ក្រុមកូដករ ជាអតីតបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី បាននាំគ្នាបន្តធ្វើបាតុកម្ម ដើម្បីទាមទារដំណោះស្រាយ ជុំវិញវិវាទការងារ ដែលបានអូសបន្លាយពេលជាងមួយឆ្នាំកន្លះមកហើយ។ ពួកគេបានយករូបសំណាកសត្វព្រាប ដែលតំណាងឱ្យសេរីភាព មកបង្ហាញ ហើយស្នើឱ្យក្រសួងការងារជួយអន្តរាគមន៍លើវិវាទនេះ និងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ខ្លួនដែលជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារនេះ។
លោក គីម ចាន់ចាវ រាយការណ៍
ក្រុមកូដករ អតីតបុគ្គលិក ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្រមាណ ៣០នាក់ បានប្រមូលផ្ដុំគ្នានៅមុខអគារកាស៊ីណូណាហ្គាវើលដ៍ ជាថ្មីម្ដងទៀតនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទាមទារសិទ្ធិការងារ។ មិនខុសពីលើកមុនៗនោះទេ ក្រុមកូដករបានប្រើឧគ្ឃោសនសព្ទ ស្រែកទាមទារ និងបានយកស្គរ រួមទាំងឧករណ៍ភ្លេងមួយចំនួនទៀត រួមឆ្នាំងបាយជាមួយវែក មកគោះបំពងសំឡេង។
បន្ថែមពីលើឧបករណ៍បំពងសំឡេង ទិដ្ឋភាពនៅខាងមុខ កាស៊ីណូណាហ្គាវើលដ៍លើកនេះ គឺក្រុមកូដករ ដែលភាគច្រើនជាស្ត្រី បានលើកនូវបដាសរសរជាភាសាខ្មែរនិងអង់គ្លេស លើផ្ទាំងក្រណាត់ និងក្រដាស។ បដាទាំងនោះសរសេរថា«ណាហ្គាវើលដ៍កុំយកលុយទិញសិទ្ធិ» «Naga world បញ្ឈប់ការរើសអើងLRSU» «ដោះលែង ឈឹម ស៊ីថរ ជាបន្ទាន់»។ ក្នុងការតវ៉ាលើកនេះដែរ ពួកគេបានយកបដាមួយប្រភេទទៀតមានរាងរូបសំណាកសត្វព្រាបដែលតំណាងឱ្យសេរីដល់ក្រុមសហជីព។ រូបសំណាកព្រាបនេះមានជាប់ច្រវ៉ាក់ដែក សរសេរជាសារអំពាវនាវជាភាសារខ្មែរ និងអង់គ្លេសថា «ដោះលែងសេរីភាពសហជីព ឬ Free Union Right» «ដោះលែងឈឹម ស៊ីថរ Free Chhim Sithor» ។
«ព្រាបស គឺតំណាងឱ្យសេរីភាពប៉ុន្តែឥលូវនេះ សេរីភាពត្រូវបានជាប់ច្រវ៉ាក់ហើយ ដោយរងនូវភាពអយុត្តិធម៌ពីសំណាក់តុលាការ ដែលក្រោមបញ្ជារបស់ថៅកែណាហ្គាវើលដ៍ អញ្ចឹងយើងស្នើសុំឱ្យតុលាការកាត់ក្ដីដោយគតិ និងយុត្តិធម៌ សម្រាប់បុគ្គលិកកម្មករខ្មែរដោយគ្រាន់តែទាមទារឱ្យ ថៅកែណាហ្គាវើលដ៍ គោរពច្បាប់នៃប្រទេសកម្ពុជា»
អ្នកតវ៉ាម្នាក់គឺ លោកស្រី ប៊ុន ស៊ីណា កំពុងទូលរូបព្រាបសជាប់ច្រវ៉ាក់នេះ បានលើកឡើងថា រូបនេះតំណាងឱ្យសិទ្ធិសេរីភាពប្រៀបបាននឹងសិទ្ធិសេរីភាពសហជីពណាហ្គាវើលដ៍ដែរ។
«ប៉ុន្តែព្រាបហ្នឹងមិនត្រូវបានមានសិទ្ធិសេរីភាពទេ គឺត្រូវជាប់ច្រវ៉ាក់ប្រៀបដូចជាបងស៊ីថរចឹង គឺប្រៀបនេះតំណាងឱ្យបងស៊ីថរ។ ព្រាបនេះគឺត្រូវមានសិទ្ធិសេរីភាព»។
កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ ត្រូវបានជាប់ពន្ធនាគារជាលើកទី២ ពាក់ព័ន្ធនឹងការដឹកនាំការតវ៉ាលើបញ្ហានេះ ដោយប៉ូលីសអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១។ ប្រធានសហជីពរូបនេះ ត្រូវបញ្ចូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស ក្រោយពីត្រឡប់មកពីប្រជុំមួយនៅឯប្រទេសអូស្ត្រាលី បន្ទាប់ពីត្រូវបានដោះលែងពីការជាប់ពន្ធនាគារកាលពីលើកទី១។
អ្នកតវ៉ាម្នាក់ទៀត ដែលកំពុងបីរូបសំណាកព្រាបសគឺលោក ណាំ ទីវ័ន្ត បានស្នើដល់ស្នាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ត្រូវដោះស្រាយបញ្ហាវិវាទណាហ្គាវើលដ៍នេះ និងផ្ដល់នូវតម្លាភាពរវាងថៅកែ និងកម្មករក្នុងបញ្ហានេះ។
«មេត្តាជំរុញទៅដល់ភាគីថៅកែណាហ្គាវើលដ៍ ដើម្បីដោះស្រាយវិវាទការងារនេះ កុំដូចព្រាបនេះចឹង តំណាងឱ្យសុខសន្ដិភាព ប៉ុន្តែព្រាបសន្ដិភាពនេះត្រូវបានជាប់គុក។ អញ្ចឹងបានន័យថា ការណ៍ដែលពួកយើងតស៊ូមតិ មានការហាមឃាត់ សូមឱ្យមានភាពតម្លាភាពរវាងចៅកែ និងកម្មករផង កុំឃើញតែសេចក្ដីសុខរបស់ថៅកែ ភ្លេចមើលទឹកភ្នែករបស់កម្មករ»។
ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។ ការតវ៉ារបស់កម្មករជាង១០០នាក់ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។
កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ បញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុន ណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។ លិខិតនោះបញ្ជាក់ថាក្រុមហ៊ុន ណាហ្គាវើល ត្រូវបានបង្ខំឱ្យកាត់បន្ថយបុគ្គលិករបស់ខ្លួន ដោយសារតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ មកលើឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថាផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា៕