បាងកក៖ ឧបនាយករដ្ឋមន្ដ្រីចាំផ្ទះថៃលោក Wissanu Krea-ngam បានលើកឡើងកាលពីថ្ងៃពុធទី៣១ ឧសភា ថា លោកPita Limjaroenrat ដែលជាអានាគតនាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតអាចនឹងត្រូវដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រី ដោយសារមានបណ្តឹងអំពីការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ដែលខុសនឹងរដ្ឋធម្មនុញ្ញថៃ។
យោងតាម C N A លោក Wissanu Krea-ngam ត្រូវបានដកស្រង់សម្តីដោយ Bangkok Post ថាពាក្យបណ្តឹងប្រឆាំងនឹងលោក Pita កាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាចំណុចសំខាន់ដែលអាចដកសិទ្ធិជានាយករដ្ឋមន្រ្តីរបស់លោក។ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះបានបន្ថែមថា៖ ប្រសិនបើពាក្យបណ្តឹងនេះផ្ដោតលើសិទ្ធិធ្វើនាយករដ្ឋមន្រ្តីនោះមិនធ្វើឱ្យលោក Pita បាត់បង់សមាជិកភាពសភានោះទេ។«ប្រសិនបើបណ្តឹងផ្តោតលើសិទ្ធិទាំងពីរនោះតុលាការនឹងសម្រេចដកសិទ្ធិទាំងពីរ។
លោក Pita គឺជាមេដឹកនាំ និងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣។មុនពេលបោះឆ្នោតលោក Ruangkrai បេក្ខជនតំណាងរាស្រ្តគណបក្ស Palang Pracharat ដែលមានទំនាក់ទំនងនឹងក្រុមយោធាបានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយអះអាងថាលោកPita មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោត ដោយសារលោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំពានរដ្ឋធម្មនុញ្ញ។
មាត្រា៩៨នៃរដ្ឋធម្មនុញ្ញថៃបានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភាប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មានឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។យោងតាមសារព័ត៌មាន Bangkok Post ឧបនាយករដ្ឋមន្ដ្រីចាំផ្ទះលោក Wissanu បាននិយាយថាពាក្យបណ្តឹងក៍បានផ្ដោតលើសមាជិកភាពរបស់លោកPitaក្នុងគណបក្ស Move Forward ផងដែរ។
លោក Wissanu ត្រូវបានដកស្រង់សម្ដីថា៖ «ប្រសិនបើករណីដូច្នេះមែន នោះនឹងត្រូវមានការបោះឆ្នោតទូទាំងប្រទេសជាថ្មី»។សារព័ត៌មានបាងកកប៉ុស្តិ៍ក៏បានដកស្រង់សម្តីលោក Wissanu ថាគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនបានចាត់វិធានការណាមួយឡើយ ហើយបានណែនាំមិនឱ្យមានការជ្រៀតជ្រែកនិងបង្កើត “សេណារីយ៉ូអវិជ្ជមាន” ។ កាលពីថ្ងៃទី៩ ខែឧសភា លោក Pita បានផុសនៅលើ Twitter ថាលោកមិនព្រួយបារម្ភអំពីករណីនេះទេ ព្រោះភាគហ៊ុនជាមរតករបស់គ្រួសារលោក។លោកបានសរសេរថា៖ «ឋានៈរបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងមូលនិធិមរតកគ្រួសារ ខ្ញុំបានពិគ្រោះយោបល់ព្រមទាំងជូនដំណឹងដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយជាយូរមកហើយ»។ សូមរំលឹកផងដែរថាគណបក្ស Move Forward របស់លោក Pita បានឈ្នះការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា ដែលទទួលបាន១៥១អាសនៈក្នុងសភា។បន្ទាប់ពីទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ គណបក្សនេះបានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួនប្រាំពីរ រួមមាន គណបក្សភឿថៃ ប្រាឆាឆាត សេរីនិយមថៃ ថៃសាងថៃ យុត្តិធម៌ ផ្លុងស៊ុងកុមម៉ៃ និងភឿថៃរំផ្លាង។ គណបក្សទាំងនេះរួមគ្នាមានអាសនៈចំនួន ៣១២ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុបចំនួន ៥០០។សម្រាប់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រី គណបក្សរបស់លោកត្រូវការការយល់ព្រមពីមតិភាគច្រើន៥០%បូកមួយនៃចំនួនសមាជិករដ្ឋសភានិងព្រឹទ្ធសភា។សមាជិកព្រឹទ្ធសភាជាច្រើនរូបនៅតែមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្រតំណែងនាយករដ្ឋមន្ត្រីរបស់គាត់ទេ ខណៈដែលអ្នកផ្សេងទៀតបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនបោះឆ្នោតឱ្យលោក Pita ទេ៕