en     km
en     km

ពលរដ្ឋមួយចំនួនគ្រោងចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមតែត្អូញត្អែរការទទួលសំបុត្រចូលទស្សនា

Share

ភ្នំពេញ៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ឧសភា ស្អែកនេះ។ ប៉ុន្តែខុសត្រង់ថា អត្តពលិកដែលចូលរួមប្រកួតគឺជាជនមានពិការភាព។ ងាកមកចំណាប់អារម្មណ៍ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួនដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍វិញ ពួកគេសប្បាយនឹងរីករាយសាទរចង់ចូលរួមផ្ទាល់នូវព្រឹត្តិការណ៍ធំៗបែបនេះ។ ប៉ុន្តែអ្វីជាក្តីកង្វល់នោះត្រង់ថា ការទៅទទួលយកសំបុត្រចូលរួមទស្សនាហាក់ពុំមែនជារឿងងាយស្រួយនោះទេ ពោលគឺបានចូលរួមតែពីចម្ងាយនោះមានន័យថា បានមើលតែតាមទូរទស្សន៍ឬទូរស័ព្ទតែប៉ុណ្ណោះ។

តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបចំដោយលោក ហុង សេរីហ្វូង ដូចតទៅ!

សំឡេងVoxpop៖«បើមានឱកាសនឹងចូលរួម ចង់ចូលរួម អត់បានលើកទីមួយលើកទីពីរហ្នឹងនឹងអាចចូលរួម។ និយាយទៅខ្ញុំរវល់ និយាយទៅខ្ញុំអត់មានពេលសម្រាប់ទៅមើលម៉ង បើឆ្លៀតបានខ្ញុំអាហ្នឹងខ្ញុំទៅមើល។ អត់បានផង ដោយសារតែរវល់។»

នេះគឺជាការលើកឡើងរបស់ពលរដ្ឋមួយចំនួនជុំវិញចំណាប់អារម្មណ៍របស់ពួកគេក្នុងការចូលរួមព្រឹត្តិការកីឡាអាស៊ានប៉ារ៉ាហ្គេមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ឧសភា ស្អែកនេះ។ ពួកគេមួយចំនួនមានការព្រួយបារម្ភពីការលំបាកក្នុងការទទួលបានសំបុត្រចូលរួមទស្សនាផងដែរ។

អ្នកស្រី ទៀង សុភៈធីតា បណ្ណារក្សនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ DMC បានឱ្យដឹងថា អ្នកស្រីនឹងចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ ក៏ប៉ុន្តែ អ្នកស្រីបានលើកឡើងពីការព្រួយបារម្ភចំពោះលំបាកក្នុងការទទួលសំបុត្រចូលរួមទស្សនានិងខ្វះព័ត៌មានជុំវិញរបៀបដែលអាចទទួលបានសំបុត្រចូលរួមទស្សនា។ អ្នកស្រី ទៀង សុភៈធីតា៖ «យើងមិនដឹងថាវាម៉េចទេ ព្រោះអីយើងមិនដឹងទីតាំងគេចែក បើដឹងទីតាំងគេចែកនៅណាអ៊ីចឹងវាស្រួល ប៉ុន្តែយើងអត់បានព័ត៌មានច្បាស់ អត់ដឹងយកនៅឯណា កន្លែងណា ទីតាំងឯណាខ្លះចឹង អត់ដឹងគេចែកនៅឯណា ចង់បានសំបុត្រចូលរួម»។

អ្នកស្រី ទៀង សុភៈធីតា បណ្ណារក្សនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ DMC ។

អ្នកស្រី ធីតា សម្តែងការសោកស្តាយដែលមិនបានចូលរួមកម្មវិធីបើកកីឡាស៊ីហ្គេមដោយសារមិនមានសំបុត្រ។ប៉ុន្តែអ្នកស្រីក៏ត្អូញត្អែរពីការលំបាកក្នុងការទទួលបានសំបុត្រផងដែរ។

អ្នកស្រី ធីតា ៖ «អត់បានចូលរួមផង សោកស្ដាយណាស់ ចង់ចូលរួមដែរ ព្រោះអីមិនងាយមានឱកាសមកចឹង ព្រោះអីយើងចាស់ហើយ ព្រោះអីវា ២២ឆ្នាំ បានមកប្រទេសយើងម្ដង ចង់ចូលរួម ប៉ុន្តែមិនបានចូលរួម។ អត់មានសំបុត្រ អត់ដឹងទៅរកសំបុត្រនៅឯណា សុំសំបុត្រគេនៅឯណាចឹង លឺថា free ប៉ុន្តែមិនដឹងនៅឯណាចឹង អត់បានដឹង អត់បានដឹងថាគេចែកនៅកន្លែងណាអីអត់បានទៅយក។អាបិទហ្នឹងវាពិបាករឿងហ្នឹងដែរ អត់បើកឱ្យទូលាយ អត់ដឹងទៅយកនៅឯណាអ៊ីចឹង។ អាបើកដូចរៀងទូលាយជាងទេ អាចសុំរកបាន ដល់ពេលបិទពិបាកណាស់ ពិបាករកសុំ អត់ដឹងសំបុត្រនៅណាយើងរកចូលរួមកម្មវិធីបិទវគ្គហ្នឹង បិទចប់ស៊ីហ្គេមហ្នឹង ពិបាករក អត់ដឹងសួរទាក់ទងអ្នកណា។»។

ប្រមុខរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន បានថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ដោយសម្តេច អំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់គាំទ្រកីឡាជនពិការ ព្រោះវត្តមានចូលរួមរបស់ពលរដ្ឋជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ជនមានពិការភាព។

សម្តេច ហ៊ុន សែន៖«ស៊ីហ្គេមគឺទទួលបានល្អហើយ ធ្វើបានល្អហើយ នៅសល់ប៉ារ៉ាហ្គេមដែលជាកីឡាជនពិការ គឺយើងត្រូវតែធ្វើឱ្យល្អទៀត ហើយការបើកការបិទគឺធ្វើមិនឱ្យចាញ់ស៊ីហ្គេមទេ ទាំងផ្នែកបាញ់កាំជ្រួច។»

សម្តេច ហ៊ុន សែន នាយករដ្ឋកម្ពុជា។

ដើម្បីជាការលើកទឹកចិត្តកីឡាករ កីឡាការិនីមានពិការភាពលោក ថុង វណ្ណយ៉ារ៉ូ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានពិការភាពត្រង់ជើងស្តាំមួយរូបបាននិយាយ លោកនឹងចូលរួមទស្សនាការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ។ យុវជន ថុង វណ្ណយ៉ារ៉ូ យល់ថា កីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ជាពេលវេលាមួយដ៏ល្អសម្រាប់លើកកម្ពស់ដល់ជនដែលមានពិការភាពដែលធ្វើឱ្យអត្តពលិកយល់ថាពួកគេមិនត្រូវបានទុកចោល។ តែយ៉ាងណាលោក យ៉ារ៉ូ ក៏ព្រួយបារម្ភពីការទៅទទួលយកសំបុត្រចូលរួមកម្មវិធីផ្ទាល់ដែរ ព្រោះសំបុត្រមានចំនួនកំណត់។

លោក យ៉ារ៉ូ ៖ «សម្រាប់ខ្ញុំគឺអត់មានផលលំបាកអីទេក្នុងការទៅចូលរួម ព្រោះអីបើតាមអ្វីដែលខ្ញុំបានចូលរួមហ្នឹង គឺខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើយើងស្រឡាញ់ហើយទោះបីយើងលំបាកក៏យើងទៅដល់ដែរ»។

យុវជន យ៉ារ៉ូ បានប្រាប់បន្ថែមថា កាលពីការប្រកួតកីឡាស៊ីហ្គេម លោកបានចូលរួមទស្សនាការប្រកួតអុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានទស្សនាការប្រកួតកីឡាបាល់ទាល់រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិថៃ។

កម្ពុជាទើបបានបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីពេលថ្មីៗនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាក៏ត្រូវបន្តបេសកកម្មមួយទៀតគឺធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមពីថ្ងៃទី០៣ស្អែកនេះដល់ថ្ងៃទី០៩ខែមិថុនា។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា មានកីឡា ១៣ប្រភេទត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលិកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច(E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

កម្ពុជាមានប្រតិភូកីឡាចូលរួមប្រកួតសរុប ៣៤៣នាក់ ក្នុងនោះអត្តពលិក ២៥២នាក់ និងមន្ដ្រីបច្ចេកទេស ៩១នាក់

ជាមួយគ្នានេះកញ្ញា ណែម សួគា៍ និយាយទាំងស្ទាក់ស្ទើរថា កញ្ញាទំនងជាមិនបានទៅចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមទេ ដោយសារតែជាប់រវល់។ ចំពោះការទទួលយកសំបុត្រចូលទស្សនាវិញ កញ្ញាយល់ថា មានការលំផងដែរបាក។ កញ្ញា សួគា៍ បានលើកឡើងថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថារៀងពិបាករឿងសំបុត្រទទួល ដោយសារតែ មិត្តភក្តិខ្ញុំអីនាំគ្នាស្វិតស្វាងទៅយកបួនដប់នាក់ បានតែបីបួនបនាក់»។

លោក ថុង វណ្ណយ៉ារ៉ូ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

 

ទន្ទឹមនឹងការព្រួយបារម្ភពិបាកទទួលបានសបុត្រចូលទស្សនា កញ្ញា ណែម សួគា៍ បានសំណូមពរថា ៖ «អានេះប្រសិនជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេណា ខ្ញុំគិតថា សំបុត្រហ្នឹងយកតាមអនឡាញល្អជាង ដោយសារតែអ្នកនៅផ្ទះក៏អាចយកបាន»។

អ្នកស្រី ទៀង សុភៈធីតា ៖ «ចង់សំណូមពរ មានសំបុត្រនៅកន្លែងណាខ្លះចឹងផ្សាយផ្សព្វផ្សាយចឹងទៅ សារធារណៈទៅ ឱ្យដឹងថាមាននៅកន្លែងណាខ្លះ បងប្អូនអាចទៅយកបានចឹង free ចឹង»។

Share

Image
Image
Image