en     km
en     km

សង្គមស៊ីវិលជម្រុញឱ្យរដ្ឋាភិបាលកែលម្អស្ថានភាពសិទ្ធិមនុស្សជាជាងជម្រុញឱ្យកម្មករវាយបកលើក្រុមប្រឆាំង

Share

សម្តេច ហ៊ុន សែន បានថ្លែងប្រាប់កម្មករ-កម្មការនីទាំងអស់ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំង ដែលទៅប្រាប់បរទេសកុំឱ្យមកវិនិយោគនៅកម្ពុជា និងកុំឱ្យទិញទំនិញពីកម្ពុជា។ ក៏ប៉ុន្តែសង្គមស៊ីវិល និងអ្នកវិភាគ អះអាងថា ដើម្បីកុំឱ្យការរិះគន់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសបណ្តាលឱ្យសហភាពអ៊ឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជានោះ រដ្ឋាភិបាលគួរសម្រួលនឹងកែលម្អចំណុចមួយចំនួន ដូចជាប្រជាធិបតេយ្យ សេរីភាពសិទ្ធិមនុស្ស និងសិទ្ធិបោះឆ្នោតជាដើម។ លោក គីម ចាន់ចាវ រាយការណ៍

 

សម្តេច ហ៊ុន សែន ដែលអះអាងថាក្នុងនាមជាប្រមុខរដ្ឋាភិបាលបានអំពាវឱ្យបរទេសមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់នោះ បានប្រាប់កម្មករ-កម្មការិនី ឱ្យហ៊ានចង្អុលមុខក្រុមប្រឆាំងណា ដែលរារាំងបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា មិនផ្តល់ជំនួយ មិនទិញ និងដាក់ទណ្ឌកម្មលើកម្ពុជា។ សម្តេចហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសជួបជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ មិថុនានេះ។

«ហើយក្មួយៗកម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេសកុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗចង្អុលមុខថា ពួកឯងហ្នឹងហើយ បំផ្លាញ អាញ់ៗ គ្មានអ្នកណាផ្សេងក្រៅពីហ្នឹងទេ»។

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនៅក្រៅប្រទេស ដែលមានទោសទណ្ឌជាច្រើនពីតុលាការនៅកម្ពុជា តែងជួបជាមួយមន្ត្រីសភាសហភាពអឺរ៉ុបឱ្យពិនិត្យស្ថានភាពផ្ទាល់នៅកម្ពុជា។ លោកតែងជម្រុញឱ្យ សភាសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដោយសារតែលោកយល់ថា មានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ រួមនឹងបញ្ហាមួយចំនួនទៀតពាក់ព័ន្ធនយោបាយ ជាពិសេសករណីដែលក្រុមប្រឆាំងរបស់លោក មិនអាចធ្វើនយោបាយនៅកម្ពុជាផងដែរ។ ការណ៍ដែលមេបក្សប្រឆាំងនៅក្រៅប្រទេសជម្រុញឱ្យបរទេសពិសេស ប្រទេសលោកសេរីដាក់សម្ពាធលើកម្ពុជានេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាការកៀរគររកការគាំទ្រពីឆាកអន្តរជាតិ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលជានយោបាយប្រឆាំង។

លោក រស់ សុដ្ឋា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស ហៅកាត់ថា CHRAC បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៨ ខែមិថុនានេះថា ដើម្បីក្រុមប្រឆាំងនៅក្រៅប្រទេស បញ្ឈប់ការរិះគន់ឈានដល់ឱ្យសហភាពអ៊ឺរ៉ុបដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាៗ គួរសម្រួលនឹងកែលម្អចំណុចមួយចំនួន ដូចជាប្រជាធិបតេយ្យ សេរីភាពសិទ្ធិមនុស្ស និងសិទ្ធិបោះឆ្នោតជាដើម ត្បិតបញ្ហាខ្វះចន្លោះនេះ បើគណបក្សប្រឆាំងមិនលើកឡើង ក៏ប្រជាជន ឬអង្គការសង្គមស៊ីវិលលើកឡើងដែរ។

«ការណ៍ដែលនែសាចទឹកបែបចឹងពីគណបក្សប្រឆាំងមានតែយើងខាងក្នុង យើងលុបបំបាត់ទៅ ដើម្បីកុំឱ្យមានហេតុផលណាមួយដែលគណបក្សប្រឆាំងគេយកមកនិយាយបាន។ បាទ បញ្ហាសិទ្ធិមនុស្សត្រូវមើលកន្លែងណាល្អហើយ កន្លែងណាដែលខ្វះខាត អញ្ចឹងហា៎នែ…ហើយខាងមុខនេះមានការបោះឆ្នោត ហើយកៀកការបោះឆ្នោតត្រូវធានាជាថ្នាកកម្រិតជាតិ ថ្នាក់កម្រិតអន្តរជាតិហ្នឹងពិតជាសេរីនិងយុត្តិធម៌ហា៎ណា។ កុំឱ្យគេចាប់បានចំណុចខ្វះខាត ទាំងចេតនាក្ដីមិនចេតនាក្ដីច្រើនពេក តែច្រើនពេកវាប៉ះពាល់ហើយ។ ទោះបីគណបក្សប្រឆាំងមិនស្រែក ក៏វា វាអាចថាផ្នែកផ្សេងទៀត ផ្នែកប្រជាជន សង្គមស៊ីវិល ផ្នែកខាងសិទ្ធិពាក់ព័ន្ធក៏គេអាចស្រែកដែរ»។

សហភាពអ៊ឺរ៉ុប កាលពីឆ្នាំ២០២០ បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)២០% ពីកម្ពុជា។ ប៉ុន្តែថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបាត់ប្រព័ន្ធអនុគ្រោះពន្ធ(EBA)អស់២០% មិនជាបញ្ហាអ្វីឡើយ ហើយកម្ពុជាក៏នឹងតៀមចិត្តក្នុងការបាត់បង់ប្រព័ន្ធអនុគ្រោះនេះទាំងស្រុងដែរ។ ត្បិតសម្តេចយល់ថា EBA គង់តែបាត់១០០ភាគរយ ក្នុងពេលខាងមុខ អាចនៅឆ្នាំ២០២៦ ឬ២០២៧ នៅពេលដែលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ ក៏ប៉ុន្តែលោក ឯម សុវណ្ណរ៉ា អ្នកវិភាគនយោបាយ អះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ(EBA) សម្រាប់កម្ពុជាគឺជាអត្ថប្រយោជន៍ដ៏ធំមួយមិនគួរឱ្យបាត់បង់ឡើយ ត្បិតប្រព័ន្ធអនុគ្រោះពន្ធនេះបើទទួលបាន១០០% គិតមួយឆ្នាំៗ កម្ពុជាទទួលបានលើសពី១ពាន់លានដុល្លារ។ អ្នកវិភាគរូបនេះបញ្ជាក់ថា បើកម្ពុជាបន្តបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត គឺនឹងពិបាកក្នុងការទាក់ទាញវិនិយោគគិនពីបរទេស ខណៈដែលការចំណាយក្នុងការផលិតនៅកម្ពុជាមានតម្លៃថ្លៃជាង បើធៀបនឹងប្រទេសជិតខាង។

«ជាការពិតហើយបើយើងអត់មានEBAហ្នឹងទេយើងមានអីទាក់ទាញគេ ហើយយើងមានស្អីជាកត្ដា គេហៅថាលើសពីប្រទេសជិតខាង ព្រោះអ្នកវិនិយោគិនបរទេស គេចង់បានអត្ថប្រយោជន៍នៃផលចំណេញ ក្នុងការវិនិយោគនៅទីតាំងណាមួយ នៅតំបន់ណាមួយ ប្រទេសណាមួយ។ ហើយប្រទេសទាំងអស់ដែលបានការអនុគ្រោះពន្ធEBAហ្នឹងវា៤៩ប្រទេស អញ្ចឹងបើសិនជាកម្ពុជាយើងបាត់ មិនមែនមានន័យថាអ៊ឺរ៉ុបហ្នឹងអត់ខោអាវស្លៀកទេ យើងកុំយល់ច្រឡំ គេនៅ៤៧ប្រទេសទៀត ថ្វីត្បិតតែកកម្ពុជាហើយនឹងភូមាហ្នឹង បាត់បង់ឱកាសក៏នៅប្រទេស៤៧គេនៅមានឱកាស»។
លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ។

ក្នុងជំនួបជាមួយកម្មករកម្មការិនីនៅព្រឹកនេះ សម្តេច ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងស្រុកខ្មែរ ខុសពីក្រុមប្រឆាំងនៅប្រទេសគេ។ ក្រុមប្រឆាំងប្រទេសដទៃមិនរារាំងបរទេសមកវិនិយោគនៅកម្ពុជា, មិនរារាំងបរទេសមិនផ្តល់ជំនួយ, មិនទិញទំនិញ ឬដាក់ទណ្ឌកម្មលើប្រទេសគេនោះឡើយ។

លោក រស់ សុដ្ឋា យល់ថា ដោយសារតែកម្ពុជា មានការឈ្លោះប្រកែកបែកបាក់ជាតិជាច្រើនឆ្នាំ ដូច្នេះមេដឹកនាំ និងអ្នកនយោបាយ ដែលគិតគូប្រយោជន៍ជាតិគួរដាក់គោលការណ៍ផ្សះផ្សាជាតិឱ្យបានជាប្រចាំ។

«ដាក់គោលការផ្សះផ្សាជាតិនៅក្នុងចិត្តឱ្យបានជាប្រចាំ ជារឿយៗគឺថាយើង នឹងអាចបញ្ចៀសបាននូវការរង្គាលចិត្ត ឬក៏ការទាស់ចិត្តគ្នាទៅវិញទៅមកហា៎។ ខ្លាចផ្លូវនយោបាយហ្នឹង អាចរកចំណុចកណ្ដាលឃើញ បើយើង…(មិន)ដាក់ចិត្តមកអញ្ចឹងទេ យើងរកចំណុចកណ្ដាលអត់ឃើញទេ ហើយយើងចេះតែចោទដាក់គ្នាទៅវិញទៅមកហើយណា៎។ ចឹងទៅកន្លែងចោទខ្លះយើងក៏ត្រូវ កន្លែងខ្លះយើងក៏ខុស ហើយគណបក្សប្រឆាំងកន្លែងខ្លះត្រូវកន្លែងខ្លះខុសចឹងហា៎ អូនណា៎ ហ្នឹងហើយ»។

 

លោក ឯម សុវណ្ណរ៉ា លើកទឹកចិត្តឱ្យរដ្ឋាភិបាល គួរតែពិភាក្សាជាមួយបណ្ដាទូតអ៊ឺរ៉ុបនៅកម្ពុជា អំពីលក្ខខណ្ឌ(EBA)បើកម្ពុជាធ្វើបានល្អ ប៉ុន្តែបើនៅខ្វះខាតគួរសិក្សាដើម្បីឆ្លើយតបដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ ត្បិតលោកបានលើកទឡ្ហីករណ៍ថា លក្ខខណ្ឌលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ មិនបានធ្វើឱ្យកម្ពុជាបាត់បង់ឯករាជ្យ ឬអធិបតេយ្យជាតិឡើយ ៕

 

Share

ព័ត៌មានទាក់ទង

Image