en     km
en     km

ប្រជាជនហ្វីលីពីនទាមទារសិទ្ធិលែងលះសម្រាប់ចំណងអាពាហ៍ពិពាហ៍មិនជោគជ័យ

Share

អាជ្ញាធរហ្វីលីពីនបានរាយការណ៍ថាបាតុករមួយក្រុមបានឈរតវ៉ាប្រឆាំងសុំឱ្យតុលាការសម្រេចលុបចោលនូវច្បាប់ហាមឃាត់មិនឱ្យមានការលែងលះ ខណៈច្បាប់នេះបានបិទសិទ្ធិសេរីភាពនៃចំណងអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋហ្វីលីពីនជាខ្លាំង។
(កញ្ញា កែវ សុជាតា រាយការណ៍)
បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសហ្វីលីពីន គឺជាប្រទេសមួយ ដែលចែងច្បាប់ហាមឃាត់មិនឱ្យមានការលែងលះនៅក្នុងប្រទេសជាដាច់ខាត។ ប្រទេសនេះគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវសាសនាកាតូលិក ហើយក៏ជាហេតុដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមហ្វីលីពីន។
អ្នកស្រី Stella Sibonga មានកូនបីនាក់ និងជាបាតុករមួយរូបស្ថិតក្នុងវ័យ ៤៥ ឆ្នាំ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះប្រព័ន្ធច្បាប់ក្នុងប្រទេសដែលមិនអនុញ្ញាតឱ្យលោកស្រីបញ្ចប់ចំណងអាពាហ៍អាពាហ៍ជាមួយស្វាមីរបស់លោកស្រី។ លោកស្រីបានចោទជាសំណួរថា តាមរយៈសារព័ត៌មានថា ហេតុអ្វីបានជាយើងជាអ្នកដែលជួបទុក្ខលំបាក ការបោះបង់ចោល និងការបៀតបៀនទាំងកាយ ទាំងចិត្ត ខណៈច្បាប់មិនបានការពារសិទ្ធិរបស់យើងសូម្បីតែបន្តិច?

 

អ្នកស្រី Sibonga បានបញ្ជាក់ថា អ្នកស្រីបានចំណាយពេលជាង ១១ ឆ្នាំ ព្យាយាមចាកចេញពីចំណងអាពាហ៍ពិពាហ៍ដែលឪពុកម្តាយរៀបចំឱ្យ។ អ្នកស្រីបានបន្ថែមថា អ្នកស្រីនិងស្វាមីបានកើតមានជម្លោះ ហើយអ្នកស្រីទាមទារលែងលះតាមផ្លូវច្បាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។ គ្រានោះអ្នកស្រីបានដាក់ពាក្យទៅតុលាការ ដើម្បីលុបចោលចំណងអាពាហ៍ពិពាហ៍ជាមួយប្តី ព្រោះដោយសារប្តីមានបញ្ហានៃការគ្រប់គ្រងផ្លូវចិត្ត។
ក្រៅពីនេះ បាតុករមួយរូបផ្សេងទៀតយល់ថា ការហាមប្រាមមិនឱ្យលែងលះរវាងប្តីប្រពន្ធនេះធ្វើឱ្យពិបាកក្នុងការគេចចេញពីប្តី ឬប្រពន្ធដែលប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ ឬការរំលោភបំពាន និងបៀតបៀនផ្លូវកាយ និងផ្លូវចិត្ត។


ជាការកត់សម្គាល់ ក្នុងប្រទេសហ្វីលីពីន ប្រសិនណាប្រជាពលរដ្ឋចង់លែងលះតាមផ្លូវច្បាប់ គឺតម្រូវទៅសុំមោឃភាពពីតុលាការ ឬរាយការណ៍ថា ការរៀបការនោះមិនត្រឹមត្រូវតាំងពីដើមមក។ ក៏ប៉ុន្តែ សម្រាប់បណ្តឹងសុំលែងលះបែបនេះ រដ្ឋាភិបាលហ្វីលីពីនអាចប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការសម្រេចចិត្តទាំងនេះបាន។ មួយវិញទៀត ចំណែកឯដំណើរការផ្លូវច្បាប់នៃបណ្តឹងសុំលែងលះក៏មានភាពយឺតយ៉ាវ និងមានតម្លៃថ្លៃខ្លាំងឥតគណនាផងដែរ។

តាមប្រភពសារព័ត៌មានដដែលបានបង្ហាញថា ករណីប្តីសុំលែងលះខ្លះមានតម្លៃដល់ទៅ ១0,000 ដុល្លារអាមេរិក ឬច្រើនជាងនេះ ជាពិសេសពុំមានការធានាថានឹងជោគជ័យមួយរយភាគរយនោះទេ។
ជុំវិញភាពតឹងរឹងនៃការសុំលែងលះនេះដែរ ជាអកុសលពលរដ្ឋមួយចំនួនដោយហេតុថាចង់សម្រេចបំណងលែងលះខ្លាំងពេក ពួកគេខ្លះក៏លង់ជឿទៅតាមការបោកប្រាស់ពីសំណាក់ជនខិលខូចមួយចំនួនតាមបណ្តាញសង្គម ព្រោះយល់ថា នឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការឈ្នះក្តីទទួលបានការលែងលះចំណងអាពាហ៍ពិពាហ៍នោះ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image