រិតត្បិតកញ្ញាយល់ថា មកពីមានកត្តារារាំងមួយចំនួនដូចជា ចំណេះដឹង វ័យ គម្រូភាព ការជម្រុញទឹកចិត្ត និងផ្នត់គំនិតសង្គមដែលនៅតែយល់ថា រឿងបែបនេះមិនគួរនិយាយដោយបើកចំហ។ តែយ៉ាងណា កញ្ញា កាយ សុវីនតា ហាក់មានសុទិដ្ឋិនិយមថា ការជជែកលើបញ្ហារដូវនៅសង្គមសព្វថ្ងៃ មានភាពបើកទូលាយជាងមុនបន្តិច ព្រោះការផ្សព្វផ្សាយបញ្ហារដូវនេះលើបណ្តាញសង្គមមានភាពទូលំទូលាយច្រើនគួរសម។កញ្ញា កាយ សុវីនតា ៖«កម្រិតនៃភាពខ្មាសអៀននៅពេលនិយាយពីបញ្ហារដូវ គឺអាស្រ័យទៅអាយុ ចំណេះដឹង និងវ័យរបស់ស្រ្តី។ ប្រធានបទនេះមិនសូវមានគេលើកមកនិយាយជាមួយគ្នានៅទីសាធារណៈ ព្រោះគិតថាជាបញ្ហាផ្ទាល់ខ្លួន ហើយភាគច្រើននិយាយបានតែជាមួយក្រុមស្រ្តីៗដូចគ្នា និងអ្នកដែលយើងទុកចិត្ត។»
សម្រាប់កញ្ញា សុវីនតា ឧបសគ្គមួយទៀតដែលជាកត្តារារាំងការជជែកពីបញ្ហារដូវគឺស្រ្តីៗខ្វះការគាំទ្រនិងមិនសូវមានទីតាំងដើម្បីបញ្ចេញរឿងរ៉ាវឬបញ្ហារបស់ខ្លួនដល់អ្នកដទៃបានយល់ ពិសេសបុរសៗហាក់មិនសូវយល់និងយកចិត្តទុកដាក់រឿងនេះប៉ុន្មាននោះទេ។កញ្ញា កាយ សុវីនតា ៖«បើបុរសៗ និងសមាជិកគ្រួសារ ជាពិសេសសមាជិកបុរសមិនយល់ មិនចង់ស្តាប់ពីបញ្ហារដូវ ធ្វើឱ្យស្រ្តីៗនឹងរងប៉ះផលពាល់មួយចំនួនដូចជាស្រ្តីមិនអាចនិយាយបញ្ហារដូវដោយបើកចំហ គ្មានអ្នកពិភាក្សាពីបញ្ហានានា។ កង្វះព័ត៌មាន មិនមានអ្នកលើកទឹកចិត្តក្នុងការនិយាយ មិនមានការពិភាក្សាជាដើម ដែលកត្តាទាំងនេះបានជម្រុញឱ្យស្រ្តីមានអារម្មណ៍ថាខ្មាសអៀន មិនចង់និយាយ ដោយសារមិនមានទម្លាប់និយាយ រាងអៀនៗ និងគិតថាមិនគួរនិយាយ។»។
កញ្ញា កាយ សុវីនតា បានបន្ថែមទៀតថា៖«បើក្រឡេកទៅលើផ្នែកគោលនយោបាយវិញ បើសិនជាមិនមានស្រ្តីលើកឡើងនិងចែករំលែកពីបញ្ហារដូវដែលខ្លួនជួបប្រទះទេ នោះមិនមានទិន្នន័យសម្រាប់ធ្វើការស្រាវជ្រាវ ឬរបកគំហើញនៅក្នុងវិស័យនោះ ដោយសារតែមិនមានអ្នកនិយាយ និងមិនមាននរណាដឹងថាស្រ្តីជួបប្រទះនឹងបញ្ហាអ្វីខ្លះ»។
តាមយោបល់របស់កញ្ញា កាយ សុវីនតា ដើម្បីជម្រុញឱ្យស្រ្តីហ៊ានជជែកដោយបើកចំហពីបញ្ហារដូវ គឺត្រូវចាប់ផ្តើមបង្រៀនផ្តោតលើក្មេងស្រីដែលជិតពេញវ័យ ឬចាប់ផ្តើមមានរដូវ នៅតាមសាលារៀន និងបញ្ចូលកម្មវិធីសិក្សាទាក់ទងនឹងសុខភាពស្រ្តី។កញ្ញា កាយ សុវីនតា៖«ចំណុចសំខាន់មួយទៀតនោះ គឺយើងទាំងអស់គ្នាអាចចូលរួមអនុញ្ញាតនិងធ្វើឱ្យការពិភាក្សាជុំវិញបញ្ហាមករដូវរបស់ស្រ្តី ក្លាយជាការពិភាក្សាធម្មតាជាជាងធ្វើវាឱ្យក្លាយជាការមាក់ងាយដែលបន្តប្រពៃណីនៃការជៀសវាងការនិយាយអំពីវា»។
លោក សន ចាន់ដារ៉ា រស់នៅរាជធានីភ្នំពេញដូចគ្នា យល់ថា ស្រ្តីមានកម្រិតនៃភាពខ្មាសអៀនខុសៗគ្នានៅពេលនិយាយពីបញ្ហារដូវ។ សម្រាប់លោកគឺចែកចេញជាពីរផ្នែកទៅតាមវ័យរបស់ស្រ្តី។ ផ្នែកទីមួយគឺស្រ្តីដែលចាប់ផ្តើមមានរដូវរហូតដល់ពេលមុនមានគូស្រករដែលស្រ្តីមានភាពខ្មាសអៀនច្រើន និងផ្នែកទីពីរជាស្រ្តីដែលមានគ្រួសាររួចហើយ ដែលពួកគេហ៊ាននិយាយច្រើនជាងស្រ្តីដែលមិនទាន់មានគូស្រករ។
លោក សន ចាន់ដារ៉ា ៖«លក្ខណៈប្រពៃណីរបស់សង្គមខ្មែរយើង ទាក់ទងទៅនឹងការនិយាយប្រាប់ ការចង់ដឹងទៅលើការមករដូវរបស់ស្រ្តីគឺមានហេតុផលច្រើន មិនត្រឹមតែជាការខ្មាសអៀនទេ តែទាក់ទងនឹងសីលធម៌របស់មនុស្សប្រុស។ នៅក្នុងសង្គម បុរសមិនត្រូវដឹងរឿង ឬនិយាយរឿងកេរ្តិ៍ខ្មាសរបស់ស្រ្តីទេ (ការមករដូវក៏អាចចាត់ទុកជាកេរ្តិ៍ខ្មាស ឬភាពអាថ៍កំបាំងរបស់ស្រ្តី) រីឯយុវជនវិញមិនថាបុរស ឬស្ត្រី បើនិយាយពីរឿងនេះ ( ការមករដូវ ឬប្រដាប់ភេទ) នឹងមិនមានការគាំទ្រ និងអប់រំមិនឱ្យនិយាយ ព្រោះវាជាកេរ្តិ៍ខ្មាស ឬជាកិត្តិយសរបស់មនុស្ស»។
ប្រជាពលរដ្ឋដែលត្រូវបានជួបសម្ភាសន៍បានលើកជាសំណូមពរប្រហាក់ប្រហែលគ្នាថា ដើម្បីឱ្យការយល់ដឹងពីបញ្ហារដូវរបស់ស្រ្តីកាន់តែមានភាពទូលំទូលាយជាងមុន ការចូលរួមរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលពិតជាដើរតួយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងផ្នែកសុខភាពដល់ប្រជាជន។ ក្រសួងអប់រំ គួរតែដាក់បញ្ចូលមេរៀនទាក់ទងនឹងសុខភាពស្រ្តី បញ្ហារដូវ ឱ្យបានស៊ីជម្រៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់អនុវិទ្យាស័យឡើងទៅ ក្នុងការបញ្ច្រៀប និងបណ្តុះការយល់ដឹងពីបញ្ហានោះ។ ចំណែកក្រសួងសុខាភិបាល គួរតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់សហគមន៍ ដោយមានការធ្វើយុទ្ធនាការ ឬវីឌីអូផ្សព្វផ្សាយពីបញ្ហាសុខភាពស្រ្តី និងរដូវ ដើម្បីបង្កើនការយល់ដឹង និងចាប់ផ្តើមប្រាស់ប្តូរផ្នត់គំនិតទៅលើបញ្ហារដូវ៕
អត្ថបទខ្លីសរសេរដោយ ឡាក់ ស៊ីវចេង សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយពីInterNews។