en     km
en     km

បទយកការណ៍៖ បូ សំណាង បេ្តជ្ញាដណ្តើមមេដាយជូនជាតិមាតុភូមិឱ្យបានមុនសម្រេចចិត្តចាកចេញពីវិស័យកីឡា

Share

កញ្ញា បូ សំណាង គឺជាកីឡាការនីរត់ប្រណាំងចំងាយ៥០០០ម៉ែត្រមួយរូបដែលប្រកួតតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍។ ឈ្មោះរបស់នាងបានល្បីរន្ទឺទាំងក្នុងនិងក្រៅស្រុក ដែលគេស្គាល់នាងថាជាកីឡាការនីមានឆន្ទៈមោះមុត ព្យាយាមតស៊ូរត់ដល់ទីដៅ ទោះបីជាដឹងច្បាស់ថាខ្លួនមិនទទួលបានលទ្ធផលល្អក្នុងការប្រកួតក៏ដោយ។ បូ សំណាង ប្រាប់ក្រុមការងារវិទ្យុស្រ្តីថា ទោះកញ្ញាកំពុងមានជំងឺប្រចាំកាយក៏ដោយ តែនាងបេ្តជ្ញាចិត្តថានឹងបន្តការហ្វឹកហាត់បន្ថែមដើម្បីសម្រេចមហិច្ឆិតាដណ្តើមមេដាយណាមួយជូនជាតិមាតុភូមិឱ្យបាននៅការប្រកួតលើកក្រោយមុននឹងសម្រេចចិត្តលាឈប់ពីវិស័យកីឡា។ ការបង្ហើបពីបំណងលាឈប់ពីវិស័យកីឡានេះ ព្រោះកញ្ញាបានគិតដល់ការដាស់តឿនរបស់ម្តាយដែលអង្វរកឱ្យឈប់រត់ប្រណាំងព្រោះម្តាយបារម្ភពីសុខភាពរបស់កូនស្រី។

ចង់ដឹងថា តើរឿងរ៉ាវជីវិតពិតរបស់កីឡាការនីរូបនេះមានដើមទងយ៉ាងដូចម្តេចខ្លះ? ហើយតើកត្តាអ្វីខ្លះជម្រុញឱ្យ បូ សំណាង ចូលរួមក្នុងវិស័យកីឡា? តទៅនេះកញ្ញា គុជ ស៊ីកុល សូមជូនបទយកការណ៍អំពីកញ្ញា បូ សំណាង ដូចតទៅ៖

មានស្រុកកំណើតនៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌដង្កោ កញ្ញា បូ សំណាង មានបងប្អូន៤នាក់ ហើយនាងជាកូនទី៣ក្នុងគ្រួសារ។ សំណាងនិយាយថា គ្រួសារខ្លួនពុំសូវធូរធារប៉ុន្មានទេ ដោយបច្ចប្បន្ននាងបានកំព្រាឪពុក គឺមានតែម្តាយជាមេគ្រួសារ។ រីឯម្តាយ បូ សំណាង សព្វថ្ងៃក៏មិនបានប្រកបរបរអ្វីនោះដែរដោយបានត្រឹមនៅផ្ទះជួយមើលការខុសត្រូវកូនៗ និងចៅតូចៗតែប៉ុណ្ណោះ។
រីឯចំណូលរបស់ម្តាយគឺបានមកពីការផ្គត់ផ្គង់ពីកូនៗបន្តិចបន្តួចប៉ុណ្ណោះ ហើយចំពោះសំណាងវិញក៏ជួបបញ្ហាលំបាកខ្លះៗក្នុងការសិក្សារៀនសូត្រ ព្រោះនាងត្រួវជួយមើលថែរប្អូននាងម្នាក់ទៀតផងដែរ។
នេះជារាប់រៀបរបស់ បូ សំណាង ពីបច្ចុប្បន្នភាពនៃជីវភាពគ្រួសារដល់ក្រុមការងារវិទ្យុស្រ្តី៖

«ចាសបងមានផលលំបាកបន្តិចបន្តួចទៅលើថវិកាដោយសារអី គ្រួសារខ្ញុំអត់សូវធូរធារទេព្រោះអីអត់មានប៉ាជាបង្គោគ្រួសារមានតែម៉ាក់បានគាត់នៅផ្ទះនៅអីទៅអត់បានធ្វើអីទេ បានជួយមើលចៅហើយមើលប្អូនហើយបើពីប្រាក់ឧបត្ថម្ភអីហ្នឹងបានមកពីបងបន្តិចបន្តួចហើយបានមកពីខ្ញុំបានមកពីកីឡាអីបន្តិចបន្តួចជួយគាត់ចឹងណាស់ ចាសបង។»

ងាកចេញពីការលើកឡើងពីជីវភាពគ្រួសារ បូ សំណាង បានរៀបរាប់ពីប្រវត្តិសាវតាដែលនាងបានក្លាយជាកីឡាការិនីរត់ប្រណាំងតំណាងជាតិម្តង។ បូ សំណាង ឱ្យដឹងបន្តថា នៅវ័យ ១៤ឆ្នាំ នាងបានចូលរួមក្នុងវិស័យកីឡា ដោយដំបូងនាងគ្រាន់តែហាត់រៀននៅសាលារៀនប៉ុណ្ណោះ។ បូ សំណាង បន្ថែមថា បន្តបន្ទាប់មកទើបមានការប្រកួតប្រជែងរហូតដល់ខ្លួនបានជាប់ជ័យលាភីបានទៅប្រកួតជាកីឡាអូឡាំពិច ដោយថ្នាក់ដឹកនាំបានបានបញ្ជូនឱ្យទៅប្រទេសចិនរយៈ ៧ ខែដើម្បីហ្វឹកហ្វាត់សមត្ថភាពបន្ថែម។

បូ សំណាង៖ «មុនដំបូងហ្នឹងខ្ញុំប្រលងនៅសាលាសិនសាលាខ្ញុំពីមុនអនុវិទ្យាល័យត្រពាំងសាលាហនឹងលោកគ្រូអ្នកគ្រូគាត់បានជ្រើសរើសប្រកួតឱ្យប្រលងជាមួយគ្នា ហើយបានបន្ទាប់ហ្នឹងហើយមានការប្រកួតក្នុងស្តាតអូឡាំពិចនៅសហព័ន្ធខ្មែរអតពលកម្ម ហើយបន្ទាប់មកហ្នឹងបានគេជ្រើសរើស ថ្នាក់ជម្រើសជាតិហើយបានខ្ញុំប្រកួតជាមួយគេទៅដូចបានជ័យលាភីលេខ៣ លេខ៤ទេខ្ញុំរៀងភ្លេចដែលហើយវាដូចយូរឆ្នាំដែរ។ ចាសហើយមុនប្រកួតស៊ីហ្គេមហ្នឹងថ្នាក់លើបញ្ជូនខ្ញុំទៅហាត់នៅចិន៧ខែ។»

មានសម្បុរស្រអែមកីឡាការិនីរូបនេះ បន្តប្រាប់ថា កំឡុងពេលហ្វឹកហាត់នៅកម្ពុជា នាងពុំមានបញ្ហាអ្វីប៉ុន្មាននោះទេ ប៉ុន្តែ បូ សំណាង ជួបការភាពលំបាកខ្លះៗពេលទៅហ្វឹកហាត់នៅប្រទេសចិន។

បូ សំណាង៖ «ការហ្វឹកហាត់នៅស្រុកគេ(ប្រទេសចិន)វាលើសជាងនៅស្រុកយើងរៀងខ្លាំងដែលព្រោះអីនៅស្រុកយើងហាត់ល្មម ដល់យើងទៅហាត់ស្រុកគេគេហាត់លក្ខណៈត្រៀមប្រកួតចឹងណាស់ ចឹងរៀងធ្ងន់។ យើងលក្ខណៈថាយើងនៅខ្មែរវិញ្ញាសារត្រឹម៥គីឡូ ១០គីឡូ យើងរត់១២ទៅ១៥គីឡូ នៅស្រុកគេគេឱ្យរត់ពី២០គីឡូទៅ២៥គីឡូហ្មងចាស។»

កត្តាជាច្រើនដែលជម្រុញឱ្យ សំណាង ចង់ចូលរួមវិស័យកីឡាគឺមានការគាំទ្រពីមនុស្សជុំវិញខ្លួន ពិសេសគឺការគាំទ្រពីសំណាក់គ្រួសារផ្ទាល់ ហើយលើសពីនេះទៅទៀតនោះគឺមហិច្ឆតាចង់តំណាងឱ្យប្រទេសកម្ពុជា។

បូ សំណាង៖ «កត្តាដំបូងដែលជម្រុញឱ្យខ្ញុំចូលវិស័យកីឡាគឺទី១ ខ្ញុំចង់ជាប់ជម្រើសជាតិតំណាងប្រទេសកម្ពុជា ហើយទី២វាក៏មានតម្លៃសម្រាប់យើងដែរ ដែលយើងក្នុងនាមជាកូនខ្មែរបានលេងកីឡាមួយដើម្បីប្រទេសជាតិហើយយើងក៏មានកិត្តិយសដែលយើងជាកីឡាការនីតំណាងប្រទេសកម្ពុជា តំណាងប្រជាជន១៦លាននាក់ហើយក៏តំណាងឱ្យស្រ្តីខ្មែរយើងដែល ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងចូលលេងកីឡា។»

តែជាអកុសលខណៈដែលនាងកំពុងតែចូលរួមប្រកួតរត់ចំងាយ៥០០ម៉ែត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេម នាងបានប្រឈមមុខជាមួយនឹងបញ្ហាសុខភាពគឺនាងមានជំងឺខ្វះគ្រប់ឈាម។ ថ្វីត្បិតនាងមានបញ្ហាសុខភាពយ៉ាងនេះក្តី ក៏កីឡាការនីវ័យក្មេងរូបនេះមិនបោះបង់ការប្រកួតនោះដែរ។
ការប្រឹងប្រែងមិនបោះបង់របស់ បូ សំណាង ទោះបីដឹងយ៉ាងច្បាស់ថា ខ្លួនមិនអាចទទួលបានជ័យាភីល្អប្រសើរជូនជាតិក៏ពិតមែន ប៉ុន្តែនាងបានបន្តរត់រហូតទាល់តែដល់គោលដៅ។ ចំណុចនេះហើយ បានឆក់បេះដូងមហាជនទាំងក្រុងនិងក្រៅប្រទេសដោយនាងបានទទួលការកោតស្ងែងចំពោះការខិតខំប្រឹងប្រែងរបស់នាង។

ជាកីឡាការនីរត់ចំងាយផង សព្វថ្ងៃ បូ សំណាង ក៏ទើបតែបញ្ចប់ថ្នាក់សិក្សាវិទ្យាល័យដែលបច្ចប្បន្ននាងកំពុងតែត្រៀមខ្លួនចាប់ផ្តើមបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយការបន្តការសិក្សារបស់នាងមានអ្នកឧបត្ថម្ភ និងផ្គត់ផ្គង់ការសិក្សាឱ្យនាងរយៈពេល៤ឆ្នាំពេញផងដែរ។ទាក់ទងនឹងបញ្ហាសុខភាពវិញ បូ សំណាង បានធូរស្បើយជាងមុនច្រើន ប៉ុន្តែម្តាយរបស់នាងនៅតែមានការព្រួយបារម្ភ ខណៈដែលនាងដាក់ការតាំងចិត្តខ្ពស់ គឺបេ្តជ្ញាបន្តក្នុងវិស័យកីឡានេះរហូតនាងដណ្តើមយកជ័យលាភីជូនជាតិនិងអ្នកគាំទ្រនាងឱ្យបាន។ បូ សំណាង ប្រាប់ថា ចំពោះព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសថៃខាងមុខ នាងបានរៀបចំផែនការនិងពង្រឹងសមត្ថភាពបន្ថែមទៀតផងដើម្បីយកជ័យជម្នះជូនជាតិមាតុភូមិ។

បូ សំណាង៖ «សម្រាប់ផែនការទៅការប្រកួតនៅ២០២៥គឺខ្ញុំមានផែនការដាក់គោលដៅខ្លួនឯងហើយដំបូងគឺត្រូវខំប្រឹងហ្វឹកហ្វាត់ឱ្យខ្លាំងជាងហ្នឹងប៉ុន្តែសម្រាប់លទ្ធផលគឺខ្ញុំអត់អាចនិយាយទុកមុនបានទេថាខ្ញុំបានមេដាយអ្វីព្រោះអីយើងក៏ហ្វឹកហ្វាត់គេក៏ហ្វឹកហ្វាត់ចឹងហើយយើងអត់អាចកំណត់បានមេដាយអីទេអាស្រ័យទៅលើសមត្ថភាពយើងចូលប្រកួតបានប៉ុណ្ណាក៏យើងសប្បាយចិត្តដែលព្រោះយើងបានខំប្រឹងវាអស់ពីសមត្ថភាព៕»

Share

Image
Image
Image