KYIV: កាលពីថ្ងៃអង្គារទី៦ ខែមិថុនា ឆ្នាំ២០២៣ អ៊ុយក្រែនបានចោទរុស្ស៊ីថាបានបំផ្ទុះទំនប់វារីអគ្គិសនីដ៏សំខាន់មួយនៅភាគខាងត្បូងអ៊ុយក្រែន។ មន្រ្តីអ៊ុយក្រែនហៅការបំផ្ទុះទំនប់ទឹកនេះថា “គ្រោះមហន្តរាយបរិស្ថាន” ព្រោះទឹកជំនន់ដ៏ធំនឹងអាចកើតមាន។ ទាំងមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនបានបញ្ជាឲ្យប្រជាជនរាប់សែននាក់នៅតាមដងទន្លេចាកចេញពីភូមិ។ រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល
យោងតាម AP មន្ត្រីរុស្ស៊ីបានឆ្លើយតបនឹងការចោទប្រកាន់របស់អ៊ុយក្រែនថាទំនប់ Kakhovka នៅលើដងទន្លេ Dnipro ត្រូវបានខូចខាតដោយសារការវាយប្រហាររបស់យោធាអ៊ុយក្រែននៅក្នុងតំបន់ប្រទាញប្រទង់គ្នា។
ការបាក់រលំទំនប់ទឹកនេះអាចមានផលវិបាកយ៉ាងខ្លាំងដូចជាបង្កជាទឹកជំនន់លិចផ្ទះ ផ្លូវ និងអាជីវកម្មនៅផ្នែកខាងក្រោមទឹក។ អាចធ្វើឱ្យទឹកនៅផ្នែកខាងលើស្រកចុះ ដែលធ្វើឱ្យរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបចុះត្រជាក់ និងនាំឱ្យប៉ះពាល់ការផ្គត់ផ្គង់ទឹកស្អាតទៅភាគខាងត្បូងនៅតំបន់ Crimea។
ការបាក់ទំនប់នេះបានធ្វើឱ្យសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនកាន់តែមានភាពស្មុគស្មាញ ដែលមកដល់ពេលនេះបានអូសបន្លាយដល់ខែទី១៦ ហើយ។ គេបានមើលឃើញយ៉ាងច្បាស់ថាកងកម្លាំងអ៊ុយក្រែនកំពុងវាយលុកឆ្ពោះទៅមុខ។
ប្រតិបត្តិករនុយក្លេអ៊ែររបស់អ៊ុយក្រែន Energoatom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងTelegram ថាការបំផ្ទុះទំនប់នេះ “អាចមានផលវិបាកអវិជ្ជមាន” សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេលនេះស្ថានភាពគឺ “អាចគ្រប់គ្រងបាន”។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានសរសេរនៅលើ Twitter ថាអ្នកជំនាញរបស់ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ ហើយថាមិនមាន “ហានិភ័យសុវត្ថិភាពនុយក្លេអ៊ែរភ្លាមៗ” នៅឡើយទេ។
មន្រ្តីអ៊ុយក្រែនថាទំនប់នេះអាចស្ដុកទឹក ១៨លានម៉ែត្រគូប ដែលអាចធ្វើឱ្យជន់លិចទីក្រុង Kherson និងតំបន់រាប់សិបផ្សេងទៀតដែលមានមនុស្សរាប់សែននាក់រស់នៅ។មជ្ឈមណ្ឌលទិន្នន័យភូគុព្ភសាស្រ្តពិភពលោក និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់អ៊ុយក្រែនបានប៉ាន់ប្រមាណថាមានភូមិជិត ១០០ និងទីក្រុងជាច្រើននឹងត្រូវទឹកជន់លិច។ ការព្យាករណ៍ក៍បានឱ្យដឹងដែរថា កម្រិតទឹកខាងលើនឹងចាប់ផ្តើមស្រកចុះ នៅ៥ ទៅ៧ថ្ងៃបន្ទាប់។
លោក Mykhailo Podolyak ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា “គ្រោះមហន្តរាយអេកូឡូស៊ីសកលកំពុងកើតមាន ហើយសត្វ និងប្រព័ន្ធអេកូឡូស៊ីរាប់ពាន់នឹងត្រូវបំផ្លាញក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ”។មន្ត្រីអ៊ុយក្រែនបាននិយាយថាលោក Zelenskyy បានកោះប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយវិបត្តិនេះ។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានអំពាវនាវឱ្យអ្នកស្រុកចំនួន១០ភូមិនៅច្រាំងខាងស្តាំនៃទន្លេ Dnipro និងផ្នែកខ្លះនៃទីក្រុង Kherson downriver ប្រមូលរបស់របរសំខាន់ៗ និងសត្វចិញ្ចឹម ដើម្បីចេញពីភូមិ។អភិបាលក្រុង Nova Kakhovka ដែលកាន់កាប់ដោយរុស្ស៊ី លោក Vladimir Leontyev បាននិយាយថា ត្រូវជម្លៀសប្រជាជនចេញ ខណៈដែលទឹកបានហូរចូលទីក្រុងហើយ។ លោក Oleksandr Prokudin ដែលជាប្រធានរដ្ឋបាលយោធាក្នុងតំបន់ Kherson បាននិយាយនៅក្នុងវីដេអូក្នុងTelegram មុនម៉ោង៧ព្រឹកថា “កងទ័ពរុស្ស៊ីបានប្រព្រឹត្តអំពើភេរវកម្មមួយទៀត” ហើយបានព្រមានថាទឹកនឹងឡើងដល់ “កម្រិតធ្ងន់ធ្ងរ” ក្នុងរយៈពេលប្រាំម៉ោង៕