en     km
en     km

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បញ្ជាឱ្យកម្មកររោងចក្រស្តារឡៃថ៍ ផ្អាកធ្វើកូដកម្ម ហើយចូលធ្វើការវិញ នៅថ្ងៃអង្គារនេះ

Share

ក្រុមកម្មករនិយោជិត រោងចក្រកាត់ដេរសម្លៀកបំពាក់ស្តារឡៃថ៍ ដែលតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួន ពេលនេះត្រូវបានក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាឱ្យផ្អាកធ្វើកូដកម្ម ហើយត្រូវចូលធ្វើការងារវិញនៅថ្ងៃទី០៦ ខែមិថុនានេះ ដោយត្រូវរង់ចាំដំណោះស្រាយបន្ត។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រោយការធ្វើបាតុកម្មតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួន រហូតដល់ក្រុមហ៊ុនសម្រេចព្យួរការងារកម្មករនិយោជិត២ខែ ពេលនេះក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមអន្តរាគមន៍នៅក្រុមហ៊ុន ស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលមានទីតាំងស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនេះ បានបញ្ជាឱ្យក្រុមកម្មករនយោជិតផ្អាក ធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាល ត្រូវបានបញ្ចប់សព្វគ្រប់ ហើយកូដករទាំងអស់ត្រូវត្រឡប់ចូលធ្វើការវិញ ចាប់ពីព្រឹកថ្ងៃទី៦ ខែមិថុនានេះ តាមវេនរបស់ខ្លួន ដែលបានកំណត់ជាមួយរោងចក្រ។ នេះបើតាមសេចក្ដីបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

 

តាមបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះ ក្រុមកម្មករនិយោជិតទាំងអ្នកតវ៉ា និងអ្នកស្រុះស្រួលបានចូលធ្វើការវិញនៅថ្ងៃទី០៦ ខែមិថុនានេះតាមកាលកំណត់។ លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃអង្គារនេះថា ក្រុមកម្មករនិយោជិត រូមទាំងក្រុមសហជីពរបស់លោកត្រូវចូលធ្វើការវិញធម្មតាតាមការបញ្ជានេះ។

«ដោយសារក្រុមប្រឹក្សាអាជ្ញាកណ្ដាលគាត់ចេញសេចក្ដីបង្គាប់បង ដល់ចឹងក្រុមកម្មករត្រូវគោរសេចក្ដីបង្គាប់របស់អាជ្ញាកណ្ដាល»

ចំណែកម្ចាស់គណនីហ្វេសប៊ុកឈ្មោះវីត វីត ដែលជាកម្មករម្នាក់នៅរោងចក្រស្ដារឡៃថ៍ បានឱ្យដឹងថា «យើងខ្ញុំទាំងអស់គ្នាជាប្រតិភូបុគ្គលិកនិងសហជីពការងារដើម្បីកម្ពុជាព្រមទាំងកម្មករនិយោជិតទាំងអស់នៅក្រុមហ៊ុនស្តារឡៃថ៍ស្នើសុំលោកថៅកែកុំមានការព្យួរការងាររយៈពេល ២ខែរបស់យើងទាំងអស់គ្នាដោយសូមលោកថៅកែជួយរៀបចំការងារឲ្យពួកយើងខ្ញុំបានធ្វើការធម្មតាដើម្បី បានប្រាក់ចំណូលយកដោះស្រាយក្នុងបន្ទប់គ្រួសារពីព្រោះលោកថៅកែ ព្យូរការងារ ធ្វើឲ្យបាត់បង់ចំណូលនិងធ្វើឲ្យយើងជួបបញ្ហាសេដ្ឋកិច្ច មានការខ្វះខាតក្នុងគ្រួសារ»។

 

ក្នុងការតវ៉ាទាមទារកន្លងមកចំណុចមួយចំនួនត្រូវបានសះជា ប៉ុន្តែនៅមានចំណុចរសើបមួយដែលពិបាកសះជារង់ការដោះស្រាយបន្ត។ នោះគឺ ក្រុមកម្មករនិយោជិត សុំឱ្យបញ្ឈប់ លោក ម៉េង សុជាតិ អ្នកគ្រប់គ្រងក្រុមហ៊ុនថ្មី ដែលពួកគេអះអាងថាមិនគិតគូដល់ផលប្រយោជន៍រួមធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ និងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន។ ទោះយ៉ាងណាចំណុចនេះប្រធានសហជីពខាងលើ គឺលោក រស់ សំបូរ បញ្ជាក់ថាភាគីពាក់ព័ន្ធត្រូវចរចារដោះស្រាយនៅថ្ងៃទី០៦ ខែមិថុនានេះ។

«ចំណុចចុងក្រោយហ្នឹង ថ្ងៃហ្នឹងមានថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអភិបាលក្រុង អភិបាលរងខេត្តគាត់ចុះមកជួយសម្របសម្រួល ហើយក៏នឹងមានខាងឯកឧត្តម អ៊ូ រតនា (អនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ដែលបានអន្តរាគមន៍លើបញ្ហានេះ) គាត់ចុះមកដែរតែអត់ទាន់ជួបកម្មករទេ»។

ក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានកម្មករនិយោជិតសរុប ៤០០៦នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ លោក រស់ សំបូរអះអាងថា កន្លងមកក្រោយមាននាយកថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ ហើយក្នុងការតវ៉ានេះ ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់កម្មករនិយាជិត១៥០នាក់បន្ថែមទៀត៕

 

 

Share

Image
Image
Image