en     km
en     km

តើការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍ពាក់ព័ន្ធការផ្តួលរំលំអំណាចរដ្ឋយ៉ាងណា?

Share

ភ្នំពេញ៖ ក្រុមកូដករណាហ្គាវើលដ៍កាលយប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញបានចេញលិខិតចំហរមួយទៅកាន់នាយករដ្ឋមន្រ្តី ដោយអះអាងថា ការធ្វើកូដកម្មរបស់ពួកគេគ្មានបានទទួលការទំនុកបំរុងអ្វីពីបរទេសនោះឡើយ ជាងនេះក៏គ្មានចេតនាចង់ផ្តួលរំលំរដ្ឋាភិបាលពីអំណាចដែរ។ ការចេញលិខិតតបទៅកាន់នាយករដ្ឋមន្រ្តីនេះ កើតឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះបានបង្ហើរប្រសាសន៍មិនចំឈ្មោះថា មានក្រុមខ្លះស៊ីឈ្មួញធ្វើបាតុកម្មតវ៉ា។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

បន្ទាប់ពីចេញធ្វើសកម្មភាពស្រែតវ៉ាដោយផ្ទាល់កាលពីម្សិលមិញ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាបនល្បែងស៊ីសងដ៏ធំខ្ពស់ជាងមន្ទីររដ្ឋសភាជាតិក្បែរនោះដ៏ទៅរាប់ដងនោះ បានចេញលិខិតចំហរមួយដោយផ្ញើជូនចំពោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អះអាងបន្ថែមថា ក្រុមពួកគេគ្មានឡើយការទទួលការឧបត្ថម្ភពីបរទេសស៊ីឈ្មួលធ្វើបាតុកម្ម និងគ្មានដែលចេតនាចង់ផ្តួលរំលំអំណាចពីរដ្ឋាភិបាល។

លិខិតកម្រាស់ពីរទំព័ររបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានសរសេររៀបរាប់ពីមូលហេតុនិងបុព្វហេតុនានាជាមួយនឹងការវិវត្តន៍នៃស្ថានភាពការចេញតវ៉ាដើម្បីសិទ្ធិការងារដែលអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ។

តែយ៉ាងណាក្នុងខ្លឹមសារនៃលិខិតក្រុមកូដករបានសង្កត់ធ្ងន់ទៅកាន់នាយករដ្ឋមន្រ្តីពីសកម្មភាពនិងភស្តុតាងស៊ីសង្វាក់មួយចំនួនដែលបង្ហាញពីភាពស្អាតស្អំថា​ សកម្មភាពតវ៉ានេះគ្មានពាក់ព័ន្ធការទំនុកបំរុងពីក្រៅប្រទេសនិងគ្មានមូលដ្ឋានចង់ផ្តួលអំណាចរដ្ឋពីរដ្ឋាភិបាលឡើយ។

នេះជាលិខិតផ្ញើជូននាយករដ្ឋមន្រ្តី។

 

ហេតុផលនោះនៅត្រង់ថា ការដែលពួកគេទទួលបានជំនួយជាអាហារហូបចុក មានត្រី​ សាច់ បន្លែ ផ្លែឈើ ទឹកដោះគោ និងខោទឹកនោមកូនក្មេងជាដើមពីសប្បុរសជនផ្តល់ឱ្យនោះ គឺនៅគ្រានដែលពួកគេភាគច្រើនជាស្រ្តីមានកូនតូចនិងជាស្រ្តីមេម៉ាយបានជួបប្រទះបញ្ហាលំបាកម្តងម្កាលតែប៉ុណ្ណ៉ោះ ពោលមិនមែនជាការទំនុកបំរុងជាប់ជាប្រចាំឡើយ។

ហេតុផលមួយទៀតនោះ គឺការធ្វើកូដកម្មរបស់ពួកគេក៏គ្មានពាក់ព័ន្ធនឹងការផ្តូលរំលំរដ្ឋាភិបាលអ្វីនោះដែរ ត្បិតក្នុងលិខិតបានលើកឡើងថា សិទ្ធិធ្វើកូដកម្មមិនមែនជាបទល្មើសព្រហ្មទណ្ឌនិងពុំមែនជាការញុះញង់នាំឱ្យមានភាពរឹកវរក្នុងសង្គមអ្វីនោះឡើយ។ ចំណុចពិសេសមួយទៀតនោះ គឺការធ្វើសកម្មភាពតវ៉ារបស់ពួកគេគឺតវ៉ាទៅជាមួយក្រុមហ៊ុនរកស៊ី ពោលគឺពុំមែនធ្វើកូដកម្មបាតុកម្មនឹងរដ្ឋាភិបាលនោះទេ។

ប្រការនេះពួកគេអះអាងថា ការដាក់ការសង្ស័យរបស់នាយករដ្ឋមន្រ្តីតាមរយៈការបង្ហើរប្រសាសន៍របស់នាយករដ្ឋមន្រ្តីថា ក្រុមកូដករទទួលការជ្រោមជ្រែងធ្វើបាតុកម្មគឺហាក់អនុញ្ញាតឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើបាប ជិះជាន់ កេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេ។

ក្នុងលិខិតនោះក្រុមកូដករស្នើយ៉ាងទទូចទៅកាន់នាយករដ្ឋមន្រ្តីអន្តរាគមន៍ឱ្យក្រុមហ៊ុនណាវើលដ៍យកកម្មករចូលធ្វើការវិញ។ ជាងនេះពួកគេអះអាងថា ការតវ៉ារបស់ពួកគេគ្មានពាក់ព័ន្ធនឹងចលនាធ្វើបដិវត្តពណ៌ផងដែរ។

សកម្មភាពកូដកម្មរបស់ក្រុមហ៊ុនណាហ្គាវើលដ័។រូបភាពពីហ្វេសប៊ុករបស់សហជីពណាហ្គាវើលដ៍។

 

ផ្អែកតាមមាត្រា ២២ នៃច្បាប់ស្ដីពីសហជីពត្រង់ចំណុច(គ) ចែងថា អំណោយនិងជំនួយធនធានហិរញ្ញវត្ថុដែលទទួលបានដោយស្របច្បាប់ពីសមាជិកសហជីព ឬសមាគមនិយោជក ឬភាគីផ្សេងៗទៀត សម្រាប់បម្រើឲ្យសកម្មភាពស្រចច្បាប់។

សូមរំលឹកថា ក្រុមកូដករបានចេញធ្វើកូដកម្មជាច្រើនខែដើម្បីទាមទារលក្ខខណ្ឌការងារនិងសិទ្ធិចូលធ្វើការងារប្រកបដោយការធានាសិទ្ធិត្រឹមត្រូវ ពោលគឺពួកគេត្រូវមានសហជីពដែលអាចការពារផលប្រយោជន៍របស់ពួកគេបាន បញ្ជៀសការគេងប្រវ័ញ្ចពីថៅកែ។

តែរយៈកាន់តែអូសបន្លាយសមាជិករបស់ពួកគេខ្លះក៏យល់ព្រមចូលធ្វើការតាមការសម្របសម្រួលពីអ្នកមានសមត្ថកិច្ចក្នុងនោះក៏មានក្រសួងការងារផងដែរ។

ដោយឡែកក្នុងបច្ចុប្បន្នភាពនៃការតវ៉ានេះ ​សហជីពណា​ហ្គាវើលដ៍​ចំនួន​៩​នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។ ក្នុងនោះមេសហជីពលេចមុខគឺ កញ្ញា ឈឹម ស៊ីថរ ទេ កំពុងជាប់ពន្ធនាគារក្រោយកញ្ញាត្រូវបានចាប់ខ្លួនជាថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទថាបំពានបម្រាមរបស់តុលាការ ដែលហាមមិនឱ្យចេញទៅក្រៅប្រទេស។

ក្រៅពីនោះសហជីព៨នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅក្រៅឃុំ ប៉ុន្តែស្ថិតនៅក្រោមការតាមដានរបស់តុលាការ៕

 

 

Share

Image
Image
Image