យោងតាម C N A ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានដួលកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១ ខែមិថុនា ក្នុងពិធីចែកសញ្ញាប័ត្រកងទ័ពនៅបណ្ឌិតសភាកងទ័ពអាកាសក្នុងរដ្ឋ Colorado ប៉ុន្តែគាត់ហាក់ដូចជាមិនមានគ្រោះថ្នាក់អ្វីទេ។
លោក Biden អាយុ ៨០ ឆ្នាំបានថ្លែងសុន្ទរកថាទៅកាន់និស្សិតបញ្ចប់ការសិក្សានៅសាលាយោធា ហើយបានដួលនៅពេលលោកដើរត្រឡប់ទៅកន្លែងអង្គុយវិញ។កងទ័ពអាកាសម្នាក់បានជួយលើកលោកឡើង តែលោកហាក់ដូចជាមិនត្រូវការជំនួយទេ។នៅពេលក្រោកឡើង លោក Biden បានចង្អុលទៅវត្ថុដែលទំនងជាបានទាក់ជើងរបស់លោក។វត្ថុនោះគឺថង់ខ្សាច់ខ្មៅតូចៗពីរស្ថិតនៅលើឆាកសម្រាប់ទប់ឧបករណ៍បំពងសំឡេង។
នាយកផ្នែកទំនាក់ទំនងរបស់សេតវិមាន លោក Ben LaBolt បានសរសេរនៅលើ Twitter ភ្លាមៗថា “លោក Biden មិនអីទេ។ មានបាវខ្សាច់នៅលើឆាក ខណៈពេលដែលលោកកំពុងចាប់ដៃជាមួយអ្នកចូលរួមក្នុងពិធី”។
លោក Biden គឺជាមនុស្សចាស់ជាងគេបំផុតនៅក្នុងតំណែងប្រធានាធិបតីអាមេរិក ហើយគ្រោងនឹងឈរឈ្មោះនៅអាណត្តិទីពីរនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ បន្តទៀត។លោកត្រូវបានគូប្រជែងនយោបាយរបស់លោកតែងយកបញ្ហាអាយុ និងកាយសម្បទាដើម្បីវាយប្រហារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទីពីររបស់លោក។
កាលពីមុនលោកធ្លាប់ជំពប់ជើងពេលឡើងជណ្តើរយន្តហោះ Air Force One ហើយលោកធ្លាប់ជាប់ឈ្នាន់កង់របស់លោក ខណៈដែលលោកឈប់និយាយជាមួយអ្នកសារព័ត៌មាននៅជិតផ្ទះនៅ Rehoboth Beach រដ្ឋ Delaware ។
វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Biden ធ្លាប់បាននិយាយកាលពីខែកុម្ភៈថា លោក Biden “នៅតែជាបុរសអាយុ៨០ឆ្នាំដែលមានសុខភាពល្អ និងរឹងមាំ ដែលសាកសមជាប្រធានាធិបតីប្រកបដោយជោគជ័យ” ។ សូមរំឭកផងដែរថាប្រធានាធិបតី Gerald Ford បានដួលនៅពេលដើរចេញពីយន្តហោះ Air Force One ក្នុងឆ្នាំ១៩៧៥។រីឯសមាជិកព្រឹទ្ធសភា លោក Bob Dole នៃរដ្ឋ Kansas ដែលជាបេក្ខភាពប្រធានាធិបតី បានធ្លាក់ពីលើឆាកយុទ្ធនាការឃោសនាបោះឆ្នោតមួយក្នុងឆ្នាំ១៩៩៦ ៕
ប្រភព៖ C N A ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣