ហ្សាការតា៖ យោងតាម C N A ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទ ទី៥ ខែមិថុនា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួនជាមួយកងទ័ពជើងទឹកមកពីប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូង ខណៈដែលកំពុងមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំឆ្នាំមានឈ្មោះថាKomodo គឺជាសមយុទ្ធ “មិនមែនសង្គ្រាម” ដែលមានគោលបំណង “ពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹក” នៃប្រទេសចំនួន៣៦។
សមយុទ្ធនេះធ្វើឡើងនៅពេលដែលចិន និងសហរដ្ឋអាមេរិកបង្កើននយោបាយការទូតផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងសមុទ្រប៉ាស៊ីហ្វិកខាងលិច។
សមយុទ្ធដែលរៀបចំដោយឥណ្ឌូនេស៊ីនេះបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុកាលពីចុងសប្តាហ៍កន្លងទៅនៅច្រកសមុទ្រតៃវ៉ាន់ ដែលកងនាវាអាមេរិកបាននិយាយថា នាវាចម្បាំងចិនបានបើកកាត់ពីមុខនាវាពិឃាតអាមេរិកក្នុង “រយៈចម្ងាយមិនមានសុវត្ថិភាព” ។
កងទ័ពជើងទឹកឥណ្ឌូណេស៊ីបាននិយាយថា មាននាវាចំនួន ១៥ គ្រឿង ក្នុងនោះមាននាវាមកពីប្រទេសចិន និងរុស្ស៊ីផងដែរ បានចតនៅក្បែរកោះ Sulawesi កាលពីថ្ងៃចន្ទទី៥ មិថុនា ខណៈដែលសមយុទ្ធ Komodo បានចាប់ផ្តើម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃចន្ទទី៥ មិថុនាថា កងទ័ពជើងទឹកចិនបានបញ្ជូននាវាពិឃាត Zhanjiang និងនាវាចម្បាំង Xuchang ដែលមានបំពាក់ទៅដោយកាំជ្រួចផ្លោង ទៅកាន់កន្លែងធ្វើសមយុទ្ធផងដែរ។
សូមរំឭកផងដែរថាសមយុទ្ធ Komodo ឆ្នាំនេះគឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីសមយុទ្ធជាលើកដំបូងនៅឆ្នាំ២០១៤៕