ក្រសួងសុខាភិបាលនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីក្រើនរំលឹកនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៣ឆ្នាំឡើង។ ការរំលឹកនេះ ខណៈវីរុសបំប្លែងខ្លួនថ្មី ពពួកអូមីក្រុង XBB.1.5 កំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននិងនៅក្នុងតំបន់ផងដែរ។
(លោក ឡាក់ ច័ន្ទតារា ជូនសេចក្តីរាយការណ៍)
ផ្អែកតាមក្រសួងសុខាភិបាលកម្ពុជាករណីឆ្លងចុងក្រោយមានចំនួន១០ករណីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយករណីឆ្លងមានបង្ហាញថាមានជាបន្ដបន្ទាប់ចាប់តាំងពីថ្ងៃទី៥ ខែឧសភាមក។
ក្រសួងសុខាភិបាលបញ្ជាក់ថា ទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ក្រុមអាយុគ្រប់រូប គឺមាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទាំងរាជធានី និងខេត្ត។
សូមជម្រាបថា ប្រជាជនដែលគ្រប់អាយុចាប់ពី៣ឆ្នាំឡើងត្រូវទៅទទួលវ៉ាក់សាំងដូសជំរុញទី៣និងទី៤។ចំណែកអាយុ៥ឆ្នាំឡើងត្រូវទទួលវ៉ាក់សាំងដូសជំរុញទី៣ទី៤និងទី៥។ និងអាយុ១២ឆ្នាំឡើង ហើយមានគម្លាតវ៉ាក់សាំងចាប់ពី៦ខែឡើងទៅ ក្រសួងសុខាភិបាលតម្រូវឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញទី៣ ទី៥ ឬទី៥ ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ សំដៅទប់ស្កាត់ការឆ្លងរាលដាល និងកាត់បន្ថយអត្រាឈឺធ្ងន់ អត្រាស្លាប់ ដោយកូវីដ១៩ សាជាថ្មីនាពេលខាងមុខ។
គួររម្លឹកដែរថា ប្រទេសថៃដែលជាប្រទេសជិតខាងកម្ពុជា មានករណីផ្ទុះឡើងវិញ បន្ទាប់ពីការបោះឆ្នោតតំណាងរាស្ដ្រក្នុងប្រទេស រហូតដល់មន្ទីរពេទ្យមួយប្រកាសថាគ្មានគ្រែសម្រាប់ដាក់អ្នកជំងឺទៀតទេ។ នេះបើផ្អែកតាមសារព័ត៌មានអន្ដរជាតិ Bangkok Post។
បើតាមតារាចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមប្រជាជនសរុប១៦លាននាក់ ការចាក់វ៉ាក់សាំងបាន៩៥.៥៦%៕