ភ្នំពេញ៖ នៅថ្ងៃទី១១ និងទី១២ខែឧសភា ឆ្នាំ២០២៣នេះ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានបើកវគ្គបណ្តុះស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)តាមរយៈប្រព័ន្ធZoomទៅដល់សិក្ខាកាមជាជាតិដើមភាគតិច។
វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងផ្សេងៗទាក់ទង វិស័យព័ត៌មានដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានាសព្វថ្ងៃនេះ។មួយវិញទៀត វគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញនិងចែករំលែកបញ្ហានានាដែលកើតមានឡើងលើបណ្តាញសង្គមដល់សិក្ខាកាមដើម្បីជាគន្លឹះដោះស្រាយបញ្ហាទៅថ្ងៃខាងមុខ។ ក្នុងនោះក្រុមគ្រូបង្គោលបានលើកបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ ពិសេសបណ្តាញសង្គម(Facebook,YouTube,Telegram…) ដែលប្រជាពលរដ្ឋកំពុងនិយមប្រើប្រាស់។
មួយទៀតផងដែរ គ្រូបង្គោលបានចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ ដែលជាមេរៀនមួយផ្តល់ពុទ្ធិដ៏សំខាន់ដល់សិក្ខាកាមទាំងអស់ ឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការគិតពិចារណា ស្វែងយល់ពីហេតុផលនៅពីក្រោយនៃការផ្សព្វផ្សាយព័ត៌មាននីមួយៗរបស់ស្ថាប័នសារព័ត៌មានដែលផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។
ដោយឡែកនីថ្ងៃទីពីរជាថ្ងៃបន្ទាប់វិញ ក្រុមគ្រូបង្គោលនៃWMC ធ្វើបទបង្ហាញនូវមេរៀនសំខាន់ៗចំនួនពីរបន្ថែមទៀត ទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។
ការនាំយកមេរៀនមកចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយសារតែ WMC យល់ថា បច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គមជាច្រើន ហើយព័ត៌មានក្លែងក្លាយទាំងនោះបានបង្កឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក បង់ខាតផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហានានានិងបញ្ហាសុខភាពផងដែរ។
ដោយឡែក មេរៀនទាក់ទងនឹងការឆ្លើយតបទៅកាន់ព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលនៃWMC បានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីធ្វើឱ្យសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពនិងដោយប្រើភាពវៃឆ្លាត។ ប្រការនេះអាចបញ្ចៀសបានរាល់ហានិភ័យដែលកើតមានឡើងនៅពេលក្រោយ។
ក្នុងពេលបណ្តុះបណ្តាលនេះទៀតសោត គេសង្កេតឃើញថា សិក្ខាកាមដែលបានចូលរួមមានភាពសកម្មក្នុងការងារជាក្រុម ដោយសិក្ខាកាមបានចូលរួមពិភាក្សា ចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះ។
ក្នុងនោះដែរសិក្ខាកាមបានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងមួយចំនួន ដែលធ្លាប់ត្រូវបានជនខិលខូចធ្លាប់បានឆបោកពួកគេតាមបណ្តាញសង្គមពិសេសតាមរយៈឆាតហ្វេសប៊ុក។ ពួកគេបានលើកយកករណីដែលមានជនខិលខូតឆាតមកល្បួងថា ចង់ផ្ទេរមរតកពាន់លានដុល្លារមកឱ្យពួកគេ។ ករណីនេះពួកគេលើកឡើងថា ពួកគេអ្នកទាំងអស់គ្នាស្ទើរតែជ្រុលខ្លួនផ្តល់លុយកាស(វេលុយ)ដល់ជនឆបោកទាំងនោះទៅហើយ។
ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។
សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពួកគេសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨ លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខាកាមចំនួនចន្លោះពី ៣០-៥០ នាក់ចូលរួម៕