en     km
en     km

អ្នកវិភាគ​ និង​អ្នក​បរិស្ថាន​ថា​ ការ​អភិវឌ្ឍ​គឺ​ដើម្បី​ប្រជាពលរដ្ឋ​

Share

cover-Hydropowerpng
អ្នកវិភាគ​ និង​អ្នក​បរិស្ថាន​ថា​ ប្រសាសន៍​សម្តេច​ ហ៊ុន​ សែន​ គំរាម​ផ្ដាច់​ភ្លើង​អ្នក​រារាំង​គម្រោង​វា​រី​អគ្គិសនី​ គឺជា​ការ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​។​

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ កែម​ ឡី​ បាន​លើក​ឡើង​ថា​ ការ​ដែល​សម្ដេច​ ហ៊ុន​សែន​ លើក​ឡើង​បែប​នេះ​ ជា​ការ​រំលោភសិទ្ធិ​ប្រជាពលរដ្ឋ​ ព្រោះថា​ ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​រាល់​ការ​អភិ​វិ​ឌ្ឍ​ទាំងឡាយ​ណា​ ដែល​មិន​មាន​ផល​ប៉ះពាល់​ទៅ​លើ​ពួក​គាត់​ហើយ​រដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ គ្រាន់តែ​ជា​អ្នក​ធ្វើ​តាម​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​ មិនមែន​ធ្វើការ​សម្រេច​តែ​លើ​ខ្លួនឯង​ ដោយ​មិន​មាន​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​​ប្រជាជន​បែប​នេះ​ឡើយ​។​

លោក​ កែម​ ឡី​ បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ គឺជា​អ្នក​ដែល​ប​ប្រើ​ផលប្រយោជន៍​ជូន​​ប្រជាពលរដ្ឋ​ ហើយ​ការ​សាងសង​ទំនប់​វា​រី​អគ្គិសនី​ប៉ុន្មាន​ក៏​ជា​ការ​ល្អ​ប្រសើរ​ដែរ​ ឱ្យ​តែ​មិន​មាន​ផល​ប៉ះពាល​ដល់​ពលរដ្ឋ​៖​ «​ការ​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ន៏​លើ​មូលដ្ឋាន​អី​មួយ​ត្រូវ​ ផ្តល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ មិន​សំដៅលើ​រដ្ឋាភិបាល​មួយ​ទេ​។​

ចំណែក​នាយក​ប្រតិបត្តិ​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ យល់​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ ប្រឆាំង​នឹង​គម្រោង​នៃ​ការ​សាង​សងវា​រី​អគ្គិសនី​កន្លង​មក​ ព្រោះ​ពួក​គេ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ និង​ទីជម្រក​សត្វ​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បន្ត​ថា​ អ្នក​ដែល​ហ៊ាន​រិះគន់​ក្នុង​ការ​ស្ថាបនា​ វា​ជា​ការ​ល្អ​ប្រសើរ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ពិចារណា​អី្វ​មួយ​ មុន​នឹង​សម្រេច​ធ្វើការ​អភិវឌ្ឍ​។​ លោក​បន្ត​ថា​  បើ​ការ​រិះគន់​នោះ​មិន​សម​ស្រប​ អ្នកដឹកនាំ​មិន​គួរ​ខឹងសម្បា​អ្នក​រិះគន់​នោះ​ឡើយ​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បញ្ជាក់​ទៀត​ថា​ ការ​អភិវឌ្ឍ​ដែល​ប្រកបដោយ​និរន្តរភាព​ លុះត្រា​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ មានទឹក​ ភ្លើង​ ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ រស់នៅ​សមរម្យ​ក្នុង​សង្គម​ និង​ការ​ការពារ​បរិស្ថាន​ឱ្យ​បាន​ល្អ​ ទើប​ធ្វើ​ឱ្យ​សង្គម​មានការ​រីក​ចម្រើន​បាន​ទៅ​មុខ​។​

លោក​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​នៃ​ប្រទេស​របស់​ខ្លួន​ ហើយ​ជា​អ្នក​ដែល​បង់​ព​ន្ឋ​ជូន​រដ្ឋ​សម្រាប់​យក​ទៅ​ប្រតិបត្តិ​ការងារ​គ្រប់​វិស័យ​ ចំណែក​ខាង​រដ្ឋ​វិញ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ ឱ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​៖​ «​រដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្តល់​សេវា​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ ដូច​ជា​សេវា​ទឹក​ សេវា​ភ្លើង​ សេវា​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ ធារាសាស្ត្រ​ និង​សេវា​ផ្សេងៗ​ទៀត​ ដើម្បី​គាំទ្រ​ទាក់ទង​នូវ​លក្ខណ​ប្រជាពលរដ្ឋ​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ហ្នឹង​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។​

សូម​ជម្រាប​ថា​ ការ​លើក​ឡើង​របស់​អ្នកវិភាគ​ និង​អ្នក​បរិស្ថាន​នេះ​ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​សម្តេច​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​ នៅ​ខេត្តកោះកុង​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ថា​អ្នក​បរិស្ថាន​ជ្រុលនិយម​ដែល​តែង​ប្រឆាំង​រាល់ពេល​មាន​គម្រោង​សាងសង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​ អ្នក​ទាំងនោះ​ត្រូវ​ផ្តាច់​ភ្លើង​មិន​ឱ្យ​ប្រើប្រាស់​ ដោយ​ផលិត​ចន្លុះ​ឱ្យ​ប្រើ​ជំនួស​វិញ​៕​

Share

Image
Image
Image