កំពង់ស្ពឺ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រារព្ធពិធីផ្តើមយុទ្ធនាការគាំទ្រការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ ក្នុងគោលបំណងគាំទ្រចំពោះការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ដែលនឹងចាប់ផ្តើមអនុវត្តនៅខែមករា ដើមឆ្នាំ ២០១៦។
ការប្រារព្ធពីធីនេះ ធ្វើឡើងនៅសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែន អង្គសេរី ស្ថិតនៅសង្កាត់ សុពណ៌ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ដោយមានអ្នកសារព័តមានចូលរួម ប្រមាណជា៤០ស្ថាប័ន ពីរាជធានីភ្នំពេញ។
យុទ្ធនាការរបស់អង្គការអង្គការមូលនិធិបង្ការរបួសអាស៊ី ក៏លើកកម្ពស់ការយល់ដឹង និងគាំទ្រឱ្យកុមារពាក់មួកសុវត្ថិភាព ក្នុងពេលធ្វើដំណើរផងដែរ ដើម្បីបង្ការការរងរបួសក្បាល ការពារអាយុជីវិតរបស់ពួកគេពីគ្រោះថ្នាក់ចររាចរណ៍។
លោក ស៊ឹម សុផល ប្រធានគ្រប់គ្រងកម្មវិធីអប់រំតាមគ្រឹះស្ថានសិក្សារបស់អង្គការមូលនិធិ បង្ការរបួសអាស៊ី ថ្លែងឱ្យដឹងថា ក្រៅពីសកម្មភាពចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្សនៅ សាលាបឋមសិក្សា ប៊ុនរ៉ានីហ៊ុនសែន អង្គសេរី ពេលនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី ក៏មានកម្មវិធីអប់រំក្រៅថ្នាក់ និងកម្មវិធីអប់រំមួយចំនួននៅតាមទីធ្លាសាលា ក៏ដូចជានៅថ្នាក់រៀន ជុំវិញសារៈសំខាន់នៃមួកសុត្ថិភាព និងរបៀបពាក់មួកសុវត្ថិភាពដែលត្រឹមត្រូវ ជូនដល់សិស្សានុសិស្សផងដែរ។
«បាទ! ថ្ងៃនេះពួកយើងមានកម្មវិធីផ្ដល់មមូកសុវត្ថិភាពបន្ថែមជូនដល់សិស្សានុសិស្ស ដែលគាត់ចូលមកថ្មី ហើយនិងសិស្សានុសិស្សមួយចំនួន ដែលគាត់ផ្លាស់ពីសាលាផ្សេង មកសាលានេះ បាទ។ ចឹង មួកដែលយើងផ្ដល់ជូនមាន ១៧០ មួក សម្រាប់បន្ថែមពីលើឆ្នាំចាស់ ដែលយើងបាន ចែកជូនជាង ៦០០ មួក ពីឆ្នាំចាស់រួចមកហើយ»។
លោក ស៊ឹម សុផល មានប្រសាសន៍ឱ្យដឹងបន្ថែមថា តាមរយៈឆ្នាំសិក្សាកន្លងមក ដែលអង្គការ មូលនិធិបង្ការរបួសអាស៊ី (AIP) បានអនុវត្តយុទ្ធនាការអប់រំ និងចែកចាយមួកសុត្ថិភាព ជូនដល់សាលាអង្គសេរីកន្លងមកឃើញថា ការអនុវត្តការពាក់មួកសុវត្ថិភាពដល់សាលានេះ មានភាពល្អប្រសើរ ដោយលទ្ធផលឃើញមានអ្នកអនុវត្តតាមប្រមាណ ៩៤% ដែលបាន ពាក់មួកសុវត្ថិភាព។
«ពួកខ្ញុំបានធ្វើការសិក្សា ហើយបានសម្ភាសន៍ជាមួយគាត់ផ្ទាល់ ភាគច្រើនគឺ គាត់ថា គាត់ភ្លេច។ បាទ! ទីមួយ គាត់ថា គាត់ភ្លេច ហើយសំខាន់មួយទៀតនោះគឺ ភាគច្រើនគឺសិស្ស វ័យថ្នាក់ទី៦ ដែលគាត់ដល់វ័យ ដែលគាត់ចម្រើនវ័យ ហើយក៏គាត់ចាប់ផ្ដើមគិតពីសម្រស់ របស់គាត់ ពីម៉ូតសក់របស់គាត់ ចឹងគាត់បដិសេធអត់ពាក់ ហើយរហូតដល់ពេលខ្លះគាត់ ហ៊ានឆ្លើយតបថា គាត់ឱ្យមួកមកវិញ គាត់អត់ពាក់ទេ ហើយណាមួយវ័យធំៗចឹង គឺថាគាត់ ពាក់ទៅ អ្នកដទៃជិតខាងផ្ទះ គាត់អត់ពាក់ ធ្វើឱ្យគេចំអែតចំអន់គាត់ បង្អាប់គាត់ ចឹងជា មូលហេតុធ្វើឱ្យគាត់អត់ពាក់មួកសុវត្ថិភាពទៅ។ តែដោយឡែកក្មេងៗ ចាប់ពីទី១ ដល់ទី៥ គាត់ រក្សាមួកសុវត្ថិភាពបាន ហើយគាត់ពាក់ជារៀងរាល់ពេលគាត់ធ្វើដំណើរ»។
សូមជម្រាបដែរថា ដើម្បីគាំទ្រការអនុវត្តច្បាប់ពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ។ អង្គការមូលនិធិបង្ការរបួសអាស៊ី បានចុះអប់រំដល់ពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាចុះចែកចាយមួកសុវត្ថិភាពបានជាង ១ម៉ឺន ៧ពាន់ មួក នៅសាលាតាមរាជធានី-ខេត្ដ ចំនួនបី រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពងស្ពឺ។
សម្រាប់ឆ្នាំនេះដែរ អង្គការមូលនិធិបង្ការរបួសអាស៊ី មានគម្រោងចុះចែកមួកសុវត្ថិភាព ដល់ទៅជាង ៥ពាន់ មួក សម្រាប់ខេត្តទាំងបីខាងលើផងដែរ។
គួរបញ្ជាក់ទៀតថា ក្រៅពីយុទ្ធនាការចែកមួកជូនទៅដល់សិស្សសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែន អង្គសេរី នៅថ្ងៃទី២៣ ធ្នូនេះ អង្គការមូលនិធិបង្ការរបួសអាស៊ីក៏បានធ្វើខិតប័ណ្ណ ផ្សព្វផ្សាយពីច្បាប់ពាក់មួកសុវត្ថិភាព ជូនដល់ពលរដ្ឋក្នុងសហគមន៍ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយក្រុមប្រឹក្សាផងដែរ៕