តុលាការកំពូល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានបដិសេធបណ្ដឹងសារទុក្ខរបស់ក្រុមយុវជនសង្គម ពីបទ“ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ជុំវិញការតវ៉ា នៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលសវនាការរឿងក្ដីលោក រ៉ុង ឈុន ពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ការបដិសេធនេះមានន័យថា ពួកគេត្រូវបន្តជាប់ទោសដូចដែលតុលាការជាន់ទាបបានសម្រចកាលពីពេលកន្លងទៅដដែល។ យុវជនសង្គមទាំងនោះរួម លោកទុំ វុទ្ធី ហៅ ជុំ ពុទ្ធី, អ្នកនាង ឈឿន ដារ៉ាវី និងប្ដី គឺលោក ហ៊ុន វណ្ណ លោក ឈួ ផេង កញ្ញា អេង ម៉ាឡៃ លោក កើត សារ៉ាយ លោក មាន ព្រហ្មមុនី លោក មួង សុភ័ក្រ្ត និងលោក ថា ឡាវី។ នៅពេលប្រកាសសាលដីកានៅតុលាការកំពូលនៅព្រឹកនេះ ក្នុងចំណោមអ្នកជាប់ទោសទាំងអស់នេះ គឺមានតែលោក មួង សុភ័ក្រ និង លោក ថា ឡាវី ទេដែលបានចូលស្ដាប់ការប្រកាសដោយផ្ទាល់។ បើទោះបីអ្នកជាប់ទោសផ្សេងទៀតមិនបានចូលរួម ប៉ុន្តការប្រកាសនេះ មានការចូលរួមស្ដាប់ពីអ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មន្ត្រីតំណាងពីខាងអង្គការសហប្រជាជាតិ រួមទាំងអ្នកសារព័ត៌មានផងដែរ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសសកម្មជនសង្គមទាំងនេះឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២លានរៀល។ កាលនោះតុលាការតម្រូវឱ្យពួកគេអនុវត្តទោសជាប់ពន្ធនាគារក្នុងម្នាក់ៗពី ១៤ ទៅ ១៥ខែ ខណៈទោសនៅសល់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យព្យួរ។ កន្លងមកពួកគេក៏បានអនុវត្តទោស ដោយជាប់ពន្ធនាគារផងដែរ ប៉ុន្តែគិតមកទល់នឹងថ្ងៃទី៣១ ខែឧសភានេះ ពួកគេកំពុងនៅក្រៅឃុំ ដោយអនុវត្តការព្យួរទោស ប៉ុន្តែភ្ជាប់នូវលក្ខខណ្ឌមួយចំនួន ដូចជាការហាមឃាត់មិនឱ្យចេញក្រៅប្រទេសជាដើម៕