យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថាអាជ្ញាធរម៉ាឡេស៊ីបានឃាត់ចាប់កប៉ាល់ដឹកទំនិញដែលមានទង់ជាតិចិន ដែលកំពុងស្រង់ខ្មោចនាវាអង់គ្លេសសម័យសង្គ្រាមលោកលើកទី២នៅក្នុងលំហសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសម៉ាឡេស៊ី។
រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល
យោងតាម CNN កប៉ាល់មានដោតទង់ជាតិចិននេះត្រូវបានចាប់ឃាត់បន្ទាប់ពីរកឃើញថាមិនមានច្បាប់អនុញ្ញាតឱ្យឈប់សំចតនៅក្នុងដែនទឹករបស់ម៉ាឡេស៊ី នេះបើយោងតាមសារព័ត៌មាន Bernama។របាយការណ៍បានឱ្យដឹងទៀតថា ការត្រួតពិនិត្យកប៉ាល់នេះ«បានរកឃើញដែកអេតចាយនិងសំបកគ្រាប់កាំភ្លើងធំចាស់ៗ»។
យោងតាមរបាយការណ៍បានឱ្យដឹងថាប៉ូលីសនាយកដ្ឋានសមុទ្រម៉ាឡេស៊ីនិងនាយកដ្ឋានបេតិកភណ្ឌជាតិ នឹងធ្វើការស៊ើបអង្កេតពិនិត្យមើលថាតើគ្រាប់កាំភ្លើងផ្លោងទាំងនោះនៅសល់ពីសង្គ្រាមលោកលើកទី២ឬយ៉ាងណា។
ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានរាយការណ៍នាពេលថ្មីៗនេះថា “មានកប៉ាល់បរទេសមួយគ្រឿងកំពុងប្រតិបត្តិការខុសច្បាប់ដើម្បីស្រង់យកដែកអេតចាយពីនាវាចម្បាំងអង់គ្លេសដែលបានលិច” នៅក្នុងតំបន់នោះ។
បើយោងតាមសារព័ត៌មាន Bernama ករណីនេះកំពុងត្រូវបានស៊ើបអង្កេតក្រោមច្បាប់ដឹកជញ្ជូនទំនិញរបស់ម៉ាឡេស៊ី។តំបន់នេះគឺជាកន្លែងនាវាចម្បាំងអង់គ្លេសពីរគ្រឿង គឺនាវាចម្បាំង HMS Prince of Wales និងនាវាចម្បាំង HMS Repulse បានលិចនៅក្នុងការវាយប្រហារដោយយន្តហោះចម្បាំងរបស់ជប៉ុននៅថ្ងៃទី១០ខែធ្នូ ឆ្នាំ១៩៤១។យន្តហោះចម្បាំងជប៉ុនរាប់សិបគ្រឿងបានវាយប្រហារដោយបានទម្លាក់គ្រាប់បែកនិងគ្រប់បែកប្រឆាំងនាវា torpedoes ធ្វើឱ្យទាហ៊ាន៨៤២នាក់បានស្លាប់។
របាយការណ៍ចោទប្រកាន់ថាការស្រង់បំណែកនាវាបាក់បែកនាំឱ្យមានការថ្កោលទោសពីសំណាក់ប្រទេសអង់គ្លេស។សាស្ត្រាចារ្យ Dominic Tweddle អគ្គនាយកសារមន្ទីរជាតិRoyal Navy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានទុក្ខព្រួយ និងព្រួយបារម្ភជាខ្លាំងចំពោះការបំផ្លិចបំផ្លាញខ្មោចនាវាHMS Prince of Wales និង HMS Repulse ដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន “។“នាវាទាំងនេះត្រូវបានចាត់ទុកជាផ្នូរសង្គ្រាម។ យើងមានការខកចិត្តចំពោះការបាត់បង់បេតិកភណ្ឌកងទ័ពជើងទឹក និងផលប៉ះពាល់នៃការយល់ដឹងអំពីប្រវត្តិសាស្ត្រកងទ័ពជើងទឹករបស់យើង»។
ដោយឡែកលោក John Bradford សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Rajaratman School of International Studies ក្នុងប្រទេសសិង្ហបុរីបាននិយាយថា ការស្រង់យកនាវាពីក្នុងសមុទ្រ “គឺជាបំណងអាជីវកម្ម”។លោកបានមានប្រសាសន៍ថា “ទង្វើបែបនេះមនុស្សភាគច្រើនមានអារម្មណ៍ថាដូចជាការប្លន់ផ្នូររបស់វីរបុរសជាតិ ជាជាងការគាស់យកសំណល់អេតចាយ”៕
ប្រភព៖ CNN ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣