en     km
en     km

អនាគតនាយក​រដ្ឋមន្ត្រី​ថៃ​ចូល​រួម​​ដង្ហែក្បួនប្រាយដែលជាយុទ្ធនាការគាំទ្រក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា

Share

មនុស្ស ៥ ម៉ឺននាក់ដើរដង្ហែក្បួនប្រាយនៅកណ្តាលទីក្រុងបាកកកនៃប្រទេសថៃ ខណៈលោក Pita Limjaroenrat បានចូលរួមជាមួយក្បួននេះ និងសន្យាយ៉ាងជាក់ច្បាស់ថា នឹងគាំទ្រច្បាប់អនុញ្ញាតក្រុមមនុស្សស្រឡាញ់ភេទដូចគ្នារៀបការ ប្រសិនបើលោកក្លាយជានាយករដ្ឋមន្រ្តីថៃ។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន CNA បានរាយការណ៍ថា មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បានចូលរួមក្នុងក្បួនដង្ហែបុណ្យប្រាយឆ្លងកាត់កណ្តាលទីក្រុងបាងកកកាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរ លោក Pita បាននិយាយជាសាធារណៈក្នុងចំណោមហ្វូងមនុស្ស ៥ ម៉ឺននាក់នៅក្នុងក្បួនដង្ហែនេះថា  លោកសន្យានឹងគាំទ្រច្បាប់អនុញ្ញាតឱ្យក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាមានសិទ្ធិទទួលបានអាពាហ៍ពិពាហ៍ពេញលេញ ជាពិសេសសមភាពយេនឌ័រនៅក្នុងប្រទេស ប្រសិនណាបើលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃនាអាណត្តិនេះ។

លោក​ Pita បានប្រាប់អ្នកយកព័ត៌មាននៅឯក្បួនដង្ហែនេះដែរថា នៅពេលលោក និងសម្ព័ន្ធមិត្តអាចបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងអាណត្តិនេះបាន ពួកលោកនឹងគាំទ្រលើសមភាពយេនឌ័រ ច្បាប់រៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងអនុម័តលើបញ្ហាមួយចំនួនផ្សេងទៀត ដែលរួមទាំងសុខុមាលភាពរបស់ប្រជាពលរដ្ឋថៃផងដែរ។

យ៉ាងណាមិញ លោក​បាន​បន្ត​ថា​ សម្ព័ន្ធភាពរបស់គណបក្ស Move Forward ទាំង ៨ គណបក្សនយោបាយ បានសន្យារួមគ្នានៅក្នុងការអនុម័តច្បាប់ផ្តល់សិទ្ធិសេរីភាពដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទាំងផ្លូវកាយនិងផ្លូវចិត្ត ដើម្បីធានាសិទ្ធិស្មើគ្នាសម្រាប់គូស្វាមីភរិយាទាំងអស់ដោយមិនគិតពីភេទ បន្ទាប់ពីអនុម័តសេចក្តីព្រាងច្បាប់ និងច្បាប់ពាក់ព័ន្ធត្រូវបានជាប់គាំងនៅក្នុងសភានៅក្រោមរដ្ឋាភិបាលនៃអាណត្តិមុន។

ជាការកត់សម្គាល់ ប្រទេសថៃជាប្រទេសមួយនៅតំបន់អាស៊ី ដែលបើកចំហសម្រាប់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ភេទទីបី និងអ្នកកែភេទជាដើម។ ក៏ប៉ុន្តែសកម្មជននយោបាយជាច្រើនហាក់យល់ថា ច្បាប់ និងក្រសួងពាក់ព័ន្ធរបស់ថៃនៅមិនទាន់បង្ហាញនូវអាកប្បកិរិយាព្រមទទួលស្គាល់ ឬលើកទឹកចិត្តចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងផ្តល់សិទ្ធិរៀបការតាមផ្លូវច្បាប់ឱ្យទៅពួកគេនៅឡើយទេ។

សូមរំលឹកថា លោក Pita Limjaroenrat ជាមេដឹកនាំគណបក្ស Move Forward ដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ប្រជាពលរដ្ឋថៃសង្ឃឹមថា លោក Pita នឹងអាចក្លាយជានាយករដ្ឋមន្រ្តីថៃថ្មីសម្រាប់អាណត្តិនេះ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣

Share

Image
Image
Image