អ្នកនាង មាស សុខសោភា តារាចម្រៀងស្រីជួរមុខម្នាក់ក្នុងប្រទេសកម្ពុជា បានចេញមុខបកស្រាយចំពោះការផ្សាយចម្រៀងមួយបទរបស់ខ្លួនមានចំណងជើងថា “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧”។ តារាចម្រៀងសំឡេងផ្អែមរូបនេះ ពន្យល់ថា ខ្លួនគ្មានចេតនាបំភ្លៃប្រវត្តិសាស្រ្តខ្មែរក្នុងបទចម្រៀងនោះទេ តែដោយសារខ្វះចន្លោះក្នុងការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រវត្តិសាស្រ្តមុននឹងផលិតបទនេះឡើង។ ប្រការនេះទើបធ្វើឱ្យមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។
(លោក ឡាក់ ច័ន្ទតារា ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ)
តាមរយៈការបកស្រាយរបស់តារាចម្រៀងស្រីសំនៀងផ្អែមមុតរូបនេះ បន្ទាប់ពីមហាជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញមុខប្រតិកម្មនឹងបទចម្រៀងមួយបទនេះ ក្រោយពីបានបង្ហោះបានមួយថ្ងៃលើបណ្ដាណសង្គម។ អ្នកនាង មាស សុខសោភា បានសរសេរសារលើទំព័រហ្វេសប៊ុកនិងបានលុបចម្រៀងនោះចេញពីបណ្ដាញសង្គមភ្លាមៗ ទាំងទំព័រហ្វេសប៊ុក និងឆាណែលយូធូប ដោយភ្ជាប់ជាមួយការសុំទោសទៅកាន់ក្រសួងវប្បធម៌ និងរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា ក្រសួងវប្បធម៌បានអន្ដរាគមន៍លើចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ថាបទចម្រៀងនេះ បរិយាយដោយគ្មានភស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រដ៏មហិមានៅសម័យអង្គរឡើយ។
ក្រសួងបញ្ជាក់ថា មកដល់ពេលនេះ មិនមានភស្តុតាងពិតប្រាកដ បញ្ជាក់ច្បាស់ពីការសោយទិវង្គត របស់ព្រះបាទជ័យរវ្ម័នទី៧នោះទេ ព្រោះពុំទាន់មានឯកសារស្រាវជ្រាវប្រវត្តិសាស្រ្តណាមួយ ដែលមានលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់មកបញ្ជាក់ឡើយ ហើយការផលិតចម្រៀងនេះឡើង ជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជា។
ក្រសួងបានអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ដែលចង់បង្កើត និងផលិតស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្រ្តជាតិ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។
ដោយមានអ្នកបញ្ចេញមតិក្នុងបណ្ដាញសង្គមថាឱ្យចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសុំឱ្យអ្នកលេងបណ្តាញសង្គម សុំបញ្ឈប់ភ្លាម កុំបន្តជជែកលើបទចម្រៀង “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ទៀត ព្រោះបើមិនដូច្នេះនៅជារឿងរុញឱ្យខ្លោច រោលឱ្យឆៅ៕