en     km
en     km

ឆ្នាំ២០២២ ៖ World Vision Cambodia ជួយកុមារកម្ពុជាប្រមាណ១,៣លាននាក់ទាក់ទងបំណិនជីវិត

Share

ភ្នំពេញ៖ រយៈពេលពេញមួយឆ្នាំក្នុងឆ្នាំ២០២២ អង្គការទស្សនៈពិភពលោក បានផ្តល់ផលវិជ្ជមានដល់ប្រជាជនចំនួនជាង ៤,៥ លាន នាក់ ក្នុងនោះមានកុមារចំនួនជាង ១,៣ លាននាក់នៅខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

ក្នុងបេសកកម្មរបស់ខ្លួននៅក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ អង្គការទស្សនៈពិភពលោក បានអនុវត្តកម្មវិធីអាទិភាពចំនួនបី (៣) ផ្តោតការយកចិត្តទុកដាក់លើកុមារ រួមមាន កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអប់រំ និងកម្មវិធីកិច្ចការពារ និងការចូលរួមរបស់កុមារ។ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និង សមភាពយេនឌ័រ ពិការភាព និង បរិយាបន្នសង្គម ក៏ត្រូវបានរួមបញ្ចូលជាការកិច្ចការឆ្លងវិស័យដែលមាននៅគ្រប់កម្មវិធីទាំងអស់ផងដែរ។

ដើម្បីបង្កើនចំនួនកុមារដែលមានសុខភាពល្អ និងទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ កម្មវិធីអាហារូបត្ថម្ភ បានអនុវត្តវិធីសាស្រ្តចំនួនបីរួមបញ្ចូលគ្នា គឺកិច្ចអន្តរាគមន៍សុខភាព អាហារូបត្ថម្ភ កម្មវិធីទឹកស្អាត និងអនាម័យ និងគម្រោងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ជាលទ្ធផល អង្គការទស្សនៈពិភពលោក បានពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិចំនួនជាង ១,៦០០នាក់ ដែលជាអ្នកផ្តល់ការប្រឹក្សាយោបល់ដល់អាណាព្យាបាលរបស់កុមារចំនួនជាង ១០,០០ នាក់,ផ្តល់ការគាំទ្រដល់ប្រជាជនចំនួនជាង ៦០,០០០ នាក់ ដើម្បីទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់, និងគាំទ្រដល់ការបង្កើត និង/ឬពង្រឹងសហគមន៍កសិកម្មចំនួន ៥៧ និងក្រុមអ្នកផលិតចំនួន ៤៩ ដើម្បីបង្កើនជីវភាពរស់នៅ និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់គ្រួសារ។

ដើម្បីគាំទ្រដល់សិស្សដែលខកខានការសិក្សារយៈពេលជិតពីរឆ្នាំសិក្សាកន្លងមក ដោយសារការបិទសាលារៀន នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ កម្មវិធីអប់រំរបស់អង្គការទស្សនៈពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ហើយបានផ្តល់ផលវិជ្ជមានដល់កុមារចំនួនជាង ១៨៦,៩០០ នាក់ (ក្នុងនេះមានកុមារីចំនួនជាង ៩១,៥០០ នាក់)។ កម្មវិធីកញ្ចប់សិក្សាបំប៉នសមត្ថភាពសម្រាប់កុមារថ្នាក់មតេយ្យ សកម្មភាពផ្សេងៗទៀតដូចជាជំរំអំណាន ការបំពាក់បំប៉នសមត្ថភាពដល់គ្រូបង្រៀន និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវលទ្ធភាពដែលសិស្សទទួលបានសៀវភៅអាន ក៏ត្រូវបានអនុវត្ត ដើម្បីធានាថាកុមារអាចតាមទាន់មេរៀនរបស់ខ្លួន។

ព្រមជាមួយគ្នានេះ ដើម្បីគាំទ្រដល់ផែនការសកម្មភាពបញ្ចប់អំពើហិង្សាលើកុមាររបស់ក្រសួងសង្គមកិច្ច អង្គការទស្សនៈពិភពលោក បានចូលរួម និងបណ្តុះបណ្តាលកុមារជិត ២៥,០០០ នាក់ អំពីជំនាញបំណិនជីវិតពាក់ព័ន្ធនឹងកិច្ចការពារកុមារ, គាំទ្រគំនិតផ្តួចផ្តើមដែលដឹកនាំដោយកុមារចំនួន ៥០០ គម្រោង និងគម្រោងយុវជន/ក្មេងជំទង់ចំនួន ២៣៧ គម្រោង ដើម្បីដោះស្រាយបញ្ហាអំពើហិង្សាលើកុមារ។ អង្គការទស្សនៈពិភពលោក ក៏បានបណ្តុះបណ្តាលអាណាព្យាបាលប្រមាណ ១២,000 នាក់ ពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងគាំទ្រដល់ការបង្កើត និងកសាងសមត្ថភាពក្រុមការពារកុមារតាមឃុំ ផងដែរ។ នៅថ្នាក់ជាតិ អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកដល់ការកែសម្រួលសៀវភៅគោលការណ៍ណែនាំប្រតិបត្តិស្តីពីកិច្ចគាំពារកុមារនៅក្នុងសាលារៀន ហើយក្រោយមកសៀវភៅគោលការណ៍ណែនាំនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់ឱ្យប្រើប្រាស់ នៅខែមិថុនា ឆ្នាំ២០២២។

នៅខែតុលាឆ្នាំ២០២២ អង្គការទស្សនៈពិភពលោក ជាស្ថាប័នដំបូងគេបង្អស់ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិផ្សេងទៀត ដែលបានឆ្លើយតបនឹងគ្រោះទឹកជំនន់ ហើយបានជួយដល់គ្រួសារដែលរងផលប៉ះពាល់ប្រមាណ ២,១០០ គ្រួសារ តាមរយៈកិច្ចអន្តរាគមន៍ពហុវិស័យ ដូចជាសន្តិសុខស្បៀង ទឹកស្អាត និងអនាម័យ សម្ភារៈប្រើប្រាស់ និងការយល់ដឹងពីការការពារកុមារជាដើម។
អង្គការទស្សនៈពិភពលោក អនុវត្តកម្មវិធីផ្តោតសំខាន់លើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងក្របខណ្ឌសាលារៀនមានសុវត្ថិភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ដៃគូសហគមន៍ ដោយជំរុញដៃគូទាំងនោះការពារ ថែរក្សា និងទប់ស្កាត់សហគមន៍ ជាពិសេសកុមារងាយរងគ្រោះ ពីផលប៉ះពាល់នៃគ្រោះមហន្តរាយដែលអាចកើតមាននៅពេលអនាគត។

អង្គការទស្សនៈពិភពលោកអន្តរជាតិ បានបន្តគាំទ្រដល់ការពង្រឹងការផ្តល់សេវា តាមរយៈការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ISAF) នៅក្នុងឃុំចំនួន ៥៣០ ។ នៅក្នុងឆ្នាំ២០២២ គម្រោង ISAF ជួយពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន និងលើកកម្ពស់ការសន្ទនាជាមួយអ្នកផ្តល់សេវាសាធារណៈ ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសាធារណៈរបស់មណ្ឌលសុខភាពចំនួន ៤១០ សាលារៀនចំនួន ២,៤០០ ហើយនៅក្នុងនោះប្រជាពលរដ្ឋ និងមន្ត្រីជិត ៣០០,០០០ នាក់ ក៏បានចូលរួមក្នុងសកម្មភាពដែលពង្រឹងការផ្តល់សេវាក្នុងមូលដ្ឋានផងដែរ៕

Share

Image
Image
Image