en     km
en     km

មន្រ្តីបក្សភ្លើងទៀនដាក់ឱ្យពលរដ្ឋពិចារណា ខណៈបក្សដែលមានអ្នកគាំទ្រត្រូវផាត់ចេញពីការបោះឆ្នោត

Share

អ្នកនាំពាក្យគណបក្សភ្លើងទៀន មិនរំពឹងថាគណបក្សខ្លួន អាចចូលរួមបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ខាងមុខនេះបានឡើយ ដោយសារខ្វះលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយ ដែលជាការតម្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ យ៉ាងណាគណបក្សនេះ បានបដិសេធថា ខ្លួនមិនអំពាវឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលឡើយ ប៉ុន្តែលោកដាក់ជាគំនិតពិចារណាថា តើស្ថានភាពធ្លាក់បែបណាហើយ នៅពេលដែលគណបក្សដែលមានអ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោត?

លោក គីម ចាន់ចាវ រាយការណ៍

 

គណបក្សភ្លើងទៀនដែលគេមើលឃើញថា ជាគណបក្សប្រឆាំងដ៏លេចធ្លោ តែមិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្នាក់ជាតិនោះ បានចេញសេចក្ដីថ្លែងការណ៍មួយក្នុងគោលបំណងបដិសេធ ព័ត៌មានដែលថា គណបក្សមួយនេះបានអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោតដោយសារមិនមានវត្តមាន គណបក្ស ភ្លើងទៀន ដែលពួកគេពេញចិត្ត។ ការបញ្ជាក់របស់គណបក្សភ្លើងទៀននេះ បន្ទាប់មានការលើកឡើងពីមតិមួយចំនួន ពិសេសពីមន្ត្រីរដ្ឋាភិបាលដែលថា គណបក្សប្រឆាំងនេះបានបំផុសកុំឱ្យពលរដ្ឋទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល ក្រោយពេលគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតបាន។

 

ក៏ប៉ុន្តែ គណបក្សភ្លើងទៀន បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍នោះថា តាមគោលការណ៍នៃការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ (មិនមែនជាកាតព្វកិច្ច) ដែលត្រូវបានធានាការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាមឆន្ទៈ និងសតិសម្បជញ្ញៈពិតប្រាកដ របស់ខ្លួន ក្នុងការចូលរួម ឬមិនចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខនេះ ដោយមិនត្រូវស្ថិតនៅក្រោមការគាបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការញុះញង់ពីសំណាក់បុគ្គល ឬគណបក្ស នយោបាយណាមួយនោះឡើយ។

ក្នុងរឿងនេះមន្ត្រីនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភារិទ្ធិ បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃពុធនេះថា បើទោះបីជាបក្សមិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនេះក្តី ប៉ុន្តែគណបក្សរបស់លោកមិនមានគោលការណ៍រារាំង ឬឱ្យពលរដ្ឋគូសន្លឹកឆ្នោតចោលនោះទេ។

«គណបក្សភ្លើងទៀនគ្មានគោលការណ៍ គ្មានជំហរបែបនេះទេ ទោះបីយើងមិនបានចូលរួមការបោះឆ្នោតក៏ដោយ។ ចឹងក្នុងន័យសេចក្ដីថ្លែងការណ៍បញ្ជាក់ប្រាប់ហើយ ព្រោះអីការបោះឆ្នោតវាជាសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ការសម្រេចចិត្តបែបណាវាជាសិទ្ធិរបស់អ្នកបោះឆ្នោត យើងគ្មានអីពាក់ព័ន្ធ ហើយបុគ្គលណាប្រើប្រាស់ជាសារអីមានការហាមឃាត់អី អាហ្នឹងវាជារឿងរបស់បុគ្គលទេ។…»

 

ក្រោយអវត្តមានគណបក្សភ្លើងទៀន លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា រំពឹងថា គណបក្សរបស់លោក នឹងក្រសោបបានសន្លឹកឆ្នោតមួយភាគធំ ពីអ្នកដែលធ្លាប់បោះឆ្នោតឱ្យគណបក្សភ្លើងទៀន។

«ពិនិត្យមើលជាអត្តនោម័តិរបស់ខ្ញុំទេ តែភ្លើងទៀនមិនបានចូលរួមហើយ អាសំឡេង១៨ភាគរយហ្នឹង វាអាចធ្លាក់មកដៃគណបក្សប្រជាជនកម្ពុជាមួយចំនួនធំហើយ វាមិនថាទាំងអស់ទេ។ ឥលូវនេះគេបើកយុទ្ធនាការហើយថាឱ្យប្រជាជនទៅបោះឆ្នោតតែគូសបំផ្លាញសន្លឹកឆ្នោត»។

 

នៅចំណុចចុងក្រោយនៃសេចក្ដីថ្លែងការណ៍ គណបក្សភ្លើងទៀន បានសម្ដែងការកោតសរសើរ និងអរគុណចំពោះប្រជាពលរដ្ឋខ្មែរ ដែលនៅតែបន្តគាំទ្រគណបក្ស ភ្លើងទៀន បើទោះបីជាគណបក្ស ភ្លើងទៀន មិនបានចូលរួមការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះក៏ដោយ។ មកទល់នឹងពេលនេះ លោក គីមសួរ ភារិទ្ធិ មិនរំពឹងថាគណបក្សរបស់លោកអាចចូលរួមបោះឆ្នោតបានឡើយ ដោយសារខ្វះលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ទាមទារ ប៉ុន្តែលោក អះអាងថា នឹងទាមទារលិខិតបញ្ជាក់ពីការចុះបញ្ជីគណបក្សនយោបាយនេះ ពីក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់នៅពេលក្រោយ។

«Schedule សម្រាប់ការបោះឆ្នោតនេះ វាចេះតែរំកិល វាចាប់ឆ្នោតចាប់អី ល្គិកណាដែលមានដំណោះស្រាយនយោបាយ ប៉ុន្តែមើលទៅដំណោះស្រាយរបៀបហ្នឹងប្រហែលជាមិនអាចទៅរួចទេ។ ហើយអូនឯងដឹងហើយថា មិននិយាយតែគណបក្សភ្លើងទៀនទេ គណបក្សមួយដែលមានការគាំទ្រពីប្រជាពលរដ្ឋជិត២លាននាក់ នៅការបោះឆ្នោតឃុំ/សង្កាត់ត្រូវគេផាត់ចេញ អាហ្នឹងពិចារណាដោយខ្លួនឯងទៅថាវាសមរម្យយ៉ាងណាឬយ៉ាងណា?»

 

ទោះយ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានចាត់ទុកអវត្តមានគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដាខាងមុខនេះ នឹងរុញច្រានឱ្យរាស្ត្រលែងខ្វល់រឿងនយោបាយ ដែលជាបញ្ហាប្រឈមដ៏អភ័ព្វដល់ប្រទេសជាតិ ខណៈដែលគណបក្សកាន់អំណាចចាត់ទុកថាការខ្វះឯកសារច្បាប់ដើមដែលមិនអាចឱ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោតបាននេះ ជាភាពខ្វះខាតរបស់ថ្នាក់ដឹកនាំគណបក្ស។ ចំណែកប្រទេសលោកសេរីមួយចំនួន ដូចជាអាម៉េរិក អាល្លឺម៉ង់ បារំាង ជាដើម បានចាត់ទុកថា អវត្តមានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតនេះ ជាសញ្ញាបញ្ជាក់ថា ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយ៕

Share

ព័ត៌មានទាក់ទង

Image