ក្រុងម៉ូស្គូ៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឱ្យដឹងកាលពីម្សិលមិញថា ការទម្លាក់គ្រាប់បែករបស់ប្រទេសរុស្ស៊ី នៅក្នុងប្រទេសស៊ីរី អាចបង្កទៅជាឧក្រិដ្ឋកម្មសង្គ្រាមបាន ដោយសារតែចំនួនជនស៊ីវិលត្រូវបានសម្លាប់ដោយសារការវាយប្រហារ និងបានអះអាងថានេះជាភស្តុតាងដែលថាការវាយឆ្មក់តាមផ្លូវអាកាស បានរំលោភច្បាប់មនុស្សជាតិផងដែរ។
របាយការណ៍ថ្មីមួយរបស់ អង្គការ Amnesty បានបញ្ជាក់ផងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី បានសម្លាប់ជនស៊ីវិលរាប់រយនាក់ និងបាន បំផ្លាញលំនៅដ្ឋាន និងទីជម្រកជាច្រើន ព្រមទាំងវិហារអ៊ីស្លាមមួយកន្លែង ហើយនិងផ្សារដែលមានភាពកុះករមួយ រួមទាំងគិលានដ្ឋាន ដែលនេះជាភស្តុតាងនៃការរំលោភច្បាប់អន្តរជាតិស្ដីពីមនុស្សជាតិ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី៣០ ខែកញ្ញា ដោយនិយាយថា ខ្លួនចង់ជួយសម្ព័ន្ធមិត្តនៅមជ្ឈិមប្រទេសរបស់វិមានក្រឹមឡាំង គឺលោកប្រធានាធិបតីស៊ីរី Bashar Al-Assad ដែលច្បាំងជាមួយរដ្ឋអ៊ីស្លាម ហើយនិងក្រុមសកម្មប្រយុទ្ធដទៃទៀត។
ពួកគេបានបដិសេធម្តងហើយម្តងទៀតថា ការវាយប្រហារ មិនសំដៅ និងក្រុមស៊ីវិលមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបញ្ជៀសការទម្លាក់គ្រាប់បែកនៅតំបន់ដែលជាលំនៅដ្ឋានរបស់ពលរដ្ឋ។
នៅពេលដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានសួរពីការចោទប្រកាន់របស់អង្គការនេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនមិនមានការអត្ថាធិប្បាយអ្វីភ្លាមៗទេ ខណៈដែលក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ជាដំបូង ខ្លួនត្រូវការសិក្សាពីរបាយការណ៍នេះជាមុនសិន មុនពេលធ្វើប្រតិកម្មជាផ្លូវការណាមួយ។
អង្គការ Amnesty បានចោទប្រកាន់លើអ្នកសង្កេតការណ៍ស៊ីរីមួយចំនួន ដោយបានអះអាងថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនោះ គ្រាន់តែធ្វើឱ្យបាត់បង់ជីវិតជនស៊ីវិល ២០០ នាក់ និងជនសកម្មប្រយុទ្ធមួយចំនួនប៉ុណ្ណោះ ចាប់តាំងពីខែកញ្ញា ដល់ខែវិច្ឆិកា ក្នុងឆ្នាំនេះ។
របាយការណ៍ដែលផ្តោតលើការវាយប្រហារចំនួន ៦ នៅក្នុងទីក្រុង Homs ទីក្រុង Idlib និងទីក្រុង Aleppo បានធ្វើឡើងដោយផ្អែកលើការសម្ភាសន៍សាក្សី និងអ្នកនៅរស់រានមានជីវិតផ្ទាល់ ព្រមទាំងសម្អាងទៅលើភស្តុតាងនៃវីដេអូ និងរូបភាពដែលបានបង្ហាញ បន្ទាប់ការវាយប្រហារនេះ។
លោក Philip Luther នាយកកម្មវិធីមជ្ឈិមប្រទេសនិងអាហ្វ្រិកខាងជើង នៃអង្គការលើកលែងទោសអន្តរជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា សូមអំពាវនាវដល់ការមិនឱ្យមានការដោយផ្ទាល់ទៅលើជនស៊ីវិល និងលើលំនៅដ្ឋានរបស់ជនស៊ីវិល ដោយគ្មានគោលដៅយោធាច្បាស់លាស់។
លោក Luther បាននិយាយថា៖ «ការវាយប្រហារបែបនេះ អាចបង្កទៅជាឧក្រិដ្ឋកម្មសង្គ្រាមបាន»៕
ប្រែសម្រួលដោយ៖ មឿន ឌីណា / ប្រភព៖ ChannelNeswAsia