en     km
en     km

តុលាការ​ជប៉ុន​ថាច្បាប់ហាមក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមិនឱ្យរៀបការគឺខុសរដ្ឋធម្មនុញ្ញ

Share

នៅថ្ងៃអង្គារ​ ទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ តុលាការជប៉ុនបានចាត់ទុកការហាមឃាត់មិនឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ថាជាបម្រាមដែលប្រោសចាកពីរដ្ឋធម្មនុញ្ញរបស់ប្រទេសជប៉ុន។

(កញ្ញា កែវ សុជាតា រាយការណ៍)

បើយោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា តុលាការជប៉ុននៅទីក្រុង Nagoya បានសម្រេចជាលើកទី២ប្រឆាំងនឹងច្បាប់ដែលបិទសិទ្ធិក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា មិនឱ្យរៀបអាអាពាហ៍ពិពាហ៍ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន។ បច្ចុប្បន្ន តុលាការបានដោះស្រាយបញ្ហាចំនួន២ ក្នុងចំណោមករណីចំនួនបួនលើបញ្ហាសិទ្ធិក្រុមអ្នកស្រឡាញ់ដូចគ្នានៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។

លោកស្រី​ Yoko Mizushima ជាមេធាវីឆ្នើមមួយរួប បានប្រាប់អ្នកកាសែត និងអ្នកគាំទ្រនៅខាងក្រៅតុលាការថា សេចក្តីសម្រេចនេះ បានជួយសង្គ្រោះ និងលុបបំបាត់ការរើសអើងលើក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាបានមួយកម្រិត។ លោកស្រីបានបន្តថា កាលពីឆ្នាំមុន រដ្ឋាភិបាលជប៉ុនហាក់ជាន់ឈ្លីនូវកិត្តិយស និងសិទ្ធិមនុស្សរបស់ក្រុមអ្នកស្រឡាញ់ដូចគ្នាជាខ្លាំង ដោយពួកគេបាននិយាយថា ច្បាប់ហាមឃាត់ការរៀបការនោះមិនមានបញ្ហាអ្វីឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីចេញសេចក្តី​សម្រេច​នៅ​ថ្ងៃ​អង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣នេះមកក្រុមសកម្មជនបានសម្តែងការពេញចិត្តជាខ្លាំង ជាពិសេសពួកគេបាននិយាយថា នេះជាជំហានឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍ក្នុងក្រុមតែមួយនៃប្រទេសទាំងប្រាំពីរ ដែលគ្មានរារាំងពីផ្លូវច្បាប់សម្រាប់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។ ពួកគេ​បាន​នាំគ្នា​គ្រវី​ទង់​ឥន្ទធនូ​នៅ​ខាង​ក្រៅ​តុលាការ ដើម្បីអបអរសាទរនូវការសម្រេចចិត្តជាលើកទី២របស់រដ្ឋាភិបាលជប៉ុន។

ដោយឡែក បើតាមរយៈការស្ទង់មតិបានបង្ហាញថា សាធារណជនប្រហែល ៧0% គាំទ្រការរៀបការសម្រាប់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ក៏ប៉ុន្តែគណបក្សសេរីនិយមដែលមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងកាន់អំណាច បានជំទាស់។ ទោះជាយ៉ាងណាក៏ដោយ សាលាក្រុងនានារបស់ប្រទេសជប៉ុនជាង ៣00 កន្លែង ដែលមានប្រហែល ៦៥% នៃចំនួនប្រជាជន បានអនុញ្ញាតឱ្យគូស្នេហ៍ភេទដូចគ្នាចុះអេតាស៊ីវិលជាគូសេ្នហ៍តាមផ្លូវច្បាប់។

ក៏ប៉ុន្តែសិទ្ធិត្រូវបានកំណត់ក្នុងវិសាលភាពជាក់លាក់មួយ ដោយដៃគូទាំងសងខាងមិនអាចទទួលបានមរតកទ្រព្យសម្បត្តិរបស់គ្នាទៅវិញទៅមក ឬមានសិទ្ធិធ្វើជាមាតាបិតាចំពោះកូនរបស់គ្នាទៅវិញទៅមកនោះទេ៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image