ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ កម្មករនិយោជិតរោងចក្រស្តាឡៃថ៍ ដែលតវ៉ាទាមទារលក្ខខណ្ឌមួយចំនួនពីរោងចក្រ បានបន្តប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខរោងចក្រ បន្ទាប់ពីថ្នាក់ដឹកនាំរោងចក្រសម្រេច ព្យួរការងារពួកគេរយៈពេល ២ ខែ អំឡុងពេលនៃការតវ៉ានេះ។ លោក គីម ចាន់ចាវ រាយការណ៍
ក្រុមកម្មកររោងចក្រស្តាឡៃថ៍ ដែលមានទីតាំងស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល តាមរយៈសហជីពអំណាចយុវជនកម្ពុជា បាននាំគ្នាតវ៉ា និងដាក់ពាក្យបណ្ដឹងទាមទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាមួយចំនួនដើម្បីឱ្យក្រុមហ៊ុន អនុវត្តឱ្យបានល្អប្រសើរទៅតាមច្បាប់ស្ដីពីការងារ និងសមស្របទៅតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ។
ក្រុមកម្មករបានទាមទារនូវសំណូមពរចំនួន ៩ ចំណុច ដែលមានដូចជា នៅពេលក្រុមហ៊ុនព្យួរការងារ សូមឱ្យមានអធិការកិច្ចការងារឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ។ មុនបញ្ចប់កិច្ចសន្យាការងារកម្មករ និយោជិតសុំឱ្យក្រុមហ៊ុនធ្វើការព្យួរកិច្ចសន្យាឱ្យបានត្រឹមត្រូវតាមច្បាប់ជាមុនសិន។ កុំព្យួរតំណាងកម្មករ តំណាងសហជីព សកម្មជនសហជីពមុនកម្មករនិយោជិត សុំឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យគាត់ធ្វើការងារធម្មតារហូតដល់ព្យួរការងារចុងក្រោយ។
មួយទៀតដែរ នៅពេលក្រុមហ៊ុនកាត់បន្ថយចំនួនកម្មករ សុំឱ្យក្រុមហ៊ុនអនុវត្តចំពោះកម្មករណាដែលមានអតីតភាពការងារតិចជាងគេ។ ក្នុងនោះនៅពេលដែលក្រុមហ៊ុនបញ្ឈប់កម្មករកម្មការិនី សុំឱ្យក្រុមហ៊ុនសង ៥ ចំណុចជូនពួកគាត់។ ចំណុចមួយទៀតដែរនោះ ក្រុមកម្មករនិយោជិត សុំឱ្យបញ្ឈប់ លោក ម៉េង សុជាតិ អ្នកគ្រប់គ្រងក្រុមហ៊ុនថ្មី ដែលពួកគេអះអាងថាមិនគិតគូដល់ផលប្រយោជន៍រួមធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងការបិទទ្វារ និងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន។
អនុប្រធាននៃអគ្គលេខាធិការដ្ឋានដោះស្រាយកូដកម្ម បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ លោក អ៊ូ រតនា ដែលបានអន្តរាគមន៍លើបញ្ហានេះ បានលើកឡើងតាមបណ្ដាញសង្គមថា ការស្រាយវិវាទការងារ ៩ចំណុចរបស់កម្មករនៃរោងចក្រស្តាឡៃថ៍ ជាលទ្ធផលមានការសះជា ៨ ចំនុចហើយ។ លោកបន្តថាមានទំនាស់ពាក់ព័ន្ធនិងសិទ្ធិ ឬលក្ខខណ្ឌការងារនៅសល់តែ១ចំណុចទៀតប៉ុណ្ណោះនៅមិនទាន់សះជា នោះគឺ ការទាមទារឱ្យដកនាយកក្រុមហ៊ុននិងដកប្រធានរដ្នបាលចេញពីរោងចក្រ។
លោកបានចោទសួរថា ក្នុងន័យឌឺដងថា «តើនេះជាទំនាស់អ្វី?ហើយអស់លោកលោកស្រីជាអ្វី?ដល់ថៅកែមិន ព្រមនាំគ្នាស្រែកថាអយុត្តិធម៏មិនព្រមចូលធ្វើការ សូមជួយគិតផង ។ ត្រូវគិតដល់កម្មករនិយោជិតដទៃទៀតផងដែលគ្នាចង់ធ្វើការដើម្បីជីវភាព (សិទ្ធក្នុងការសំរេចចិត្តដកឬទុក ជាសិទ្ធរបស់ថៅកែមិនមែនជាសិទ្ធរបស់អ្នកផ្សះផ្សាទេ)»
ឆ្លើយតបនឹងការលើកឡើងនេះ លោក រស់ សំបូរ អនុប្រធានសហជីពអំណាចយុវជនកម្ពុជា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃច័ន្ទនេះថា ចាប់តាំងពីលោក ម៉េង សុខជាតិ ឡើងគ្រប់គ្រង់ក្រុមហ៊ុន បញ្ហាជាមួយកម្មករតែងកើតមានជាបន្តបន្ទាប់។
«ការងារអត់មានឱ្យគាត់ធ្វើគ្រប់គ្រាន់ អ្នកបញ្ជាទិញត្រូវបានដក ហើយប៉ះពាល់ការងាររបស់គាត់ អត់មានការថែមម៉ោង ហើយមានការចាត់កម្មករ បញ្ឈប់កម្មករ ឈានដល់ការព្យួរការងារកម្មករ…»
លើបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងលោក ស៊ុន វាសនា ប្រធានរដ្ឋបាលក្រុមហ៊ុន ប៉ុន្តែលោកមិនលើកទូរសព្ទ។ ចំណែកលោក ម៉ារ៉ាឌី ជំនួយការរដ្ឋបាលរោងចក្រ អះអាងថារោងចក្រកំពុងរវល់ដោះស្រាយ មិនទាន់អាចឆ្លើយតបយ៉ាងណាឡើយ។
«រោងចក្រខ្ញុំកំពុងរវល់ហា៎ ចឹងខ្ញុំអត់មានអីផង អត់អាចឆ្លើយឥលូវបានផង ព្រោះខ្ញុំកំពុងតែរវល់។»
ក្នុងការអន្តរាគមន៍ដោះស្រាយដោយ លោក អ៊ូ រតនា ដែលជាមន្ត្រីជាន់ខ្ពស់ក្រសួងការងារនេះ ក្រុមហ៊ុនបានសម្រេចបដិសេធសំណើរសុំដកអ្នកគ្រប់គ្រង និងប្រធានរដ្ឋបាលក្រុមហ៊ុនខាងលើ ប៉ុន្តែក្រុមហ៊ុនសម្រេចព្យួរកិច្ចសន្យាការងារកម្មកររយៈពេល២ខែ។ លោក រស់ សំបូរ អះអាងថាការសម្រេចរបស់ក្រុមហ៊ុន ក្នុងពេលការអន្តរាគមន៍ពីក្រសួងការងារនេះ បានធ្វើឡើងក្នុងពេលដែលអវត្តមានក្រុមសហជីពរបស់លោក ពោលគឺក្រុមសហជីពដែលជាដើមបណ្ដឹងមិនត្រូវបានចូលរួមផ្ដិតមេដៃទទួលស្គាល់ឡើយ។
«ក្រុមហ៊ុនបានបង្វែរស្ថានភាពហ្នឹង ទៅជាព្យួរការងារទាំងស្រុង រយៈពេល២ខែ ហើយបង្ករទៅជាធ្វើឱ្យកម្មករ គាត់រឹតតែខឹងសម្បារទៅលើពួកគាត់ទៀត»។
សូមបញ្ជាក់ថា ក្រុមហ៊ុនស្ដារឡៃថ៍ អឹតែរិល មេនូហ្វេកឆឺរីង ដែលជារោងចក្រសេដ្ឋកិច្ចចម្បងក្នុងការកាត់ដេរសម្លៀកបំពាក់ មានកម្មករនិយោជិតសរុប ៤០០៦នាក់ ក្នុងនោះមានស្ត្រី៣៣៩១នាក់។ ប្រធានសហជីពខាងលើអះអាងថា កន្លងមកក្រោយមាននាយកថ្មី ក្រុមហ៊ុនបញ្ឈប់កម្មករអស់ជាង៣០០នាក់ ហើយក្នុងការតវ៉ានេះ ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់កម្មករនិយាជិត១៥០នាក់បន្ថែមទៀត៕