វ៉ាស៊ីនតោន៖ ថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានរកឃើញថា ប្រជាពលរដ្ឋអាមេរិកកាំង កំពុងប្រឈមនឹងការគំរាមកំហែងដោយភេរវកម្ម ហើយអាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ផ្តើមពិនិត្យឡើងវិញប្រព័ន្ធទិដ្ឋាការសម្រាប់ការចូលមកក្នុងប្រទេសអាមេរិក។
នេះជាលើកទីបីហើយ ដែលលោក អូបាម៉ា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឆាំងអំពើភេរវកម្មមកលើសហរដ្ឋអាមេរិក បន្ទាប់ពីមានការបាញ់ប្រហារធំមួយនៅក្នុងរដ្ឋ California ដែលកំពុងតែត្រូវបានស៊ើបអង្កេត ថាជាការវាយប្រហារភេរវកម្មមួយ។
បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមមន្ត្រីសន្ដិសុខ នាមជ្ឈមណ្ឌលជាតិប្រឆាំងភេរវកម្មនៅក្នុងរដ្ឋ Virginia លោក អូបាម៉ា ថ្លែងថា៖
«ពេលនេះ អ្នកជំនាញផ្នែកស៊ើបការណ៍សម្ងាត់ និងការប្រឆាំងភេរវកម្មរបស់យើង នៅមិនទាន់មានព័ត៌មានជាក់លាក់ និងគួរឱ្យទុកចិត្តណាមួយ អំពីការវាយប្រហារមកលើប្រទេសកំណើតយើងនៅឡើយទេ។ យើងត្រូវតែមានការប្រុងប្រយ័ត្ន។ យើងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃអំពើភេរវកម្ម ដែលរួមមានតារាសម្ដែងម្នាក់ និងក្រុមតូចរបស់ពួកភេរវករដូចជានៅក្នុងទីក្រុង San Bernardino ដែរ»។
លោក អូបាម៉ា បានសន្យាជាថ្មទៀតថានឹងប្រមាញ់ពួកអាយស៊ីស (ISIS) នៅបន្ទាយរបស់ពួកគេ ក្នុងប្រទេសស៊ីរី ជាកន្លែងដែលសហរដ្ឋអាមេរិកកំពុងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើក្រុមចម្រុះសកម្មប្រយុទ្ធ ដើម្បីបងា្ករការវាយប្រហារមកលើប្រទេសលោកខាងលិច។
លោកនិយាយទៀតថា៖ «យើងកំពុងបញ្ជូនសារមួយ ប្រសិនបើអ្នកបានកំណត់គោលដៅមកកាន់អាមេរិក អ្នកនឹងមិនមានសុវត្ថិភាពទេ។ យើងនឹងស្វែងរកអ្នក ហើយយើងនឹងការពារប្រទេសជាតិយើង»។
លោកបន្តថា៖ «យើងកំពុងធ្វើការងារបន្ថែមទៀតជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក រួមទាំងដៃគូ អឺរ៉ុប របស់យើង ដើម្បីបងា្ករលំហូរចូលរបស់ពួកសកម្មប្រយុទ្ធភេរវករបរទេសដូចជា ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលអាចនឹងត្រឡប់ចូលមកក្នុងប្រទេសរបស់យើង»។
លោក អូបាម៉ា បានបញ្ជាឱ្យមានការពិនិត្យប្រព័ន្ធទិដ្ឋាការ K-1 visa ឡើងវិញ ដែលគេស្គាល់ផងដែរថាជា “ទិដ្ឋាការគូស្រករ” ហើយដែលលោក Malik បានប្រើប្រាស់ដើម្បីចូលទៅក្នុងសហរដ្ឋអាមេរិក។
អាជ្ញាធរចង់បន្ថែមសន្តិសុខមួយជំហានទៀត ទៅលើកម្មវិធីការលើកលែងទិដ្ឋាការដ៏ពេញនិយមរបស់អាមេរិក ដែលភ្ញៀវទេសចរមកពីបណ្ដាប្រទេសជាមិត្តជាច្រើន អាចចូលមកក្នុងសហរដ្ឋអាមេរិកបានដោយគ្មានទិដ្ឋាការ។
លោក អូបាម៉ា ថ្លែងថា៖ «ចាប់តាំងពីការវាយប្រហារនៅថ្ងៃ ១១ កញ្ញា ២០០១ មក យើងបានចាត់វិធានការវិសាមញ្ញដើម្បីពង្រឹងសន្ដិសុខប្រទេស នៅតាមព្រំដែន កំពង់ផែ ព្រលានយន្តហោះ សន្តិសុខអាកាសចរណ៍ របស់យើង រួមទាំងការពិនិត្យបញ្ជីតាមដានផងដែរ»។
បន្ទាប់ពី ពីរទសវត្សរ៍នៃការប្រយុទ្ធប្រឆាំងនឹងភេរវកម្មមក អាមេរិកកំពុងមានបញ្ហាកាន់តែខ្លាំងដែលបង្កឡើងដោយក្រុម ISIS និងរបៀបដើម្បីឆ្លើយតប។
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CNN /ORC ចុងក្រោយនេះ ឱ្យដឹងថា ៦៨% នៃជនជាតិអាមេរិកនិយាយថា ការឆ្លើយតបរបស់យោធាអាមេរិកទៅនឹងក្រុមរដ្ឋអ៊ីស្លាម គឺមិនទាន់ខ្លាំងគ្រប់គ្រាន់នៅឡើយទេ។
គណបក្សសាធារណរដ្ឋ បានទាមទារឱ្យលោកអូបាម៉ា ដាក់ពង្រាយកងកម្លាំងជើងគោករបស់អង្គការណាតូ (NATO) ទៅកាន់ប្រទេសស៊ីរី ហើយបន្តស៊ើបសួរបញ្ហាចម្រូងចម្រាសនៅជំរុំឆកសមុទ្រ Guantanamo ដែលលោកប្រធានាធិបតីចង់បិទ។
អ្នកអភិរក្សនិយម បានយកបញ្ហានេះមកភ្ជាប់ទៅនឹងការបដិសេធរបស់លោក អូបាម៉ា ដោយប្រើពាក្យថា “អ៊ីស្លាមនិយម” ហើយសេតវិមានបាននិយាយថាខ្លួននឹងពិភាក្សាអំពីបញ្ហាភេរវករ នូវជំនឿសាសនាដែលពួកគេបានប្រព្រឹត្តខុស។
លោក អូបាម៉ា បានថ្លែងដោយប្រយោលទៅនឹងសម្ដីវោហាសាស្ត្រដែលបង្កឱ្យមានកំហឹងជាសកល របស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ គឺលោក Donald Trump ស្តីពីបញ្ហាសន្តិសុខជាតិ ដែលលោកបានសុំឱ្យបិទព្រំដែនអាមេរិកចំពោះជនម៉ូស្លីម។
លោក អូបាម៉ា ថ្លែងថា៖ «នៅពេលដែលជនជាតិអាមេរិករួបរួមគ្នា នោះគ្មានអ្វី អាចផ្តួលពួកយើងបានទេ យើងមិនអាចមានការភ័យខ្លាច ឬផ្លាស់ប្តូររបៀបដែលយើងរស់នៅ ជាអ្វីដែលពួកភេរវករចង់បាននោះ។ នោះគឺជាអានុភាពតែមួយគត់ដែលពួកគេមាន។ ពួកគេមិនអាចឈ្នះយើងនៅលើសមរភូមិបានទេ ប៉ុន្តែពួកគេអាចនាំយើងឱ្យផ្លាស់ប្តូរវិធីសាស្ត្រ ដែលអាចឱ្យមានការប៉ះពាល់ដល់ប្រទេសនេះ»៕
ប្រែសម្រួលដោយ៖ មឿន ឌីណា / ប្រភព៖ ChannelNewsAsia