ភ្នំពេញ៖ ត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ដែលជាមេដឹកនាំខ្លួននោះ លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកនយោបាយប្រឆាំងដ៏លេចធ្លោម្នាក់រត់ភៀសខ្លួនក្រៅប្រទេសបានទទួលការលើកលែងទោសពីព្រះមហាក្សត្រហើយ បន្ទាប់ពីមានការក្រាបបង្គំស្នើសុំពីសម្តេច ហ៊ុន សែន នាយលរដ្ឋមន្ត្រី។ លោក គីម ចាន់ចាវ រាយការណ៍
ចាប់ពីពេលនេះទៅ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់ក្រុមអតីតបក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅប្រទេសលែងជាទណ្ឌិតទៀតហើយ។ មានសេរីភាពវិញ ព្រោះលោកទើបបានទទួលការលើកលែងទោសពីអង្គព្រះមហាក្សត្រ តាមសំណើរពីសម្តេច ហ៊ុន សែន ក្រោយពីលោកបានប្រកាសផ្ដាច់ខ្លួន ពីលោក សម រង្ស៊ី ដោយពឹងពរសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍។
អំពើឧក្រិដ្ឋរបស់លោក លោក អ៊ូ ច័ន្ទឫទ្ធិ ដែលតុលាការសាលាដំបូងក្រុងភ្នំពេញកាត់ទោសនោះ គឺឱ្យលោកមានទោសជាប់ពន្ធនាគារេរយៈពេល ២០ឆ្នាំ ពាក់ព័ន្ធផែនការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ គ្រានោះតុលាការចោទប្រកាន់ពីបទឧបឃាត ក្រោមឧបាយកលជាយុទ្ធសាស្ត្រនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។
អ្នកជាប់ទោសកាលនោះ មិនមែនមានតែលោក អ៊ូ ច័ន្ទឫទ្ធិ នោះទេ ប៉ុន្តែអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិដែលស្និទ្ធនឹងលោក សម រង្ស៊ី ដូចជា លោក ហូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងលោកស្រី ជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី ក៏ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំផងដែរ ជុំវិញបទឧក្រិដ្ឋជាមួយគ្នានេះ។
ជុំវិញបទចោទនេះ លោក សម រង្ស៊ី ត្រូវបានផ្ដន្ទាទោសរយៈពេល ២៥ឆ្នាំ និងអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ២នាក់ទៀត គឺលោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ម្នាក់ៗត្រូវជាប់ទោស២២ឆ្នាំ ហើយដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតផងដែរ។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរលិខិតពីសហរដ្ឋអាម៉េរិក ផ្ញើជូនទៅសម្តេច ហ៊ុន សែន ដើម្បីជម្រាបពីការសម្រេចចិត្តរបស់ខ្លួន គឺការផ្តាច់ទំនាក់ទំនងពីលោក សម រង្ស៊ី រួមទាំងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយភ្ជាប់ការសុំលើកលែងទោស។ លោកអះអាងថា ការសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយ លោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិនេះ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។
លុះស្អែកឡើង គឺនៅថ្ងៃទី០១ ខែមិថុនា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោសជូនអ្នកនយោបាយជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ។
ទោះយ៉ាងណាក្នុងព្រះរាជក្រឹត្យ មិនមែនមានតែលោក អ៊ូ ច័ន្ទឫទ្ធិ ឡើយ ប៉ុន្តែមានសកម្មជននយោបាយប្រឆាំងម្នាក់ទៀត គឺលោក ទុំ ប៊ុនថន ក៏ត្រូវបានព្រះរាជាប្រោសព្រះរាជទានការលើកលែងទោសឲ្យដែរ។ លោក ទុំ ប៊ុនថន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ កាលពីឆ្នាំ២០២២។
សម្ដេច ហ៊ុន សែន មេបក្សកាន់អំណាចដែលជាអ្នកផ្ដួចផ្ដើមការប្ដឹងផ្ដល់កន្លងមកជារឿយៗ តែអំពាវនាវក្រុមប្រឆាំងវិលចូលស្រុកវិញ ដោយសម្ដេចលើកលែងទោសឲ្យ ហើយសម្តេចណែនាំ កុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម ។ ក្រុមជ្រុលនិយមនេះ គឺមេបក្សកាន់អំណាចចង់សំដៅទៅលើក្រុមអតីតបក្សប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី អតីតប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលភាគច្រើនកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕