ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា បញ្ហាយុវជនអត់ការងារធ្វើកាន់តែច្រើនឡើងៗ ទោះបីជាយុវជនមានការងារធ្វើមួយចំនួន តែប្រាក់ខែដែលពួកគេទទួលបាន មិនសមទៅនឹងកម្លាំងពលកម្មដែលពួកគេបានបញ្ចេញ ។ ប្រធានគណបក្សយុវជនកម្ពុជារូបនេះអះអាងថា បើគណបក្សលោកឈ្នះឆ្នោត នឹងដោះស្រាយបញ្ហាយុវជន អត់ការងារនេះ។
លោក ធូ វីរៈ លម្អិតព័ត៌មាននេះ៖
គណបក្សនយោបាយថ្មីមួយ ដែលទើបបង្កើតឡើងថ្មីៗនេះ បានលើកឡើងថា ភាពអត់ការងារ ធ្វើរបស់យុវជនកម្ពុជានៅតែបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ហើយបើគណបក្សរបស់ខ្លួនឈ្នះឆ្នោត នឹងដោះស្រាយបញ្ហានេះ។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានលើកឡើងនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។ ទោះយ៉ាងណា លោក ពេជ្រ ស្រស់ មិនបានបញ្ជាក់ថា តើដោះ ស្រាយបែបណានោះទេ ប៉ុន្តែលោកបានស្នើឱ្យយុវជនចូលរួមជាមួយគណបក្សលោកឲ្របានច្រើន។
លោក ពេជ្រ ស្រស់ បានបន្ថែមថា ប្រសិនបើគណបក្សរបស់លោកនឹងទទួលបានអាសនៈនៅក្នុងរដ្ឋសភា ឬក្លាយជាអ្នកដឹកនាំប្រទេស គណបក្សរបស់លោក នឹងដោះស្រាយបញ្ហាជាអទិភាពគឺ ពង្រឹងជីវភាពយុវជន និងពង្រឹងវស័យអប់រំឱ្យកាន់តែល្អប្រសើរ។
លោក ពេជ្រ ស្រស់ អះអាងថា៖ « ភាគច្រើនយុវជននៅស្រុកខ្មែរ ចប់បញ្ញាបត្រអត់មានការងារធ្វើ មានការងារធ្វើ មិនសមនឹងការលះបង់ខ្លួននៃការសិក្សា ប្រាក់ខែចិញ្ចឹមខ្លួនមិនរស់ ម៉ែឪជាប់ធនាគារពឹងប្រាក់ខែមិនកើត ដោយសារជីវភាពកូននៅភ្នំពេញចំណាយច្រើន ប្រាក់ខែមិនសមតាមតម្លៃទីផ្សារ»។
ប្រធានបណ្តាញយុវជនកម្ពុជាលោក ទឹម ម៉ាឡៃ បានឱ្យដឹងថា ជាការពិតណាស់យុវជនកម្ពុជា បញ្ចប់ថ្នាក់បញ្ញាបត្រជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះយុវជនរាប់ពាន់នាក់គ្មានការងារធ្វើ និងមួយចំនួនទៀតមានការងារធ្វើដែរ តែទទួលបានប្រាក់ខែតិចនៅឡើយ។
លោក ម៉ាឡៃ បានបញ្ជាក់ថា ភាពអត់ការងារធ្វើរបស់យុវជនកម្ពុជា គឺបណ្តាលមកពីយុវជនមួយចំនួនមិនប្រឹងប្រែងរៀនសូត្រ រួមទាំងខ្វះការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលផង។ លោក ទឹម ម៉ាឡៃ និយាយថា៖ « ដើម្បីទទួលបានឱកាសការងារសម្រាប់ខ្លួនឯង យុវជនត្រូវតែខិតខំសិក្សារៀនសូត្រ មិនត្រូវពឹងផ្អែកតែលើរាជរដ្ឋាភិបាលតែមួយមុខនោះទេ»។
បើតាមលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានឱ្យដឹងថា ក្នុងការលើកកម្ពស់យុវជនកម្ពុជា គណបក្សរបស់លោកមានគោលនយោបាយ ៥ ចំណុច ដែលគោលនយោបាយមួយនៅក្នុងចំណោមនោះ គឺនឹងផ្ដល់ថវិកាចំនួន ១៦ ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋអាយុចាប់ ២៥ ដល់៤៥ ឆ្នាំ ដែលអត់មានការងារធ្វើក្នុងរយៈពេល៣ខែ។
ប៉ុន្តែប្រធានបណ្តាញយុវជនកម្ពុជាលោក ទឹម ម៉ាឡៃ យល់ថា ការសន្យានេះមិនអាចទៅរួចឡើយ៕