ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានការបំពុលប្លាស្ទិកខ្ពស់បំផុត បើធៀបនឹងបណ្តាប្រទេសនៅក្នុងពិភពលោក។គណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិ បានកោះហៅមេដឹកនាំកំពូលៗនៅក្នុងសប្តាហ៍នេះ មកប្រជុំគ្នាដោះស្រាយបញ្ហាការបំពុលដោយសារការប្រើប្រាស់ប្លាស្ទិកលើសប្រមាណ ហើយក៏ដើម្បីបង្កើតសន្ធិសញ្ញាគ្រប់គ្រងកាកសំណល់ប្លាស្ទិកផងដែរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានការបំពុលប្លាស្ទិកខ្ពស់បំផុត បើធៀបនឹងបណ្តាប្រទេសនៅក្នុងពិភពលោក។ យោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសហូឡង់កាលពីឆ្នាំ២០២១ បានបង្ហាញថា ប្រទេសឥណ្ឌា ម៉ាឡេស៊ី និងហ្វីលីពីន គឺជាប្រទេសដែលមានកម្រិតបំពុលប្លាស្ទីកក្នុងទន្លេខ្ពស់បំផុតនៅលើពិភពលោក។
យ៉ាងណាមិញ បើក្រឡេកមកប្រទេសថៃវិញ ប្រទេសនេះក៏កំពុងប្រឈមនឹងវិបត្តិប្លាស្ទិកដែរ ចាប់តាំងពីផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩មកម្ល៉េះ។ ដបប្លាស្ទិក ថង់ប្លាស្ទិក និងកំទេចកំទីធ្វើពីប្ទាស្ទិកជាច្រើនប្រភេទទៀត បានអណ្តែតពាសវាលពាសកាលនៅតាមទឹកអូរ ទន្លេ ស្ទឹង បឹងបួរ ឬតាមតំបន់ទីសាធារណៈជាដើម។
ជាការកត់សម្គាល់ បើតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ប្រទេសថៃបានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ប្រទេសថៃបានយកកាកសំណល់ប្លាស្ទិកចំនួន ១៨ ភាគរយ ស្មើនឹង ២.៧៦ លានតោនទៅកែច្នៃឡើងវិញ។ រីឯ កាកសំណល់ប្លាស្ទិកប្រហែលជា ៧៦ ភាគរយទៀត ត្រូវបានយកទៅបោះចោលនៅកន្លែងចាក់សំរាម ចំណែកឯ ៨0,000 តោនផ្សេងទៀត ត្រូវបានគេប៉ាន់ស្មានថាកំពុងនៅរាយប៉ាយនៅក្នុងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសថៃ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែបន្តសិក្សាស្រាវជ្រាវបន្ថែម អំពីហានិភ័យដែលបង្កឡើងដោយមីក្រូប្លាស្ទីក ពោលគឺជាបំណែកតូចៗនៃសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាន។ អ្នកជំនាញបានបញ្ជាក់ថា កាកសំណល់ប្លាស្ទិកទាំងនេះប៉ះពាល់ និងបង្កជាការព្រួយបារម្ភចំពោះជីវចម្រុះក្នុងទឹក និងសុខភាពមនុស្សជាតិ។
ក្នុងនោះដែរ លោក Sujitra Vassanadumrongdee អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកកាកសំណល់ប្លាស្ទិកនៅសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា កាកសំណល់មាននៅគ្រប់ទីកន្លែង ជាពិសេសវាកំពុងមានវត្តមានមីក្រូប្លាស្ទិកនៅក្នុងអំបិលសមុទ្រ ទឹកសាប និងកាកសំណល់ឧស្សាហកម្មផ្សេងៗទៀត។
ដោយឡែក ដើម្បីឆ្លើយតបទៅនឹងវិបត្តិរបស់សកលលោកដែលកំពុងមានកើតឡើង មេដឹកនាំពិភពលោកបានកោះប្រជុំក្នុងសប្តាហ៍នេះនៅទីក្រុងប៉ារីស ក្នុងគោលបំណងបង្កើតសន្ធិសញ្ញាគ្រប់គ្រងកាកសំណល់ប្លាស្ទិកឱ្យបានល្អប្រសើរ៕
ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣