ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ (LICADHO)រកឃើញថា កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ពោលមានការកើនឡើង៣០%បើធៀបនឹងឆ្នាំ២០២២។ ការកើនឡើងនេះ បើតាម លីកាដូ គឺធ្វើឱ្យមន្ទីរឃុំឃាំងហាក់ចង្អៀតណែន ដែលជាដើមចមនៃបញ្ហានិងផ្តល់ផលប៉ះពាល់ដល់សិទ្ធិអនីតិជនផងដែរ។ជាងនេះ សភាពចង្អៀតណែនក៏បង្កការលំបាកចំពោះកុមារជាច្រើនដែលជាប់ឃុំ និងប៉ះទង្គិតការចម្រើនវ័យលូតលាស់របស់កុមារ ដែលលីកាដូចាត់ទុកថា ការឃុំខ្លួនលើកុមារគឺជារឿងមិនសូវចាំបាច់ទាល់តែសោះ។
យ៉ាងណាចំពោះបញ្ហាទាំងនេះគណកម្មធិកាសិទ្ធិមនុស្សកម្ពុជាអះអាងថា រាជរដ្ឋាភិបាល កំពុងតែពន្លឿនការដោះស្រាយសំណុំរឿងការឃុំខ្លួនអនីតិជន ហើយការឃុំឃាំងអនីតិជនគឺសុទ្ធសឹងតែជាករណីចាំបាច់។
តើមានហេតុផលអ្វីបន្ថែមទៀតជម្រុញឱ្យអង្គការលីកាដូមានការស្នើឡើងដូចនេះ? តើការប៉ះពាល់សិទ្ធិអនិតិជន និងផលលំបាកចំពោះកុមារដែលលីកាដូលើកឡើងស្ថិតក្នុងសភាពបែបណា? តទៅនេះសូមស្តាប់នូវអត្ថបទស្រាវជ្រាវដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖
ក្នុងឱកាសទិវាជាតិសិទ្ធិកុមារអន្តរជាតិ ខួបលើកទី៧៤ ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៣ អង្គការលីកាដូ បានចេញផ្សាយសេចក្ដីថ្លែងការណ៍ស្តីពីការស្នើសូមឱ្យមានបញ្ឈប់ការឃុំខ្លួនដែលមិនចាំបាច់ លើកុមារនៅក្នុងពន្ធនាគារដ៏ចង្អៀតណែន។
លីកាដូឱ្យដឹងថា ពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើលមានការកើនឡើងចំនួនអនីតិជនកំពុងជាប់ឃុំជាង ៣០% បើធៀបនឹងឆ្នាំមុនគឺឆ្នាំ២០២២។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុងពន្ធនាគារមានរហូតដល់ទៅជាងមួយពាន់នាក់ (១.៦៥៨ នាក់) គិតត្រឹមខែមេសា ឆ្នាំ ២០២៣ ។ លីកាដូបន្ថែមថា ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា។ ចំណែកកុមារប្រមាណ ៥២% ពួកគេកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ។
ជាមួយគ្នានេះបើផ្អែកតាមឯកសារមួយចំនួនដែលលីកាដូបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនមានដូចជ ច្បាប់ជាតិក៏បានទទួលស្គាល់ថា ពន្ធនាគារមិនមែនជាកន្លែងសម្រាប់អនីតិជននោះទេ។ ច្បាប់ទាំងនោះផ្តល់ឱ្យអាជ្ញាធរនូវជម្រើសផ្សេងៗជាច្រើនទៀតក្រៅពីការឃុំខ្លួនកុមារ។ លើសពីនេះ ច្បាប់បានកំណត់នូវអនីតិជនដែលអាចទទួលខុសត្រូវ និងទទួលរងទោសទណ្ឌ គឺមានអាយុចន្លោះពី ១៤ ទៅ ១៧ឆ្នាំ នៅពេលពួកគេបានប្រព្រឹត្តនូវបទល្មើសដែលច្បាប់កំណត់។
ចំពោះច្បាប់ស្តីពីយុត្តិធម៌អនីតិជនវិញបានចែងថា ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ គឺជាជម្រើសចុងក្រោយសម្រាប់កុមារ ដោយយោងទៅតាមគោលការណ៍នៃការសន្មត់ជាមុនថាគ្មានទោស និងដើម្បីលើកកំពស់ការប្រើប្រាស់នូវប្រភេទទោសផ្សេងៗទៀត ក៏ដូចជាទោសសហគមន៍។ ដូចគ្នានេះដែរ ការប្រើប្រាស់ការព្យួរទោស ឬការដោះលែងដោយមានលក្ខខណ្ឌ គួរត្រូវបានប្រើប្រាស់ជំនួសឱ្យការដាក់ទោសពន្ធនាគារ មកលើកុមារ។
ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ លីកាដូមើលឃើញថា ជម្រើសផ្សេងៗក្រៅពីការដាក់ឃុំកុមារ នៅមិនទាន់បានតុលាការយកមកប្រើប្រាស់នៅឡើយទេ ហើយចំនួនអនីតិជនដែលជាប់ឃុំនៅតែបន្តហក់ឡើងយ៉ាងខ្ពស់ ដែលជាសញ្ញាមួយគួរឱ្យព្រួយបារម្ភ។
ពាក់ព័ន្ធករណីគុកនៅកម្ពុជាមានសភាពចង្អៀតណែននិងច្រើនដោយកុមារនោះ បើយោងតាមអង្គការយូនីហ្វេស (UNICEF) រកឃើញថា ក្នុងឆ្នាំ២០១៧ កុមារកម្ពុជាប្រមាណ ៩០៧នាក់ កំពុងជាប់ឃុំឃាំង។ UNICEF កត់សម្គាល់ឃើញថា មិនថាពួកគេជាជនសង្ស័យ ឬជនរងគ្រោះដោយសារបទល្មើសឡើយ កុមារា និងកុមារីទាំងនោះ ពុំមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធយុត្តិធម៌បែបកុមារមេត្រីឡើយ។ អង្គការយូនីហ្វេសបញ្ជាក់ទៀតថា កុមារដែលបានប្រព្រឹត្តបទល្មើស ជារឿយៗគឺជាក្រុមដែលងាយរងគ្រោះខ្លាំង ហើយប្រព័ន្ធយុត្តិធម៌ដែលពុំយកចិត្តទុកដាក់លើតម្រូវការរបស់កុមារ គឺជាប្រការមួយអាចបង្កការឈឺចាប់បន្ថែមទៀតដល់ពួកគេទៅវិញ។
ដោយឡែកចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ចំនួនយុវជនដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា បានថយចុះ ៥៦ ភាគរយ ដោយសារតែការប្រើប្រាស់ជម្រើសផ្សេងក្រៅតែពីការឃុំឃាំង និងការបង្កើតនូវយន្តការយុត្តិធម៌ដែលកាន់តែមានលក្ខណៈកុមារមេត្រី។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ២០១៥ មកនិន្នាការវិជ្ជមានបែបនេះ បែរជាដើរថយក្រោយទៅវិញ។ អង្គការយូនីហ្វេសបន្ថែមថា ការឃុំឃាំងកុមារគួរតែជាជម្រើសចុងក្រោយ និងក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែផ្ទុយទៅវិញ កុមារដែលសង្ស័យ ឬត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តល្មើស ជារឿយៗត្រូវបានគេយកទៅឃុំ ទីកន្លែងដែលពួកគេត្រូវប្រឈមនឹងការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្ត។ ទាំងនេះអង្គការយូនីហ្វេសយល់ថា បទដ្ឋានច្បាប់ និងបទដ្ឋានសង្គម និងបទដ្ឋានវប្បធម៌ ក៏ដូចជាឧបសគ្គក្នុងការអនុវត្ត ធ្វើឲ្យការផ្តល់យុត្តិធម៌ដល់កុមារក្លាយទៅជាបញ្ហាប្រឈមមួយដែលមានលក្ខណៈស្មុគស្មាញ។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិកាសិទ្ធិមនុស្សនៅកម្ពុជា ទទួលស្គាល់ថា មានចំណុចមួយចំនួនដែលនៅតែជាបញ្ហាលំបាកដែលត្រូវការពង្រឹងនិងស្វែងរកដំណោះស្រាយបន្ថែម។ ប៉ុន្តែយ៉ាងណាមិញលោកថា កន្លងមកនេះក្រសួងយុត្តិធម៌បានធ្វើសេចក្តីណែនាំដោយលើកទឹកចិត្តដល់អ្នកអនុវត្តច្បាប់ ស្ថាប័នអយ្យការ ស្ថាប័នច្បាប់ មានការអនុវត្តនូវគោលការណ៍កុមារមេត្រី ក្នុងការមិនឃុំខ្លួនអនិតិជនលើកលែងករណីដែលចាំបាច់បំផុតក្នុងការឃុំខ្លួន។ ជាងនេះទៀត នូវរាល់ការឃុំខ្លួនអនិតិជននៅក្នុងពន្ធធនាគារទាំងអស់គឺសុទ្ធសឹងតែជាករណីចាំបាច់ដោយពួកគេបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ដែលប្រការនេះជាជម្រើសចុងក្រោយរបស់ចៅក្រមបានសម្រេចទៅតាមផ្លូវច្បាប់។
ចំពោះមុខនៃស្ថានភាពចង្អៀតណែននេះ អ្នកនាំពាក្យគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា រាជរដ្ឋាភិបាលនឹងពន្លឿនក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានកំពុងតែពិនិត្យសំណុំរឿងការឃុំឃាំងខ្លួនអនីតិជន។ ដើម្បីបានជាដំណោះស្រាយបានឆាប់រហ័សលោក កត្តា អ៊ន ទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់សំណាក់មហាជន ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ និងអង្គការសង្គមស៊ីវិល រួមទាំងអ្នកធ្វើការខាងរាជរដ្ឋាភិបាលផង ក្នុងការអនុវត្តវិធានការផ្សេងៗ និងការអប់រំបន្ថែម ការពារកុមារដទៃទៀតមិនឱ្យធ្លាក់ខ្លួនក្នុងការប្រព្រឹត្តិបទល្មើស។
ការតាំងចិត្តស្វែងរកដំណោះស្រាយជាប្រការល្អមួយ តែយ៉ាងណា អង្គការ លីកាដូ តាមរយៈរបាយការណ៍របស់ខ្លួនចង់ស្នើឱ្យពន្លឿនការអនុវត្ត ត្បិតអី លីកាដូ រកឃើញផលប៉ះពាល់ចំពោះការឃុំខ្លួនលើកុមារយ៉ាងច្រើន។ លីកាដូសង្កេតឃើញថា កុមារកំពុងជាប់ពន្ធធនាគារមានភាពធ្ងន់ធ្ងរ ហើយអាចកាន់តែអាក្រក់ខ្លាំងទៅៗ ខណៈដែលពន្ធនាគារមានភាពចង្អៀតណែន និងកង្វះនូវអនាម័យ ដែលស្ថានភាពនេះបាន កើតមានឡើងនៅក្នុងប្រព័ន្ធពន្ធនាគារនៅក្នុងប្រទេសទាំងមូល ។ ពន្ធនាគារជាច្រើន ដែលអង្គការ លីកាដូ បានធ្វើការងារជាមួយ គឺមានអនីតិជនជាច្រើនតែងតែមិនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ពីពន្ធនាគារសម្រាប់មនុស្សពេញវ័យនោះទេ ហើយពន្ធនាគារទាំងនោះមានអត្រាផ្ទុកមនុស្សជាមធ្យម ២៥០% នៃសមត្ថភាពស្តង់ដាដែលពន្ធនាគារទាំងនោះអាចដាក់បាន ដោយគិតត្រឹមខែមេសានេះ ។
លើសពីនេះ មានពន្ធនាគារចំនួន ៣ កន្លែង មានអត្រាផ្ទុកមនុស្សរហូតដល់ទៅជាង ៤៥០% នៃ សមត្ថភាពដែលអាចដាក់បានទៅទៀត។ អ្នកដែលត្រូវជាប់ឃុំ រួមទាំងកុមារផងដែរ តែងតែរាយការណ៍ពីកង្វះខាតនូវអាហារ ទឹក កន្លែងគេងសមរម្យ និងទំនាក់ទំនងជាមួយក្រុមគ្រួសារ ហើយអ្នកទាំងនោះត្រូវចំណាយថវិកាបន្ថែមដើម្បីបំពេញតម្រូវការទាំងនោះ ។
រីឯការទទួលបាននូវ ការថែទាំសុខភាព និងជំនួយរូបបត្ថម្ភវិញ គឺមិនគ្រប់គ្រាន់ស្មើភាពគ្នានោះទេ ដែលនេះនឹងបង្កគ្រោះថ្នាក់ ដល់ជីវិតទាំងម្តាយ និងកូនរបស់ពួកគេផងដែរ ។
របាយការណ៍សង្ខេបអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)ចេញផ្សាយនៅឆ្នាំ២០១៣ស្តីពីកុមារភាពនៅក្នុងពន្ធធនាគារឱ្យដឹងពីឥទ្ធិពលអវិជ្ជមានដែលកុមារនឹងប្រឈមស្របពេលដែលពួកគេធំធាត់ឡើងនៅក្នុងពន្ធធានាគារ រួមមាន មានអាកប្បកិរិយាមិនសមរម្យព្រោះកង្វះការអប់រំ បញ្ហាផ្លូវចិត្ត គន្លាតពីសង្គមជាដើម។ ក្នុងនោះរបាយការណ៍គូសបញ្ជាក់ថាការដែលកុមារដឹងក្តីឡើងដោយរស់នៅបរិបទស្ថិតក្នុងការឃុំឃាំងគឺនៅតែជាការព្រួយបារម្ភ ដោយហេតុថាពួកគេអាចនឹងប្រព្រឹត្តិបទល្មើសដោយផ្ទាល់ ហើយទង្វើទាំងអស់នេះបណ្តាលឱ្យពួគគេ ត្រឡប់ចូលពន្ធធនាគារវិញ និង នៅពេលដែលគេគ្រប់អាយុទទួលទោសព្រហ្មទណ្ឌ។ លើសពីនេះរបាយការណ៍បានបង្ហាញថាផលប៉ះពាល់អាក្រក់ជាច្រើន៕