en     km
en     km

កូដករណាហ្គាវើលដ៍ទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយបញ្ហាជាជាងចោទកម្មករថាស៊ីឈ្នួលធ្វើកូដកម្ម

Share

ក្រុមកូដករជាអតីតបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី នៅរសៀលថ្ងៃទី០៥ ខែមិថុនានេះ បាននាំគ្នាបន្តធ្វើបាតុកម្ម ដើម្បីទាមទារដំណោះស្រាយ ជុំវិញវិវាទការងារ ដែលបានអូសបន្លាយពេលជាងមួយឆ្នាំកន្លះមកហើយ។ ការតវ៉ាលើកនេះ ពួកគេបានប្រើប្រាស់រូបបេះដូងពណ៌ខ្មៅ ក្នុងការទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះដោះស្រាយបញ្ហា ដែលតវ៉ារ៉ាំរ៉ៃនេះ។ អ្នកតវ៉ាទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការងារ ជួយដោះស្រាយបញ្ហា ជាជាងការចោទកម្មករថា ស៊ីឈ្នួលកូដកម្ម។

លោក គីម ចាន់ចាវ រាយការណ៍ 

 

ក្រុមកូដករអតីតបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បានប្រមូលផ្ដុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៍ជាថ្មីម្ដងទៀត ដើម្បទាមទារសិទ្ធិការងារ។ ពួកគេបានប្រើផ្ទាំងក្រណាត់ធំពណ៌ខ្មៅ សរសេរសារថា«បញ្ឈប់ការប្រើប្រព័ន្ធតុលាការបំបិទសំឡេងអ្នកតវ៉ា» និងស្រែកអំពាវនាវឱ្យមានការដោះស្រាយពីភាគីពាក់ព័ន្ធ។

ក្រុមកូដករបានព្យាយាមយកសំបកឡាំងបត់កន្ដំរូបបេះដូងជាច្រើនធ្វើជាបដាក្នុងការតវ៉ានេះ។ បដាជារូបបេះដូងនេះ មានតូចមានធំ ដែលនៅលើបេះដូងពណ៌ខ្មៅនោះមានសរសេរឈ្មោះណាហ្គាវើលដ៍ខ្លះសរសេរជាភាសារខ្មែរ ខ្លះសរសេរជាភាសាអង់គ្លេស។ ជាមួយគ្នានេះពួកគេបានរៀបចំរូបបេះដូងមួយគូដែលមានធំហំធំជាងគេ ស្រោបក្រណាត់ពណ៌បៃតង ដែលជាពណ៌អាវរបស់ថៅកែណាហ្គាលវើលដ៍លោក CHEN LIP KEONG ដែលលោកពាក់ពេលធ្វើសកម្មភាពមនុស្សធម៌ និងជួយផ្ដល់ថវិកាដល់រដ្ឋាភិបាលជាដើម។

បេះដូងពណ៌បៃតងធំជាងគេនេះ មិនមានសរសេរសារអ្វីឡើយ ប៉ុន្តែនៅពេលពួកគេបកក្រណាត់បៃតងចេញ បេះដូងនេះមានពណ៌ខ្មៅ និងមានរូបថតលោក CHEN LIP KEONG សរសេរពាក្យណាហ្គាវើលដ៍(NAGAWORLD)។  ស្រីម្នាក់ដែលសកម្មក្នុងការតវ៉ានេះ បានអះអាងថាកូដកម្មនេះកើតឡើងពីការមិនសុខចិត្ត ដែលថៅកែណាហ្គាវើលដ៍គាស់រំលើងសហជីព។

«គាត់នៅចំណេញ ហេតុអីក៏គាត់ទៅប្រាប់ក្រសួងថា គាត់ខាតទាំងដែលមានចំណូលចំណាយរបស់គាត់លក់Share holder នៅក្នុងហុងកុង…»

 

អ្នកតវ៉ាម្នាក់ទៀត គឺលោក ណាំ ទីវ័ន្ត បានប្រកាសថាការធ្វើការតវ៉ានេះ មិនមែនស៊ីឈ្នួលពីអ្នកណាឡើយ ប៉ុន្តែជាការទាមទារដំណោះស្រាយការងារ។ លោកអំពាវនាវដល់លោក អ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយបញ្ហានេះ ជាជាងការចោទកម្មករនិយោជិត។

«ចោទពួកខ្ញុំថាស៊ីឈ្នួលបរទេស មកធ្វើបាតុកម្ម ចុះលោកហ្នឹងស្អីដែរបានលោកខំការពារថៅកែបរទេសហ្នឹងវិញ? មកធ្វើបាបកម្មករខ្មែរដែលជាជនរងគ្រោះវិញ?…»

 

ជាការកត់សម្គាល់ ការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍តែងទទួលការវាយប្រហារពីថ្នាក់ដឹកនាំរដ្ឋាភិបាលថា ជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម និងកូដកម្ម។

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។

 

កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។

 

ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេលជិត៧ខែហើយ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង