en     km
en     km

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ ជំរុញ​ឱ្យ​បញ្ចូល​ច្បាប់​ចរាចរណ៍​ក្នុង​កម្មវិធី​សិក្សា​កុមារ​

Share

cover-AIP-workshop-in-KPS
រូបភាពពីហ្វេសប៊ុក

ខេត្ត​ព្រះ​សីហ​នុ​៖​ ​ អង្គការ​មូល​ធិ​ន​ធី​បង្ការ​របួស​អាស៊ី​ ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដាក់​បញ្ចូល​ច្បាប់​ចរាចរណ៍​ ទៅ​ក្នុង​កម្មវិធី​សិក្សាសម្រាប់កុមារនៅ​ទូ​ទាំង​ប្រទេស ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ពង្រឹង​សុវត្ថិភាព​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ “ការ​ពង្រឹងសមត្ថភាព​សម្រាប់​អ្នក​សារព័ត៌មាន​ អំពី​ការ​ពាក់មួក​សុវត្ថិភាព​”​ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ លោក​ គឹ​ម​ បញ្ញា​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​ តួលេខ​ដែល​អង្គការ​លោក​បាន​រក​ឃើញ​ គឺថា​កម្រិត​នៃ​ការ​ ប្រឈម​គ្រោះថ្នាក់​ភាគច្រើន​ គឺ​អាយុ​ចន្លោះ​ពី​១៥​ ទៅ​២៩​ឆ្នាំ​។​

​លោក​ថា​ បើ​ក្រឡេក​ទៅ​មើល​កុមារ​នៅ​ពេល​ឥឡូវ​ ពួក​គាត់​មាន​អាយុ​ចន្លោះ​ពី​៦​ ទៅ​១២​ឆ្នាំ​ ដែល​ជា​កម្រិត​មួយ​នៅ​សាលា​បឋម​សិក្សា​។​ លោក​បន្ត​ថា​ រយៈពេល​ប្រាំ​ ទៅ​ដប់​ឆ្នាំ​ខាង​មុខ​ទៀត​ កុមារ​អាយុ​ចន្លោះ​ទាំងនេះ​ នឹង​ក្លាយជា​មនុស្ស​ពេញវ័យ​។​

​លោក​ គឹ​ម​ បញ្ញា​ បន្ថែម​ថា​ប្រសិនបើ​មិន​ពង្រឹង​ការ​អប់រំ​ មិន​ពង្រឹង​វិធានការ​សុវត្ថិភាព​ និង​មិន​ពង្រឹង​ឥរិយាបថ​របស់​ពួក​គេ​ ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ពី​ពេល​ឥឡូវនេះ​ទេ​ សង្គម​នៅ​តែ​បន្ដ​កើត​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តទៅ​ទៀត​។​
«​បាទ​!​ អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង​ បើ​យើង​អាច​ធ្វើ​ការងារ​នេះ​ឱ្យ​វិជ្ជមាន​  អាច​ហាត់ពត់លត់ដំ​ឥរិយាបថ​របស់​គាត់​ ការ​ប្រព្រឹត្ត​របស់​គាត់​លើ​ដងផ្លូវ​ទៅ​ជា​វិជ្ជមាន​ មិន​ថា​គោរព​ច្បាប់​ គោរព​អីចឹង​ គាត់​ម្នាក់​ គាត់​អាច​ក្លាយជា​ភ្នាក់ងារ​ នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​នៅ​ជុំវិញ​ខ្លួន​។​ បាទ​!​ ចឹ​ង​យើង​ឃើញ​លទ្ធផល​វិជ្ជមាន​ នៅ​ក្នុង​ការ​កាត់​បន្ថយ​ចរាចរណ៍​ ក៏​ដូច​ជា​ពង្រឹង​សុវត្ថិភាព​ នៅ​ក្នុង​ប្រទេស​យើង​ក៏​វា​ខ្ពស់​ដែរ​ នៅ​ក្នុង​រយៈពេល​ប្រាំ​ ទៅ​ដប់​ឆ្នាំ​ ខាង​មុខ​នេះ​»​។​

​លោក​ គឹ​ម​ បញ្ញា​ បាន​លើក​ឡើង​ទៀត​ថា​ ថ្វី​ត្បិត​តែ​កន្លង​មក​អង្គការ​ មូលនិធិ​បង្ការ​របួស​ អាស៊ី​ (AIP)​ ធ្លាប់​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ ជូន​ដល់​កុមារ​តូចៗ​តាម​សាលា​ បឋម​សិក្សា​ក៏​ពិតមែន​ ប៉ុន្ដែ​ការ​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ទាំងនោះ​ បាន​តែ​នៅ​តាម​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​។​

«​ជា​ការ​ពិត​ទៅ​ការ​អប់រំ​អត់​មាន​ដែន​កំណត់​ទេ​បា៎ទ​ ជា​ធម្មតា​វា​មាននូវ​ចំណេះដឹង​ និង​ព័ត៌មាន​ថ្មីៗ​ច្រើន​។​  ចឹ​ង​ ទោះបីជា​យើង​បាន​ធ្វើ​ការងារ​ច្រើន​នៅ​ក្នុង​ខេត្ដ​-​រាជធានី​ គោលដៅ​របស់​យើង​ មាន​ភ្នំពេញ​ កណ្ដាល​ កំពង់ស្ពឺ​ ក៏​យើង​មិន​បាន​គ្របដណ្ដប់​ទូ​ទាំង​សាលារៀន​នៅ​ក្នុង​ខេត្ត​  ទាំង​បី​ហ្នឹង​ដែរ​។​ ចឹ​ង​ យើង​ឃើញ​ថា​ នៅ​តែ​មានការ​ចាំបាច់​នៅ​ក្នុង​ការ​ជំរុញ​ការ​អប់រំ​ ផ្សព្វផ្សាយ​ទាក់ទង​ជាមួយនឹង​ច្បាប់​ចរាចរណ៍​ ទាក់ទង​នឹង​ការ​ពាក់មួក​ រឿង​ឥរិយាបថ​សុវត្ថិភាព​ ជូន​ទៅ​ដល់​ក្មួយៗ​ ជូន​ទៅ​ដល់​កូនៗ​ ដែល​ជា​សិស្សានុសិស្ស​ដែល​នៅ​តាម​បឋម​សិក្សា​»​។​

Lim-Sochea
លោកស្រី​ លឹ​ម​ សុ​ជា

​ទាក់ទង​នឹង​ការ​អំពាវនាវ​នេះ​ដែរ​ លោកស្រី​ លឹ​ម​ សុ​ជា​ នាយិកា​អង្គការ​សម្ព័ន្ធ​សុវត្ថិភាព​ ចរាចរណ៍​ផ្លូវគោក​ មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ ថា​ លោកស្រី​ គាំទ្រ​ដល់​ ការ​ស្នើ​សុំ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ទៅ​ដល់​ក្រសួង​អប់រំ​ ព្រោះថា​ កាលណា​បើ​ ច្បាប់​ច្បាប់​ចរាចរណ៍​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​អប់រំ​សម្រាប់​កុមារ​ នៅ​កម្រិត​ពី​ថ្នាក់​បឋម​ រហូត​ដល់​ថ្នាក់​វិទ្យាល័យ​ គឺជា​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ សង្គម​ជាតិ​បាន​ល្អ​ប្រសើរ​។​

«​ខ្ញុំ​គិត​ថា​ ការ​បណ្ដុះ​ធនធាន​ ឬ​ក៏​ការពារ​ធនធាន​កុមារ​តាំងពី​តូច​ វា​ជា​ការ​ចាំបាច់​ណាស់​ ដែល​ គួរតែ​យើង​គិតគូរ​ដល់​កុមារ​ ពីព្រោះ​អី​ គាត់​ប្រឹងប្រែង​ក្នុង​ការ​សិក្សា​ដើម្បី​បង្កើត​ធនធាន​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​  ឬ​ក៏​អភិវឌ្ឍន៍​សង្គម​មួយ​ឲ្យ​មាន​ចីរភាព​បាន​។​ ចឹ​ង​ក៏​ត្រូវការ​ ការពារ​គាត់​ដែរ​ ដើម្បី​ឱ្យ​គាត់​មាន​សុវត្ថិភាព​។​ បើសិនជា​យើង​អត់​បាន​យកចិត្តទុកដាក់​ ហើយ​ការពារ​គាត់​ទេ​ យើង​បាត់បង់​នូវ​ធនធានមនុស្ស​ហ្នឹង​ យើង​មានការ​ខាត​ ហើយ​យើង​ មានការ​សោកស្ដាយ​ ដែល​យើង​បាត់បង់​ធនធាន មនុស្ស​ដែល​ល្អៗ​។​ ចឹ​ង​យើង​គិត​ថា​ ការ​ ការពារ​កុមារ​ ហើយនឹង​ជំរុញ​ឱ្យ​កុមារ​មានចំណេះ​ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​ថ្នាក់​ សាលារៀន​ តាំងពី​ថ្នាក់​បឋម​រហូត​ដល់​ថ្នាក់​វិទ្យាល័យ​សម្រាប់​គាត់​ហ្នឹង​ គឺជា​ភាព​ចាំបាច់​ណាស់​ ហើយ​មាន​ប្រយោជន៍​មែនទែន​»​។​

​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លោក​ រស់​ សាលី​ន​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ទាក់ទង​នឹង​រឿង​នេះ​បាន​ទេ​ ដោយ​ទូរស័ព្ទ​ចូល​ តែ​ពុំ​មាន​អ្នក​ទទួល​។​

​សូម​ជម្រាប​ដែរ​ថា​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ គឺជា​អង្គការ​មួយ​ដែល​ធ្វើការ​ទៅ​លើ​ គម្រោង​សំខាន់​ចម្បង​ចំនួន​បី​។​ ទី​មួយ​៖​ ភ្នាក់ងារ​ជំរុញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ ឱ្យ​មានការ​ ប្រែប្រួល​ជា​វិជ្ជមាន​នៅ​ថ្នាក់​ជាតិ​ ដែល​សហការ​ជា​សំខាន់​ជាមួយ​ក្រសួងមហាផ្ទៃ​ អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​ព័ត៌មាន​ និង​អ្នក​សារព័ត៌មាន​ ទី​ពីរ​៖​ ចុះ​ផ្សព្វផ្សាយ​ ពី​ច្បាប់​ចរាចរណ៍​ និង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ថ្នាក់​ក្រោម​ជាតិ​ជាមួយ​ខេត្ត​ និង​រាជធានី​ ដែល​ពាក់ព័ន្ធ​ និង​ទី​បី​៖​ គម្រោង​មួក​សុវត្ថិភាព​មួយ​ ជួយ​មនុស្ស​បាន​ម្នាក់​ ដើម្បី​ចូលរួម​ចំណែក​ ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ និង​អ្នក​មិនដឹង​អី​ ដូច​ជា​កុមារ​ ជាដើម​ ។​

​គួរ​បញ្ជាក់​ដែ​ថា​ តាម​រយៈ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​ បានឱ្យ​ដឹង​ថា​ មនុស្ស​ ៦​នាក់​ បាន​បាត់បង់​ ជីវិត​ក្នុង​មួយ​ថ្ងៃៗ​ នៅ​លើ​ដងផ្លូវ​នៅ​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ដែរ​ អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ដែល​ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ ៥​ដង​ ច្រើន​ជាង​ចំនួន​អ្នក​សា្ល​ប់​ដោយសារ​ គ្រាប់​មីន​ ជំងឺគ្រុនចាញ់​ និង​ជំងឺគ្រុនឈាម​។​ សិក្ខាសាលា​ក៏​ឱ្យ​ដឹង​ដែរ​ថា​ ការ​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ វា​នឹង​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​ នៃ​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​បាន​ ៦៩%​ និង​ការ​ស្លាប់​បាន​ ៤២%៕

Share

Image
Image
Image