អ្នកវិភាគ និងអ្នកបរិស្ថានថា ប្រសាសន៍សម្តេច ហ៊ុន សែន គំរាមផ្ដាច់ភ្លើងអ្នករារាំងគម្រោងវារីអគ្គិសនី គឺជាការរំលោភសិទ្ធិប្រជាពលរដ្ឋ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក កែម ឡី បានលើកឡើងថា ការដែលសម្ដេច ហ៊ុនសែន លើកឡើងបែបនេះ ជាការរំលោភសិទ្ធិប្រជាពលរដ្ឋ ព្រោះថា ប្រជាពលរដ្ឋជាអ្នកសម្រេចរាល់ការអភិវិឌ្ឍទាំងឡាយណា ដែលមិនមានផលប៉ះពាល់ទៅលើពួកគាត់ហើយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គ្រាន់តែជាអ្នកធ្វើតាមការសម្រេចចិត្តរបស់ពលរដ្ឋតែប៉ុណ្ណោះ មិនមែនធ្វើការសម្រេចតែលើខ្លួនឯង ដោយមិនមានសិក្សាពីផលប៉ះពាល់ដល់ប្រជាជនបែបនេះឡើយ។
លោក កែម ឡី បន្ថែមទៀតថា រដ្ឋាភិបាល គឺជាអ្នកដែលបប្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយការសាងសងទំនប់វារីអគ្គិសនីប៉ុន្មានក៏ជាការល្អប្រសើរដែរ ឱ្យតែមិនមានផលប៉ះពាលដល់ពលរដ្ឋ៖ «ការចូលរួមធ្វើការអភិវឌ្ឍន៏លើមូលដ្ឋានអីមួយត្រូវ ផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ មិនសំដៅលើរដ្ឋាភិបាលមួយទេ។
ចំណែកនាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល លោក តឹក វណ្ណារ៉ា យល់ថា ប្រជាពលរដ្ឋមួយចំនួន ប្រឆាំងនឹងគម្រោងនៃការសាងសងវារីអគ្គិសនីកន្លងមក ព្រោះពួកគេព្រួយបារម្ភពីផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ និងទីជម្រកសត្វ។
លោក តឹក វណ្ណារ៉ា បន្តថា អ្នកដែលហ៊ានរិះគន់ក្នុងការស្ថាបនា វាជាការល្អប្រសើរមួយសម្រាប់រដ្ឋាភិបាលក្នុងការពិចារណាអី្វមួយ មុននឹងសម្រេចធ្វើការអភិវឌ្ឍ។ លោកបន្តថា បើការរិះគន់នោះមិនសមស្រប អ្នកដឹកនាំមិនគួរខឹងសម្បាអ្នករិះគន់នោះឡើយ។
លោក តឹក វណ្ណារ៉ា បញ្ជាក់ទៀតថា ការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព លុះត្រាមានការអភិវឌ្ឍសេដ្ឋកិច្ច មានទឹក ភ្លើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ រស់នៅសមរម្យក្នុងសង្គម និងការការពារបរិស្ថានឱ្យបានល្អ ទើបធ្វើឱ្យសង្គមមានការរីកចម្រើនបានទៅមុខ។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋគឺជាម្ចាស់នៃប្រទេសរបស់ខ្លួន ហើយជាអ្នកដែលបង់ពន្ឋជូនរដ្ឋសម្រាប់យកទៅប្រតិបត្តិការងារគ្រប់វិស័យ ចំណែកខាងរដ្ឋវិញត្រូវផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរថែមទៀតជូនប្រជាពលរដ្ឋ៖ «រដ្ឋត្រូវមានកាតព្វកិច្ចក្នុងការផ្តល់សេវាទៅដល់ប្រជាពលរដ្ឋខ្លួនឱ្យកាន់តែប្រសើរ ដូចជាសេវាទឹក សេវាភ្លើង សេវាហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងសេវាផ្សេងៗទៀត ដើម្បីគាំទ្រទាក់ទងនូវលក្ខណប្រជាពលរដ្ឋនៃការរស់នៅរបស់ប្រជាជនកម្ពុជាហ្នឹងឱ្យមានភាពប្រសើរឡើង។
សូមជម្រាបថា ការលើកឡើងរបស់អ្នកវិភាគ និងអ្នកបរិស្ថាននេះ គឺធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រវារីអគ្គិសនីស្ទឹងតាតៃ នៅខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ថាអ្នកបរិស្ថានជ្រុលនិយមដែលតែងប្រឆាំងរាល់ពេលមានគម្រោងសាងសងទំនប់វារីអគ្គិសនីទាំងអស់ អ្នកទាំងនោះត្រូវផ្តាច់ភ្លើងមិនឱ្យប្រើប្រាស់ ដោយផលិតចន្លុះឱ្យប្រើជំនួសវិញ៕