en     km
en     km

មន្រ្តីសេដ្ឋកិច្ចបារម្ភការដំឡើងពន្ធបារីខ្ពស់នាំឱ្យមានកំណើនរត់ពន្ធបារីខុសច្បាប់ ខណៈ UNនិងWHOថាមិនអាចនោះទេ

Share

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វ៉ាន់ ពុទ្ធិពល បានសម្តែងក្តីព្រួយបារម្ភចំពោះការដំឡើងពន្ធផលិតផលថ្នាំជក់ ដែលប្រការនេះនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់។ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ(UN)និងអង្គការសុខភាពពិភពលោក(WHO)រកឃើញថា ការដំឡើងពន្ធផលិតផលថ្នាំជក់នឹងធ្វើឱ្យកម្ពុជាមានផលចំណេញយ៉ាងច្រើន ហើយការដំឡើងពន្ធបារីមិនមែនជាហេតុផលនាំឱ្យមានការគេចពន្ធបារីនោះទេ។

កញ្ញា គុជ ស៊ីកុល រាយការណ៍៖

បច្ចប្បន្នគេសង្កេតឃើញថា ការដំឡើងពន្ធទៅលើផលិតផលថ្នាំជក់នៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំហាក់មានសភាពយឺតយ៉ាវ បើធៀបទៅនឹងប្រទេសជិតខាង ដោយអត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយ នៅកម្ពុជាមានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូល។ ការដំឡើងពន្ធបារីនៅកម្ពុជា បើធៀបនឹងក្បែរខាង គឺប្រទេសថៃវិញមានអត្រាពន្ធក្នុងតម្លៃលក់រាយរហូតដល់ ៧០% ចំណែកសិង្ហបុរីមាន ៦៧.៥% និងភូមា ៥០%ទៅ៦០%។

ត្រង់ចំណុចនេះ អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងវេទិកាស្តីពី វិធានការពន្ធលើផលិតផលថ្នាំជក់ និងស្វែងយល់អំពីវិធានការពន្ធថ្នំាជក់ និងអត្រាពន្ធថ្នំាជក់ ថាការដំឡើងពន្ធបារីគឺពុំទាន់មានសម្រេចសិក្សាឱ្យបានច្បាស់លាស់នៅឡើយទេ ត្បិតការដំឡើងពន្ធបារីអាចនាំឱ្យមានបញ្ហាមួយចំនួនផ្សេងទៀត។

លោកសង្កត់ធ្ងន់ថា បច្ចប្បន្នក្រសួងសេដ្ឋកិច្ចកំពុងធ្វើដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ជាបណ្តើរៗទៅតាមជំហាននីមួយៗ ដោយប្រុងប្រយ័ត្នបំផុត ដោយលោកសម្តែងក្តីបារម្ភថា ការដំឡើងពន្ធលើផលិតផលថ្នាំជក់ខ្ពស់ពេក គឺអាចនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់ ដែលធ្វើឱ្យខាតបង់ចំណូលរដ្ឋទៅវិញ។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល៖ «យើងនឹងកំពុងតែរៀបចំធ្វើអនុក្រឹត្យ ប៉ុន្តែត្រូវមានការសិក្សាច្បាស់លាស់ព្រោះអីការតម្លើងពន្ធមិនមែនជាការធម្មតាទេវាអាចជះឥទ្ធិពលដល់សេដ្ឋកិច្ចដែរ។ កាលណាការដោះស្រាយគេចពីការបង់ពន្ធតិចឬច្រើនខ្លាំងជាងការបង់ពន្ធពេលនោះនាំឱ្យមានការរត់ពន្ធ ខ្ញុំលើកទាហរណ៍ថាប្រសិនបើបារីមួយកប៉ាល់ឈប់នៅសមុទ្រអន្តរជាតិយើងអត់មានសិទ្ធទៅចាប់ទេប៉ុន្តែពេលយប់មានកាណូតតូចៗចុះពីកប៉ាល់មកឡើងតាមឆ្នេរមកតាមគ្រប់កន្លែងទាំងអស់នោះ ក្រសួងសេដ្ឋកិច្ចធ្លាប់ចាញ់ក្តីគេម្តថហើយឆ្នាំណានោះទៅចាប់ឡាគេនោះនៅសមុទ្រអន្តរជាតិ ដឹងហើយថាឡានហ្នឹងរត់ពន្ធដាក់តាមទូកអីមកចូលហើយដល់ទៅចាបមកមានអីកាត់ក្តីទៅចាញ់គេ»។

តែយ៉ាងណាមិញ យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ រកឃើញថា នៅពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ដល់ ៧៥ភាគរយ នោះកម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ២៣៥លានដុល្លារ នារយៈពេល៥ឆ្នាំខាងមុខ។

ចំណូលនេះនឹងកើនដល់ ៩៣៣ លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខទៀត។ ទន្ទឹមនឹងការដំឡើងពន្ធថ្នាំជក់នេះ វានឹងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ លើសពីនេះការដំឡើងពន្ធនឹងមិនធ្វើឱ្យមានបារីគេចពន្ធឡើយ។

ជាក់ស្តែងប្រទេសថៃជាប្រទេសដែលមានតម្លៃពន្ធខ្ពស់ជាងគេ ប៉ុន្តែប្រទេសនេះ មិនបានរកឃើញថាមានករណីបារីគេចពន្ធច្រើនឡើយ នោះមានន័យថាការរត់ពន្ធបារីខុសច្បាប់មានអត្រាទាបទៅវិញបើធៀបនឹងបណ្តាប្រទេសដែលមានតម្លៃពន្ធនៅទាប។

ដោយឡែកបើផ្អែកតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក(WHO) គូសបញ្ជាក់ថា ការដំឡើងពន្ធដូចជា ការយកពន្ធបន្ថែមទៅលើតម្លៃបារីបច្ចប្បន្នក្នុងតម្លៃ ៥០០រៀល ក្នុងមួយកញ្ចប់ នោះតម្លៃបារីកើនឡើង១៥%។  កត្តានេះនឹងកាត់បន្ថយអ្នកជក់បារីបាន ៣ម៉ឺននាក់នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១ម៉ឺននាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុងរយៈពេល ១០ទៅ១៥ឆ្នាំបន្ទាប់។

មិនតែប៉ុណ្ណោះការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើឲ្យប្រាក់ចំណូលពន្ធរដ្ឋកើនឡើងជាង ៥៣លានដុល្លារសហរដ្ឋ(២១៣.០០០.០០០.០០០រៀល )ក្នុង១ឆ្នាំ៕

  

Share

ព័ត៌មានទាក់ទង

Image