en     km
en     km

លោក Pita ​អាច​នឹង​បាត់បង់​សិទ្ធិជា​នាយក​រដ្ឋមន្ត្រី​ថៃដោយ​សារបញ្ហា​​កាន់កាប់​ភាគហ៊ុន

Share

បាងកក៖ ឧបនាយករដ្ឋមន្ដ្រីចាំផ្ទះថៃលោក Wissanu Krea-ngam បានលើកឡើងកាលពីថ្ងៃពុធទី៣១ ឧសភា ថា លោកPita Limjaroenrat ដែលជាអានាគតនាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតអាចនឹងត្រូវដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រី ដោយសារមានបណ្តឹងអំពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វ​ផ្សាយ​មួយ ដែលខុសនឹងរដ្ឋធម្មនុញ្ញថៃ។

យោងតាម C N A លោក Wissanu Krea-ngam ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ថាពាក្យបណ្តឹងប្រឆាំងនឹងលោក Pita កាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាចំណុចសំខាន់ដែលអាចដកសិទ្ធិជានាយករដ្ឋមន្រ្តីរបស់លោក។ឧបនាយក​រដ្ឋមន្ត្រី​ចាំផ្ទះរូបនេះ​បាន​បន្ថែម​ថា​៖ ប្រសិនបើ​ពាក្យ​បណ្តឹង​នេះផ្ដោតលើសិទ្ធិធ្វើនាយករដ្ឋមន្រ្តីនោះ​មិនធ្វើឱ្យលោក Pita បាត់បង់​សមាជិក​ភាពសភានោះទេ។«​ប្រសិនបើ​បណ្តឹងផ្តោតលើសិទ្ធិ​ទាំង​ពីរ​នោះតុលាការ​នឹង​សម្រេចដកសិទ្ធិ​ទាំងពីរ​។

លោក Pita គឺជាមេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣។មុនពេលបោះឆ្នោតលោក Ruangkrai បេក្ខជនតំណាងរាស្រ្តគណបក្ស Palang Pracharat ដែលមានទំនាក់ទំនងនឹងក្រុមយោធាបានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយអះអាងថាលោកPita មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ដោយសារលោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំពានរដ្ឋធម្មនុញ្ញ។

មាត្រា៩៨នៃរដ្ឋធម្មនុញ្ញថៃបានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភាប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មានឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។យោងតាមសារព័ត៌មាន Bangkok Post ឧបនាយករដ្ឋមន្ដ្រីចាំផ្ទះលោក Wissanu បាននិយាយថាពាក្យបណ្តឹងក៍បានផ្ដោតលើសមាជិកភាពរបស់លោកPitaក្នុងគណបក្ស Move Forward ផងដែរ។

លោក Wissanu ​ត្រូវ​បាន​​ដក​ស្រង់​សម្ដី​ថា​៖ «ប្រសិនបើ​ករណី​ដូច្នេះមែន នោះនឹង​ត្រូវ​មាន​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ជាថ្មី​»។សារព័ត៌មានបាងកកប៉ុស្តិ៍ក៏បានដកស្រង់សម្តីលោក Wissanu ថាគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការណាមួយឡើយ ហើយបានណែនាំមិនឱ្យមានការជ្រៀតជ្រែកនិងបង្កើត “សេណារីយ៉ូអវិជ្ជមាន” ។ កាលពីថ្ងៃទី៩ ខែឧសភា លោក Pita បានផុសនៅលើ Twitter ថាលោកមិនព្រួយបារម្ភអំពីករណីនេះទេ ព្រោះភាគហ៊ុនជាមរតករបស់គ្រួសារលោក។លោក​បាន​សរសេរ​ថា​៖ «​ឋានៈ​របស់​ខ្ញុំ​គឺ​ជា​អ្នក​គ្រប់​គ្រង​មូលនិធិមរតកគ្រួសារ ​ខ្ញុំ​បាន​ពិគ្រោះយោបល់​ព្រម​ទាំង​ជូន​ដំណឹង​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​យូរ​មក​ហើយ»។ សូមរំលឹកផងដែរថាគណបក្ស Move Forward របស់លោក Pita បានឈ្នះការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា ដែលទទួលបាន១៥១អាសនៈក្នុងសភា។បន្ទាប់ពីទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ គណបក្សនេះបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួនប្រាំពីរ រួមមាន គណបក្សភឿថៃ ប្រាឆាឆាត សេរីនិយមថៃ ថៃសាងថៃ យុត្តិធម៌ ផ្លុងស៊ុងកុមម៉ៃ និងភឿថៃរំផ្លាង។ គណបក្សទាំងនេះរួមគ្នាមានអាសនៈចំនួន ៣១២ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុបចំនួន ៥០០។សម្រាប់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រី គណបក្សរបស់លោកត្រូវការការយល់ព្រមពីមតិភាគច្រើន៥០%បូកមួយនៃចំនួនសមាជិករដ្ឋសភានិងព្រឹទ្ធសភា។សមាជិកព្រឹទ្ធសភាជាច្រើនរូបនៅតែមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្រតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ទេ ខណៈដែលអ្នកផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនបោះឆ្នោតឱ្យលោក Pita ទេ៕

Share

Image
Image
Image