ខេត្តព្រះសីហនុ៖ អង្គការមូលធិនធីបង្ការរបួសអាស៊ី ជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលច្បាប់ចរាចរណ៍ ទៅក្នុងកម្មវិធីសិក្សាសម្រាប់កុមារនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងសុវត្ថិភាព។
ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ការពង្រឹងសមត្ថភាពសម្រាប់អ្នកសារព័ត៌មាន អំពីការពាក់មួកសុវត្ថិភាព” ដែលរៀបចំធ្វើនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា លោក គឹម បញ្ញា បានឱ្យដឹងថា បច្ចុប្បន្ន តួលេខដែលអង្គការលោកបានរកឃើញ គឺថាកម្រិតនៃការ ប្រឈមគ្រោះថ្នាក់ភាគច្រើន គឺអាយុចន្លោះពី១៥ ទៅ២៩ឆ្នាំ។
លោកថា បើក្រឡេកទៅមើលកុមារនៅពេលឥឡូវ ពួកគាត់មានអាយុចន្លោះពី៦ ទៅ១២ឆ្នាំ ដែលជាកម្រិតមួយនៅសាលាបឋមសិក្សា។ លោកបន្តថា រយៈពេលប្រាំ ទៅដប់ឆ្នាំខាងមុខទៀត កុមារអាយុចន្លោះទាំងនេះ នឹងក្លាយជាមនុស្សពេញវ័យ។
លោក គឹម បញ្ញា បន្ថែមថាប្រសិនបើមិនពង្រឹងការអប់រំ មិនពង្រឹងវិធានការសុវត្ថិភាព និងមិនពង្រឹងឥរិយាបថរបស់ពួកគេ ទាក់ទងនឹងច្បាប់ចរាចរណ៍ពីពេលឥឡូវនេះទេ សង្គមនៅតែបន្ដកើតមានបញ្ហាប្រឈមគ្រោះថ្នាក់ចរាចរណ៍នេះតទៅទៀត។
«បាទ! អ្វីដែលខ្ញុំចង់លើកឡើង បើយើងអាចធ្វើការងារនេះឱ្យវិជ្ជមាន អាចហាត់ពត់លត់ដំឥរិយាបថរបស់គាត់ ការប្រព្រឹត្តរបស់គាត់លើដងផ្លូវទៅជាវិជ្ជមាន មិនថាគោរពច្បាប់ គោរពអីចឹង គាត់ម្នាក់ គាត់អាចក្លាយជាភ្នាក់ងារ នៅក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរនៅជុំវិញខ្លួន។ បាទ! ចឹងយើងឃើញលទ្ធផលវិជ្ជមាន នៅក្នុងការកាត់បន្ថយចរាចរណ៍ ក៏ដូចជាពង្រឹងសុវត្ថិភាព នៅក្នុងប្រទេសយើងក៏វាខ្ពស់ដែរ នៅក្នុងរយៈពេលប្រាំ ទៅដប់ឆ្នាំ ខាងមុខនេះ»។
លោក គឹម បញ្ញា បានលើកឡើងទៀតថា ថ្វីត្បិតតែកន្លងមកអង្គការ មូលនិធិបង្ការរបួស អាស៊ី (AIP) ធ្លាប់បានចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ជូនដល់កុមារតូចៗតាមសាលា បឋមសិក្សាក៏ពិតមែន ប៉ុន្ដែការចុះអប់រំនិងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ទាំងនោះ បានតែនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ។
«ជាការពិតទៅការអប់រំអត់មានដែនកំណត់ទេបា៎ទ ជាធម្មតាវាមាននូវចំណេះដឹង និងព័ត៌មានថ្មីៗច្រើន។ ចឹង ទោះបីជាយើងបានធ្វើការងារច្រើននៅក្នុងខេត្ដ-រាជធានី គោលដៅរបស់យើង មានភ្នំពេញ កណ្ដាល កំពង់ស្ពឺ ក៏យើងមិនបានគ្របដណ្ដប់ទូទាំងសាលារៀននៅក្នុងខេត្ត ទាំងបីហ្នឹងដែរ។ ចឹង យើងឃើញថា នៅតែមានការចាំបាច់នៅក្នុងការជំរុញការអប់រំ ផ្សព្វផ្សាយទាក់ទងជាមួយនឹងច្បាប់ចរាចរណ៍ ទាក់ទងនឹងការពាក់មួក រឿងឥរិយាបថសុវត្ថិភាព ជូនទៅដល់ក្មួយៗ ជូនទៅដល់កូនៗ ដែលជាសិស្សានុសិស្សដែលនៅតាមបឋមសិក្សា»។
ទាក់ទងនឹងការអំពាវនាវនេះដែរ លោកស្រី លឹម សុជា នាយិកាអង្គការសម្ព័ន្ធសុវត្ថិភាព ចរាចរណ៍ផ្លូវគោក មានប្រសាសន៍ឱ្យដឹងនៅក្នុងកម្មវិធីសិក្ខាសាលា ថា លោកស្រី គាំទ្រដល់ ការស្នើសុំរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីទៅដល់ក្រសួងអប់រំ ព្រោះថា កាលណាបើ ច្បាប់ច្បាប់ចរាចរណ៍ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីអប់រំសម្រាប់កុមារ នៅកម្រិតពីថ្នាក់បឋម រហូតដល់ថ្នាក់វិទ្យាល័យ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមជាតិបានល្អប្រសើរ។
«ខ្ញុំគិតថា ការបណ្ដុះធនធាន ឬក៏ការពារធនធានកុមារតាំងពីតូច វាជាការចាំបាច់ណាស់ ដែល គួរតែយើងគិតគូរដល់កុមារ ពីព្រោះអី គាត់ប្រឹងប្រែងក្នុងការសិក្សាដើម្បីបង្កើតធនធាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឬក៏អភិវឌ្ឍន៍សង្គមមួយឲ្យមានចីរភាពបាន។ ចឹងក៏ត្រូវការ ការពារគាត់ដែរ ដើម្បីឱ្យគាត់មានសុវត្ថិភាព។ បើសិនជាយើងអត់បានយកចិត្តទុកដាក់ ហើយការពារគាត់ទេ យើងបាត់បង់នូវធនធានមនុស្សហ្នឹង យើងមានការខាត ហើយយើង មានការសោកស្ដាយ ដែលយើងបាត់បង់ធនធាន មនុស្សដែលល្អៗ។ ចឹងយើងគិតថា ការ ការពារកុមារ ហើយនឹងជំរុញឱ្យកុមារមានចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងថ្នាក់ សាលារៀន តាំងពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យសម្រាប់គាត់ហ្នឹង គឺជាភាពចាំបាច់ណាស់ ហើយមានប្រយោជន៍មែនទែន»។
វិទ្យុស្ត្រី FM 102 នៃ WMC មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ដើម្បីសុំការអត្ថាធិប្បាយទាក់ទងនឹងរឿងនេះបានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
សូមជម្រាបដែរថា អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) គឺជាអង្គការមួយដែលធ្វើការទៅលើ គម្រោងសំខាន់ចម្បងចំនួនបី។ ទីមួយ៖ ភ្នាក់ងារជំរុញផ្នែកសុវត្ថិភាពចរាចរណ៍ ឱ្យមានការ ប្រែប្រួលជាវិជ្ជមាននៅថ្នាក់ជាតិ ដែលសហការជាសំខាន់ជាមួយក្រសួងមហាផ្ទៃ អគ្គស្នង ការដ្ឋាននគរបាលជាតិ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន ទីពីរ៖ ចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ និងការពាក់មួកសុវត្ថិភាពនៅថ្នាក់ក្រោមជាតិជាមួយខេត្ត និងរាជធានី ដែលពាក់ព័ន្ធ និងទីបី៖ គម្រោងមួកសុវត្ថិភាពមួយ ជួយមនុស្សបានម្នាក់ ដើម្បីចូលរួមចំណែក ជួយកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងអ្នកមិនដឹងអី ដូចជាកុមារ ជាដើម ។
គួរបញ្ជាក់ដែថា តាមរយៈសិក្ខាសាលានៅថ្ងៃនេះ បានឱ្យដឹងថា មនុស្ស ៦នាក់ បានបាត់បង់ ជីវិតក្នុងមួយថ្ងៃៗ នៅលើដងផ្លូវនៅប្រទេសកម្ពុជា ក្នុងនោះដែរ អ្នករួមដំណើរតាមម៉ូតូ ដែល បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៥ដង ច្រើនជាងចំនួនអ្នកសា្លប់ដោយសារ គ្រាប់មីន ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ សិក្ខាសាលាក៏ឱ្យដឹងដែរថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ វានឹងជួយកាត់បន្ថយនូវហានិភ័យ នៃការរងរបួសក្បាលធ្ងន់ធ្ងរបាន ៦៩% និងការស្លាប់បាន ៤២%៕