ភ្នំពេញ៖ សិក្ខាកាមជាស្រ្តីមួយចំនួនដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានលើកឡើងនូវបទពិសោធន៍ផ្ទាល់ ដែលខ្លួនជួបប្រទះជនខិលខូចមួយចំនួនបានឆបោកប្រាក់មកតាមឆាតហ្វេសប៊ុក។
សិក្ខាកាមជាស្រ្តីមួយរូបគណនីតេឡេក្រាមឈ្មោះ Chhorn Layhorng និងជាអ្នកធ្វើការងារផ្នែកសង្គមក្នុងអង្គការមួយបានលើកបទពិសោធន៍ផ្ទាល់ថា ខ្លួនធ្លាប់ត្រូវបានជនបោកប្រាស់ឆាតតាមហ្វេសប៊ុកមកបន្លំជាក្រុមការងារ ហើយប្រាប់ថាមានបញ្ហាគ្រោះថ្នាក់ដែលតម្រូវផ្ញើលុយមកជួយដោះស្រាយ។ Chhorn Layhorng បន្ថែមថា ដោយសារមានការសង្ស័យខ្លួនក៏បានជជីកសួររហូតបានដឹងថា ជននោះគឺបន្លំខ្លួនមកចង់ឆបោកលុយកាសរបស់ខ្លួនតែប៉ុណ្ណោះ។
ចំណែកសិក្ខាកាមម្នាក់ទៀតឈ្មោះ ណារី បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនថា អ្នកស្រីធ្លាប់បានបង្ហោះលើហ្វេសប៊ុកស្វែងរកអ្នកបរិច្ចាគឈាមព្រោះក្មួយអ្នកស្រីត្រូវការឈាមបន្ទន់ដើម្បីសង្គ្រោះជីវិត។ ណារី បន្ថែមថា គ្រានោះមានជនខិលខូចមកឆាត ទារប្រាក់មួយចំនួនជាថ្នូរនឹងការផ្តល់ឈាម។ គ្រានោះដែរអ្នកស្រីក៏បានផ្តល់លុយមួយចំនួនតាមការតម្រូវរបស់ជននោះ ដោយក្រោយមកទើបដឹងថាខ្លួនត្រូវចាញ់បោក។
ការលើកឡើងនូវបទពិសោធន៍ល្អរបស់សិក្ខាកាមនេះស្របពេលដែលWMC កំពុងដំណើរការវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយតាមរយៈប្រព័ន្ធZoom ដល់ក្រុមសិក្ខាកាមជាស្រ្តីប្រមាណ២០នាក់និងមានសិក្ខាកាមជាបុរសតិចតួចផងដែរ។
នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៣០និង៣១ខែឧសភាឆ្នាំ២០២៣នេះដែរ គ្រូបង្គោលនៅ WMC បានបង្ហាញពីប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សព្វផ្សាយតាមទីសាធារណៈ ពិសេសបណ្តាញសង្គម(Facebook,YouTube,Telegram…) ដែលប្រជាពលរដ្ឋកំពុងនិយមប្រើប្រាស់សព្វថ្ងៃ។
មួយទៀតផងដែរ គ្រូបង្គោលបានចែករំលែកមេរៀនការគិតបែបស៊ីជម្រៅ ដែលជាមេរៀនមួយផ្តល់ពុទ្ធិដ៏សំខាន់ដល់សិក្ខាកាមទាំងអស់ ឱ្យមានមូលដ្ឋានកាន់តែរឹងមាំក្នុងការគិតពិចារណា ស្វែងយល់ពីហេតុផលនៅពីក្រោយនៃការផ្សព្វផ្សាយព័ត៌មាននីមួយៗរបស់ស្ថាប័នសារព័ត៌មានដែលផ្សាយព្រោងព្រាតតាមប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។
ដោយឡែកនៅថ្ងៃទីពីរជាថ្ងៃបន្ទាប់វិញ ក្រុមគ្រូបង្គោលនៃWMC ធ្វើបទបង្ហាញនូវមេរៀនសំខាន់ៗចំនួនពីរបន្ថែមទៀត ទាក់ទងរបៀបផ្ទៀងផ្ទាត់ព័ត៌មានមិនពិត និងការឆ្លើយតបទៅនឹងព័ត៌មានមិនពិតដោយសុវត្ថិភាព។
ការនាំយកមេរៀនមកចែករំលែកក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយសារតែ WMC យល់ថា បច្ចុប្បន្នមានការផ្ទុះឡើងនូវព័ត៌មានក្លែងក្លាយជាច្រើនលើបណ្តាញសង្គមជាច្រើន ហើយព័ត៌មានក្លែងក្លាយទាំងនោះបានបង្កឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមងាយលុងចាញ់បោក បង់ខាតផលប្រយោជន៍ និងខាតបង់សេដ្ឋកិច្ច ពិសេសអាចប្រឈមបញ្ហានានានិងបញ្ហាសុខភាពផងដែរ។
ដោយឡែក មេរៀនទាក់ទងនឹងការឆ្លើយតបទៅកាន់ព័ត៌មានមិនពិតដោយសុវត្ថិភាព គ្រូបង្គោលបានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីធ្វើឱ្យសិក្ខាកាមចេះឆ្លើយតបនូវព័ត៌មានក្លែងក្លាយប្រកបដោយសុវត្ថិភាពនិងដោយប្រើភាពវៃឆ្លាត។ ប្រការនេះអាចបញ្ចៀសបានរាល់ហានិភ័យដែលកើតមានឡើងនៅពេលក្រោយ។
មួយទៀតដែរការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដើម្បីចែករំលែកចំណេះដឹងផ្សេងៗទាក់ទង វិស័យព័ត៌មានដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានាសព្វថ្ងៃនេះ។ មួយវិញទៀត វគ្គបណ្តុះបណ្តាលនេះ ក៏បង្ហាញនិងចែករំលែកបញ្ហានានាដែលកើតមានឡើងលើបណ្តាញសង្គមដល់សិក្ខាកាមដើម្បីជាគន្លឹះដោះស្រាយបញ្ហាទៅថ្ងៃខាងមុខ។
ក្នុងពេលបណ្តុះបណ្តាលនេះទៀតសោត គេសង្កេតឃើញថា សិក្ខាកាមដែលបានចូលរួមមានភាពសកម្មក្នុងការងារជាក្រុម ដោយសិក្ខាកាមបានចូលរួមពិភាក្សា ចូលរួមបញ្ចេញមតិយោបល់ ពិសេសអ្នកចូលរួមបានលើកឡើងនូវសំនួរជាច្រើនក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលនេះ។
ក្រោយពីបានទទួលវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់បានយល់ដឹងពីមូលដ្ឋានក្នុងការគិតឱ្យបានស៊ីជម្រៅ និងអាចស្វែងយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់បណ្តាញសង្គមឱ្យមានសុវត្ថិភាព ពិសេសបានដឹងពីល្បិចកលជនខិលខូចដែលតែងបោកប្រាស់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។
សិក្ខាកាមដែលបានចូលរួមបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ ដោយទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ល្អៗបន្ថែមដែលអាចយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រុមសិក្ខា កាមសន្យាថា នឹងចែករំលែកចំណេះដឹងដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលទៅកាន់អ្នកក្បែរខ្លួនមាន មិត្តភក្តិ បងប្អូន ឪពុកម្តាយ សាច់ញាតិ និងអ្នកជិតខាងផងដែរ ដើម្បីពួកគេអាចគេចផុសពីការឆបោកលើបណ្តាញសង្គមពីសំណាក់ជនខិលខូច។
ក្នុងនោះដែរអ្នកស្រី សោ ស៊ីផាណារី សម្តែងក្តីរីករាយដែលទទួលបានចំណេះដឹងល្អពីកម្មវិធីនេះ។ អ្នកស្រីថា អ្នកស្រីពុំមានឱកាសនិងពុំដឹងថាទៅស្វែងរកសិក្សាពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយពិសេសវិធីសាស្រ្តផ្ទៀងផ្ទាត់ព័ត៌មាននេះពីទីណានោះទេ ប៉ុន្តែជាសំណាងល្អដែលWMCបានផ្តល់វគ្គបណ្តុះបណ្តាលនេះ ដែលធ្វើឱ្យអ្នកស្រីកាន់តែយល់ច្បាស់ពីការវិវត្តន៍របស់សង្គមក្នុងបរិបទសម័យឌីជីថលនេះ។
អ្វីជាពិសេសនោះ អ្នកស្រីថាអ្នកស្រីអាចមានសមត្ថភាពជាមូលដ្ឋានគឺគន្លឹះចេះពិនិត្យ ផ្ទៀងផ្ទាត់ព័ត៌មានថាពិតឬមិនពិត។ អ្នកស្រី ស៊ីផាណារី បញ្ជាក់ថា អ្នកស្រីនឹងយកចំណេះដឹងដែលបានពីវគ្គបណ្តុះបណ្តាលនេះផលិតជាវីដេអូដាក់លើបណ្តាញសង្គមTik tok ដើម្បីផ្ញើសារគន្លឹះល្អៗពីមេរៀនដែលបានរៀនទៅសាធារណជន។ ការគ្រោងផែនការណ៍នេះ ព្រោះអ្នកសារយល់ថា មេរៀនដែលបានរៀនគឺជាមេរៀនល្អៗអាចជាប្រយោជន៍ដល់សាធារណជនអាចរៀនសូត្របាននិងអាចជៀសផុតពីល្បិចឆបោករបស់ជនខិលខូចតាមបណ្តាញសង្គម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)នឹងបើកវគ្គបណ្តុះបណ្តាលចំនួន ៨ លើក លើក្រុមគោលដៅចំនួនផ្សេងៗគ្នាក្នុងនោះមាន ក្រុមជនមានពិការភាព ក្រុមLGBTQI ក្រុមយុវជន ក្រុមស្រ្តី ក្រុមជនជាតិដើមភាគតិច ក្រុមចំណាក់ស្រុក ក្រុមសាសនា និងក្រុមមនុស្សចាស់ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានសិក្ខា កាមចំនួនចន្លោះពី ៣០-៤០ នាក់ចូលរួម៕