en     km
en     km

រុស្សីវាយប្រហារទីក្រុង Kyiv តាមអាកាសឈានដល់យប់ទីបី

Share

សំឡេងផ្ទុះយ៉ាងខ្លាំងនៅក្នុងទីក្រុង Kyiv ហើយអគារជាច្រើនបានឆាបឆេះ ដោយសារគ្រាប់មីស៊ីលរបស់

រុស្ស៊ី។នេះជាការវាយប្រហារតាមអាកាសឈានដល់យប់ទី៣ហើយ  ទន្ទឹមនឹងនេះមានសេចក្ដីរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ដោយការវាយប្រហារនេះ។

រាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល

យោងតាមBBCក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថាមីស៊ីលរបស់រុស្ស៊ីត្រូវប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបាញ់កំទេចធ្លាក់ចុះជាបំណែកៗបណ្តាលឱ្យមានអគ្គីភ័យកើតឡើង។ អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទាំងអស់។

ប្រធានាធិបតី Volodymyr Zelensky បានសរសើរប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក។លោក​បាន​និយាយ​ថាប្រព័ន្ធ​ការពារដែនអាកាសនេះ “អាច​បាញ់​ទម្លាក់​កាំជ្រួច​រុស្ស៊ីបាន១០០%”។លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយកាលពីល្ងាចថ្ងៃចន្ទទី២៩ ឧសភាថា “រុស្ស៊ីចង់ដើរលើផ្លូវអាក្រក់ដល់ទីបញ្ចប់ ពោលគឺការបរាជ័យរបស់ខ្លួន ពីព្រោះអំពើអាក្រក់នៅទីបញ្ចប់គ្មានអ្វីក្រៅពីការបរាជ័យនោះទេ” ។

ទន្ទឹមនឹងនេះឧត្តមសេនីយKyrylo Budanovប្រមុខចារកម្មយោធាអ៊ុយក្រែន បានព្រមានអំពីការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការវាយប្រហាររបស់រុស្ស៊ី។យោធារុស្ស៊ីបាននិយាយថា គោលដៅដែលបានកំណត់ទាំងអស់លើទីក្រុង Kyiv និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនត្រូវបានវាយប្រហារនាពេលថ្មីៗនេះ ។

យោធាទីក្រុង Kyiv បានរាយការណ៍ថា អគារចំនួនបីត្រូវបានភ្លើងឆេះនៅក្នុងការវាយប្រហារតាមអាកាសមួយយប់ចុងក្រោយនេះ។នៅ​ក្នុង​សង្កាត់ Holosiivskyi ភាគ​ខាង​ត្បូង មនុស្ស​ម្នាក់​បាន​ស្លាប់ និង​បី​នាក់​ទៀត​រង​របួស។អគារឯកជនចំនួនពីរបានឆេះ និងរថយន្តជាច្រើនគ្រឿងរងការខូចខាតនៅក្នុងស្រុក Darnytskyi។

អភិបាលក្រុង Kyiv លោក Vitaliy Klitschko បានពណ៌នាការវាយប្រហារចុងក្រោយនេះថាជា “ការវាយប្រហារដ៏ធំ” ដោយបានអំពាវនាវឱ្យពលរដ្ឋ “កុំចាកចេញពីទីជម្រក” ។

សូមរំលឹកផងដែរថានេះគឺជាការវាយប្រហារលើកទី ១៧ លើរដ្ឋធានី Kyiv ចាប់តាំងពីដើមខែឧសភា រួមទាំងការវាយប្រហារពេលថ្ងៃដ៏កម្រមួយកាលពីថ្ងៃចន្ទផងដែរ។រុស្ស៊ីបានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់ខ្លួននៅក្នុងខែកុម្ភៈឆ្នាំ២០២២ និងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក kamikaze ក៏ដូចជាមីស៊ីលផ្លោងជាច្រើន។

អ្នកវិភាគនិយាយថា ទីក្រុងមូស្គូកំពុងប៉ុនប៉ងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន មុនពេលការវាយលុកជាថ្មី។ប៉ុន្តែខាងអុយក្រែន​បាន​រៀបចំ​ផែនការ​ទប់ទល់ការវាយលុកនេះ​រាប់​ខែ​មក​ហើយ៕

 

ប្រភព៖ BBC ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

Share

Image
Image
Image