en     km
en     km

វិធីព្យាបាលការរលាក

Share

ការរលាកអាចបណ្តាលមកពី ព្រះអាទិត្យ វិទ្យុសកម្ម សារធាតុគីមី វត្ថុរាវក្តៅ ឧបករណ៍អគ្គិសនី និងភ្លើងជាដើម។ ដូចច្នេះ ចំពោះវិធីព្យាបាលក៏មានបែងចែកកម្រិតខុសៗគ្នាផងដែរ។

តាមគេហទំព័រសុខភាព verywell នៃសហរដ្ឌអាមេរិចបានបង្ហាញពីវិធីសាស្រ្តព្យាបាលការរលាកឱ្យចាប់ជាសះស្បើយដូចតទៅ៖

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

១. វិធីព្យាបាលរលាកកម្រិតទីមួយ៖ ការរលាកកម្រិតទីមួយនេះប៉ះពាល់តែលើផ្ទៃស្បែកប៉ុណ្ណោះ ដែលធ្វើឱ្យស្បែកឡើងក្រហម ឈឺ និងអាចមានហើមបន្តិចផងដែរ។ ដូចច្នេះ ចំពោះការព្យាបាលវិញ៖

  • ជាដំបូង អ្នកត្រូវប្រើសាប៊ូរាវ លាងនៅកន្លែងរលាកស្រាលៗ។
  • បន្ទាប់មក អ្នកអាចលាប Vaseline ឬជាប្រភេទ petroleum jelly ពីរទៅបីដងក្នុងមួយថ្ងៃ។
  • រួចអ្នកត្រូវបិទកន្លែងរលាកនោះដោយបង់រុំស្អាត និងត្រូវការពារពីព្រះអាទិត្យផងដែរ។
  • បន្ថែមពីនេះ អ្នកមិនត្រូវប្រើប្រមួន ថ្នាំបាញ់ ឬព្រេងកូលាលាបលើកន្លែងរលាកទេ។ តែប្រសិនបើអ្នកឈឺចាប់នៅកន្លែងរបួសនោះ អ្នកអាចប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា (OTC) ដូចជា ទីលេណុល (Tylenol) ឬMotrin ដើម្បីកាត់បន្ថយការឈឺចាប់ និងការរលាក។
  • នៅពេលដែលកន្លែងរលាករាងធូរសះស្បើយ អាចប្រើប្រទាលកន្ទុយក្រពើ និងជាតិសំណើមស្រាលៗបាន។

សូមបញ្ជាក់ថា ការរលាកកម្រិតទី 1  អាចមានរបកស្បែកក្នុងរយៈពេលពីរឬបីថ្ងៃ បន្ទាប់ពីការរលាក។  ជាធម្មតាអាចជាសះស្បើយក្នុងរយៈពេលមួយសប្តាហ៍ ហើយមិនមានស្លាកស្នាមនោះទេ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

២. វិធីព្យាបាលរលាកកម្រិតទីពីរ៖ ដែលកម្រិតនេះបណ្តាលឱ្យឡើងក្រហម ឈឺចាប់ ហើម និងមានពងបែក។ ដើម្បីព្យាបាលការរលាកកម្រិតទី២ អ្នកអាចអនុវត្តដូចវិធីព្យាបាលរលាកកម្រិតទីមួយផងដែរ ប៉ុន្តែកម្រិតទី២នេះមានពងបែកដូចច្នេះ៖

  • អ្នកមិនត្រូវបំបែកពងបែកនោះទេ ព្រោះវាអាចបង្កើនការឆ្លងមេរោគបាន។
  • ប្រសិនពងបែកនៅកន្លែងរលាកនោះបានបែក អ្នកត្រូវសម្អាតតំបន់នោះថ្នមៗ ហើយគ្របដោយបង់រុំស្ងួត និងផ្លាស់ប្តូរបង់រុំឱ្យបានញឹកញាប់ប្រសិនបើវាកង្វក់។ ដោយឡែក បើពងបែកមិនទាន់បែកទេ អ្នកមិនចាំបាច់ រុំបង់របួសនោះទេ។
  • មួយវិញទៀត បើតំបន់រលាកហើម អ្នកគួរដោះគ្រឿងអលង្ការ ឬសម្លៀកបំពាក់ដែលតឹងនោះចេញ។

សូមបញ្ជាក់ថា ពងបែកអាចលេចឡើង ក្នុងរយៈពេលប្រហែលមួយសប្តាហ៍ ជួនកាលអាចហូរឈាមផងដែរ។ ជាធម្មតា ដើម្បីជាសះស្បើយពីការរលាកកម្រិតទីពីរនេះ វាត្រូវចំណាយពេលពី ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះ ហើយស្បែកកាន់តែមានសភាពខ្មៅ និងមិនមានស្នាមប្រេះទេ។

 

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

 

៣.ការព្យាបាលការរលាកកម្រិតទីបី៖ ការរលាកឈានដល់ស្រទាប់ខ្លាញ់ និងរចនាសម្ព័ន្ធផ្សេងទៀតនៅក្រោមស្បែក ដែលអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនមាននរណាម្នាក់មានការរលាកធ្ងន់ធ្ងរ ដែលស្បែកមានសភាពឆេះ ឬមានពណ៏ស គឺត្រូវទៅមន្ទីរពេទ្យឱ្យបានភ្លាមៗ ព្រោះកម្រិតនេះគឺទាមទារព្យាបាលនិងថែទាំពីអ្នកជំនាញ។

បន្ថែមពីនេះ ជនរងគ្រោះអាចនឹងមានអារម្មណ៍ឈឺចាប់ អស់កម្លាំង និងរមាស់ នៅពេលមុខរបួសជាសះស្បើយ ហើយស្លាកស្នាមដែលបានរលាកអាចនឹងរលត់ទៅតាមពេលវេលា៕

Share

Image
Image
Image