ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប)បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយអំពាវនាវជាបន្ទាន់ឱ្យបញ្ឈប់សកម្មភាពផ្ទុយពីច្បាប់ ខណៈបច្ចុប្បន្នមានបុគ្គលមួយចំនួនធ្វើសកម្មភាពញុះញង់មិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត។
តាម គ ជ ប ឱ្យដឹងថា ក្រុមប្រតិកម្មរហ័សរបស់ គ ជ ប បានដឹងពីសកម្មភាពរបស់បុគ្គលមួយចំនួនកំពុងធ្វើយុទ្ធនាការតាមរយៈខិត្តបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមដោយអំពាវនាវដល់ពលរដ្ឋគូសន្លឹកឆ្នោតចោល និងកុំចេញទៅបោះឆ្នោត ព្រោះគ្មានបក្សភ្លើងទៀនចូលរួមការប្រកួត។
គ ជ ប បញ្ជាក់ថា ទង្វើនេះនឹងត្រូវផ្តន្ទាទោសតាមមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ មាត្រា១៤២ នោះចែងថា ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត ការធ្វើឱ្យមានការភ័ន្តច្រលំនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោត និងសកម្មភាពបង្កការរំខានមិនឱ្យមានដំណើរការបោះឆ្នោតបាន គឺត្រូវទទួលទោស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប ប្រាប់វិទ្យុស្រ្តីថាសកម្មភាពឃោសនានេះច្រើនតែបង្កឡើងពីក្រុមបុគ្គលមួយចំនួនធ្វើសកម្មភាពញុះញង់ពីក្រៅប្រទេស។ លោកថាបើទោះបីជានៅក្រៅប្រទេសក្តី តែ គ ជ ប មានសមត្ថកិច្ចអាចស្នើទៅក្រុមហ៊ុនGoogleលុបចោលទង្វើខុសច្បាប់បែបនេះ។ តែយ៉ាងណាអ្នកនាំពាក្យរូបនេះពុំទាន់អាចប្រាប់ឱ្យពីក្រុមធ្វើសកម្មភាពខុសច្បាប់នេះថានៅក្នុងឬនៅក្រៅប្រទេសទេ តែលោកសូមអំពាវនាវឱ្យបញ្ឈប់ពេលទទួលបានព័ត៌មាននេះ។
ប្រសាសន៍ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប
ជាការកត់សម្គាល់ សកម្មភាពឃោសនាបែបនេះក៏បានកើតឡើងផងដែរនៅពេលជិតការបោះឆ្នោតស្របពេលដែលបក្សប្រឆាំងពុំមានវត្តមានចូលរួមប្រកួត។ នៅគ្រានោះ សកម្មភាពឃោសនាបានលើជាពាក្យស្លោកមួយឃ្លាថា «ដេកផ្ទះឈ្នះស្អាត»ទៀតផង៕