en     km
en     km

សិស្សអាហ្វហ្គានីស្ថានជិត ៨0 នាក់ ត្រូវគេដាក់ថ្នាំបំពុលនៅក្នុងសាលារៀន

Share

មន្រ្តីប៉ូលិសអាហ្វហ្គានីស្ថានបានរាយការណ៍ថា សិស្សបឋមសិក្សាជិត ៨០ នាក់ ដែលភាគច្រើនជាក្មេងស្រី ត្រូវគេដាក់ថ្នាំពុលនៅក្នុងសាលារៀនពីរផ្សេងទៀត ដែលស្ថិតនៅក្នុងខេត្ត Sar-e-Pul នៃប្រទេសអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន មន្រ្តីប៉ូលិសកំពុងដុតដៃដុតជើងស៊ើបអង្កេតស្វែងរកជនល្មើសមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

ប្រធាននាយកដ្ឋានអប់រំនៅខេត្ត Sar-e-Pul លោក Mohammad Rahmani បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ថា ប៉ូលិសបានដាក់ការសង្ស័យលើករណីបំពុលសិស្សនេះ ថាជាករណីបំពុលសម្លាប់សិស្សនៅក្នុងសាលារៀន។​ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសៅរ៍ ទី៣ និងថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងស្រុកSangcharakខេត្តSar-e-Pul នៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ជនបង្កបានដាក់ថ្នាំបំពុលនៅក្នុងសាលា Naswan-e-Faizabad ដែលធ្វើឱ្យក្មេងស្រីចំនួន ១៧ នាក់ រងគ្រោះនៅក្នុងហេតុការណ៍នោះ។ តាមប្រភពដដែលបញ្ជាក់ថា ជនបង្កមិនបានបញ្ឈប់សកម្មភាពត្រឹមតែប៉ុណ្ណឹងនោះទេ នៅថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃអាទិត្យ ទី៤ ជនបង្កបានដាក់ថ្នំាបំពុលនៅសាលាមួយផ្សេងទៀត ដែលបណ្តាលឱ្យសិស្សសាលាចំនួន ៦0 នាក់ ដែលក្នុងនោះភាគច្រើនជាក្មេងស្រី បានពុល និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ទន្ទឹមគ្នានេះដែរ លោក Rahmani បាន​និយាយ​ថា សិស្ស​​មាន​អារម្មណ៍​វិលមុខ ឈឺក្បាល និង​ចង់​ក្អួត បន្ទាប់ពីមកដល់សាលានៅពេលព្រឹក​ ដូច្នេះលោកបានបញ្ជូនពួកគេទៅមន្ទីរពេទ្យក្នុងស្រុកយ៉ាងប្រញាប់ប្រញាល់ ក៏ប៉ុន្តែសិស្សចំនួន ១៤ នាក់ឯទៀតមានស្ថានភាពធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីរួមខេត្តជាបន្ទាន់។ ជាសំណាង សិស្សទាំងអស់ទទួលបានការយកចិត្តទុកដាក់ និងមើលថែបានដិតដល់ ទើបពួកគេមិនមាននរណាម្នាក់បាត់បង់ជីវិតឡើយ។

ទោះបីជាយ៉ាណាក៏ដោយ បច្ចុប្បន្ន ក្រុមមន្រ្តីប៉ូលិសកំពុងស៊ើបអង្កេតលើបញ្ហានេះដើម្បីវែកមុខអ្នកប្រព្រឹត្ត និងចង់ដឹងពីគោលបំណងរបស់ជនបង្ក និង​ប្រភេទ​ថ្នាំ​ពុល​ដែលយកមកប្រើប្រាស់។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១២ ស្ត្រី និងក្មេងស្រីជាង ១៧0 នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីផឹកទឹកអណ្តូង ដែលទំនងជាមានថ្នាំពុល។ ក្នុងនោះដែរ មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​បន្ទោស និងចោទពួក​ជ្រុលនិយមថាបាន​ប្រព្រឹត្តទង្វើឃោរឃៅនេះក្នុងគោលបំណងចង់​ប្រឆាំង​នឹង​ការ​អប់រំរបស់​ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

សូមរំលឹកថា ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេសក្នុងឆ្នាំ២០២១ ការអប់រំរបស់កុមារីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាបញ្ហាផ្ទៃក្នុងដ៏ធ្ងន់ធ្ងរមួយ ដោយពួកគេព្យាយាមដកហូតសិទ្ធិសេរីភាពរបស់ស្ត្រីជាខ្លាំង។ ក្មេងស្រីត្រូវបានរារាំងមិនឱ្យរៀននៅសាលាមធ្យមសិក្សា និងសាកលវិទ្យាល័យ។ តែដោយសារសហគមន៍អន្តរជាតិបានដាក់សម្ពាធមកលើរដ្ឋបាលក្រុមតាលីបង់ ពួកគេបានបន្តបើកសាលាបឋមសិក្សាសម្រាប់ក្មេងស្រីរហូតដល់អាយុប្រហែល១២ឆ្នាំ៕

Share

Image
Image
Image