en     km
en     km

សត្វផ្សោតទឹកប្រៃមួយក្បាលបាត់បង់ជីវិតដោយមិនទាន់ដឹងមូលហេតុ

Share

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គេប្រទះឃើញសត្វផ្សោតទឹកប្រៃមួយក្បាលក្នុងខេត្តកែប បានបាត់បង់ជីវិតតែមិនទាន់បានដឹងពីមូលហេតុ។ សត្វផ្សោតនេះ គឺជាប្រភេទសត្វផ្សោតក្បាលត្រឡោកអ៊ីរ៉ាវ៉ាឌី ហើយត្រូវបានរាយការណ៍ករណីស្លាប់ដោយសហគមន៍ភូមិថ្មី សង្កាត់កែប ខេត្តកែប។ នេះបើតាមការឱ្យដឹងពីអង្គការ Khmer Ocean life។


យ៉ាងណាអង្គការ Khmer Ocean Life ដែលធ្វើការលើការអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងឆ្នេរសមុទ្រ ដែលផ្ដោតលើសត្វសមុទ្រ និងស្រាវជ្រាវការគំរាមកំហែងនានាលើសត្វសមុទ្រ ក៏មិនទាន់អាចបញ្ជាក់មូលហេតុនៃការស្លាប់របស់អ៊ីរ៉ាវ៉ាឌីមួយក្បាលនេះ ថាស្លាប់ដោយ ពុលទឹក សត្វខាំ ឬជំងឺអ្វីនោះដែរ។


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផ្សោតអ៊ីរ៉ាវ៉ាឌី មានជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប។ សត្វផ្សោតប្រភេទនេះក៏ប្រទះឃើញមាននៅតំបន់ប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ និងតំបន់ពាមក្រសោប ខេត្តកោះកុងផងដែរ។
ផ្សោតប្រភេទនេះ ទាក់ទងគ្នាដោយបញ្ចេញសំឡេងផ្សេងៗគ្នា នៅហ្វ្រេក្រង់ទំហំ៦០មេហ្គាហឺត (60Mhz)។ ផ្សោតប្រភេទនេះហែលមិនលឿននោះទេ ប៉ុន្តែករណីទទួលអារម្មណ៍ថាមានគ្រោះថ្នាក់ អាចហែលគេចចេញពីឧបសគ្គបានល្បឿនដល់ទៅ ២០ឬ២៥ គ.ម/១ម៉ោង។ ចំណែកអាហារជាប្រចាំរបស់ពួកវាគឺ ត្រីល្អិតៗ បង្គា បង្កង និង មឹកជាដើម៕

Share

Image
Image
Image