en     km
en     km

ក្រុមកូដករណាហ្គាវើលដ៍បន្តតវ៉ាដោយផ្គុំរូបកញ្ញា ឈឹម ស៊ីថរ ចេញជាឈ្មោះក្រុមហ៊ុន «ណាហ្គាវើលដ៍»

Share

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ នៅរសៀលថ្ងៃទី៦ ខែមិថុនា បន្តនាំគ្នាធ្វើកូដកម្មស្រែកទាមទារនៅមុខក្រុមហ៊ុន ដោយពួកគេនាំគ្នាផ្គុំរូបកញ្ញា ឈឹម ស៊ីថរ ចេញជាឈ្មោះក្រុមហ៊ុន «ណាហ្គាវើលដ៍» ដើម្បីជាសារបង្ហាញពីភាពអយុត្តិធម៌លើកញ្ញា ឈឹម ស៊ីថរ និងក្រុមកូដករ ដែលកំពុងរងគ្រោះ ពីសំណាក់ក្រុមហ៊ុនកាស៊ីណូល្បែងស៊ីសងណាហ្គាវើលដ៍។ លោក គីម ចាន់ចាវ  រាយការណ៍

 

កញ្ញា ម៉ម សុវឌ្ឍិន កូដករម្នាក់ដែលសកម្មក្នុងការតវ៉ានេះ បានបញ្ជាក់ថា ដោយសារតែក្រុមកូដករទាំងអស់គោរពឱ្យតម្លៃកញ្ញា ឈឹម ស៊ីថរ ទើបពួកគេយករូបកញ្ញា ឈឹម ស៊ីថរ ដែលធ្លាប់ប្រើប្រាស់មកផ្គុំចេញជាអក្សរNAGAនេះ។

 

«យើងយករូបគាត់មកផ្គុំជាអក្សរ ដែលថា  NAGA តំណាងឱ្យកាស៊ីណូដែលនៅកណ្ដាលក្រុងភ្នំពេញនេះឯង។ ហើយដោយសារតែណាហ្គាវើលដ៍នេះហើយបានធ្វើទុក្ខបុកម្នេញមើលលើសហជីព មកលើប្រធានសហជីព មកលើប្រតិភូចរចា មកលើសមាជិកសហជីពជាច្រើនពាន់នាក់។ អញ្ចឹងនៅខាងក្រោមនេះ មានបញ្ជាក់ច្បាស់ថា ខ្ញុំជាប់គុកដោយសារទាមទារឱ្យណាហ្គាវើលគោរពសេរីភាពសហជីព គោរពសិទ្ធិសហជីព»

 

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថា គួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។

 

កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។

 

ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២ បើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេលជិត៧ខែហើយ។

ក្នុងការតវ៉ាលើកនេះ បន្ថែមលើផ្ទាំងរូបផ្គុំកញ្ញា ឈឹម ស៊ីថរ ក្រុមកូដករក៏បានយកបដាសរសេរ ទាមទារមានការដោះស្រាយពីភាគីពាក់ព័ន្ធ។ បដាទាំងនោះមានទាំងភាសាខ្មែរ និងភាសារបរទេស ដោយសរសេរខ្លឹមសារដើមថា ១.ទម្លាក់បទចោទ ២.ទទួលយកតំណាងនិងសហជីពចូលធ្វើការវិញ ៣.ទូទាត់សំណងឱ្យត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ ស្រ្តីកូដករម្នាក់ទៀត បានឱ្យដឹងថាក្រុមកម្មកររបស់ខ្លួនខំប្រឹងទទូចទៅក្រសួងពាក់ព័ន្ធ ទាំងភាសាខ្មែរនិងបរទេស សុំឱ្យក្រសួងយកច្បាប់មកអនុវត្តលើបញ្ហាវិវាទនេះ។

 

«ចឹងកម្មករនិយាយខ្មែរផងនិយាយភាសារបរទេសផង លោថាក្រសួងការងារ រដ្ឋមន្ត្រីក្រសួងការងារខួរក្បាលគាត់បិទ ឥលូវភ្នែកគាត់បើកខួរក្បាលគាត់បើក ចេះអានភាសារខ្មែរ អត់អានបានពួកខ្ញុំប្រើជាភាសាអង់គ្លេសបាន ចឹងបើកភ្នែកបើកខួរក្បាលពិចារណាផង»

 

អស់រយៈពេលជាមួយឆ្នាំកន្លះហើយ ដែលក្រុមកូដករណាហ្គាវើលដ៍ភាគច្រើនជាស្ត្រី នាំគ្នាធ្វើកូដកម្មតវ៉ា  នៅមុខក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយគេបានប្រើប្រាស់រូបភាពឆ្នៃប្រឌិតផ្សេងៗមានការធ្វើរូបសំណាកសត្វព្រាបតំណាងសន្ដិភាពដែលជាប់ច្រវ៉ាក់ រូបបេះដូងពណ៌ខ្មៅជាដើម និងការលើកបដាតវ៉ាលក្ខខណ្ឌនានា ជាមួយនឹងស្គរ ត្រែ និងឆ្នាំងបាយជាដើមសម្រាបជាឧបករណ៍ភ្លេងបំពងសំឡេងក្នុងការតវ៉ា៕

Share

Image
Image
Image