en     km
en     km

វ៉ាក់សាំងដំបូងប្រឆាំងនឹងជំងឺប៉េស្តជ្រូកនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗនេះ

Share

មន្ត្រីពេទ្យសត្វពិភពលោក និងមន្ត្រីពេទ្យសត្វរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក នឹងអនុញ្ញាតឱ្យប្រើប្រាស់ជាលើកដំបូងនាពេលឆាប់ៗនេះ ដ្បិតការពិសោធន៍ទទួលបានផ្លែផ្លាយ៉ាងសមប្រកប។
(កញ្ញា កែវ សុជាតា រាយការណ៍)
យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) គឺជាជំងឺឆ្លងយ៉ាងសាហាវមួយ បង្កឡើងដោយវីរុស ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសត្វ ជាពិសេសសត្វជ្រូក ក៏ប៉ុន្តែមិនអាចឆ្លងដល់មនុស្សបានទេ។ ទន្ទឹមគ្នានេះដែរ ជំងឺនេះមិនទាន់មានវ៉ាក់សាំងការពារ និងឱសថសម្រាប់ព្យាបាលនៅឡើយទេ។

 

 

ជាការកត់សម្គាល់ នៅក្នុងឆ្នាំ ២០១៨-២០១៩ មានផ្ទុះការឆ្លងរាតត្បាតដ៏អាក្រក់បំផុតមួយបានកើតឡើង ពោលគឺជ្រូកក្នុងស្រុករបស់ប្រទេសចិនជាងពាក់កណ្តាលបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១00 ពាន់លានដុល្លារអាមេរិក។
យ៉ាងណាមិញ ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនៅអង្គការពិភពលោក លោក Gregorio Torres បាននិយាយថា អ្នកវិទ្យាសាស្ត្រអាមេរិកបាននិងកំពុងសាកល្បងសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងនៅក្នុងគម្រោងសាកល្បងធំមួយជាមួយក្រុមហ៊ុនវៀតណាម។ វ៉ាក់សាំងនេះទៀតសោត ត្រូវបានយកមកធ្វើតេស្តសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកមានការវាយប្រហារ និងគំរាមកំហែងឥតឈប់ឈរនៅប្រទេសនេះ។
ផ្សារភ្ជាប់គ្នានេះដែរ លោក Torres បានគូសបង្ហាញថា ពួកលោកបានព្យាយាមផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃអត្រាជ្រូកឈឺ និងស្លាប់ ក៏ប៉ុន្តែវ៉ាក់សាំងចំនួនពីរដែលពួកលោកកំពុងផលិត អាចថាជាភាពជោគជ័យមួយនៅក្នុងដំណើរការសាកល្បងអស់រយៈពេលជាច្រើនឆ្នាំនេះ។ លោកបញ្ជាក់ថា វ៉ាក់សាំងទាំងពីរប្រភេទនេះ នឹងត្រូវអនុញ្ញាតឱ្យដាក់លក់នៅទូទាំងពិភពលោក។

 

ដោយឡែក អង្គការពិភពលោកសម្រាប់សុខភាពសត្វ (WOAH) បានបង្ហាញពីរបាយការណ៍ដ៏សំខាន់មួយកាលពីសប្តាហ៍មុនថា ចាប់តាំងពីឆ្នាំ២0២១មក ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះមិនបានបង្កជាជំងឺ ឬធ្វើឱ្យប៉ះពាល់ដល់មនុស្សនោះឡើយ។ នេះបើតាមរបាយការណ៍ដែលបានរាយការណ៍ពីប្រទេសជិត ៥0 នៅលើសកលលោក ក៏ប៉ុន្តែជំងឺនេះបានសម្លាប់ជ្រូកប្រហែល ១.៣ លានក្បាល។
សូមជម្រាបថា បច្ចុប្បន្ននេះមិនមានការរីករាលដាលធំដុំអ្វីនោះទេ តែអ្នកផ្តល់ប្រាក់កម្ចីអាជីវកម្មកសិឧស្សាហកម្ម Rabobank បានព្រមានកាលពីខែមេសាថា ការរីករាលដាលនៃជំងឺនេះអាចកើតមានឡើងជាថ្មី ជាពិសេសនៅក្នុងប្រទេសចិនតែម្តង ក៏ព្រោះតែប្រទេសចិនផ្គត់ផ្គង់សាច់ជ្រូកទៅទូទាំងពិភពលោក៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣

Share

Image
Image
Image