en     km
en     km

វិធីសង្រ្គោះបន្ទាន់និងវិធានការការពារបញ្ហាស្លាក់ចំពោះមនុស្សពេញវ័យ

Share

 

 

 

ការស្លាក់ គឺជាពេលដែលមនុស្សម្នាក់មិនអាចនិយាយ ក្អក ឬដកដង្ហើមបាន ដែលបណ្តាលមកពីអាហារឬវត្ថុជាប់គាំងក្នុងផ្លូវដង្ហើម។ ការស្លាក់នេះ រារាំងអុកស៊ីហ្សែនមិនឱ្យទៅដល់សួត និងខួរក្បាល ហើយបើកង្វះអុកស៊ីសែនទៅខួរក្បាលលើសពី ៤ នាទី អាចបណ្តាលឱ្យខូចខួរក្បាល ឬស្លាប់ជាដើម។

វាពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាក្នុងការស្វែងយល់ និងដឹងពីរបៀបសង្រ្គោះចំពោះបញ្ហាស្លាក់នៅផ្ទះ និងនៅកន្លែងសាធារណៈ។​

​តើមាន​បច្ចេកទេស​​អ្វីខ្លះ ​ដើម្បីសង្គ្រោះមនុស្សមានបញ្ហាស្លាក់​​?

ចំពោះវិធីសង្រ្គោះបញ្ហាស្លាក់នេះ អ្នកជំនាញ​ណែនាំ​អ្នកសង្រ្គោះ​ត្រូវគក់ខ្នង និង​​រុញ​​ពោះរបស់ពួកគេ។ បន្ថែមពីនេះ ប្រសិនបើអ្នកស្លាក់នៅដឹងខ្លួន ​អ្នកសង្រ្គោះត្រូវ​ប្រយ័ត្ននៅពេល​រុញពោះ ដោយកុំ​ប្រើ​កម្លាំង​ខ្លាំងពេក ដើម្បីការពារ​កុំឱ្យ​ខូច​ឆ្អឹងជំនី ឬសរីរាង្គ​ខាងក្នុងរបស់ពួកគេ។  មួយវិញទៀត បើមានករណីសន្លប់ អ្នកសង្រ្គោះត្រូវសង្កត់ទ្រូងផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័រ Johns Hopkins Medicine នៃសហរដ្ឌអាមេរិច

តទៅនេះយើងនឹងយកវិធីសាស្រ្តគក់ខ្នងដើម្បីសង្រ្គោះជនរងគ្រោះដែលស្លាក់ដូចតទៅ៖

ជាដំបូងអ្នកត្រូវផ្អៀងពួកគេទៅមុខថ្នមៗដើម្បីឱ្យរាងកាយពួកគេស្របនឹងដី។ បន្ទាប់មក អ្នកត្រូវដាក់ដៃម្ខាងលើទ្រូងរបស់ពួកគេ រួចប្រើដៃម្ខាងទៀតរបស់អ្នក គក់ខ្នងពួកគេចំនួន ៥ ដង​ ឱ្យចំកណ្តាលស្មា​។

បន្ថែមពីនេះ​ គឺជាវិធីសាស្រ្តរុញពោះ។ ចំពោះការរុញពោះនេះ​ គឺដើម្បីបង្កើតក្អកសិប្បនិម្មិត។  ការ​ក្អក​នេះ​ជួយខ្យល់ឆ្លងកាត់​តាម​បំពង់​ខ្យល់ និង​បណ្តេញវត្ថុដែលស្ទះចេញពីផ្លូវដង្ហើមនិង​មាត់របស់ពួកគេ។​

រូបភាពនេះមានប្រភពពីគេហទំព័រ Johns Hopkins Medicine នៃសហរដ្ឌអាមេរិច

 

ចំពោះវិធីសាស្រ្តរុញពោះនេះមានដូចជា៖

  • ជាដំបូង អ្នកត្រូវដាក់ដៃជុំវិញចង្កេះរបស់ជនរងគ្រោះ រួចដាក់កណ្តាប់ដៃមួយនៅពីលើផ្ចិត និងខាងក្រោមទ្រុងពួកគេ។​
  • បន្ទាប់មកអ្នកត្រូវយកដៃម្ខាងទៀតចាប់កណ្តាប់ដៃរបស់អ្នក រួចអ្នកត្រូវក្តាប់ឱ្យណែន សង្កត់ពោះពីក្រោមឡើងលើ និងក្រោម​ឆ្អឹងជំនីរចំនួន ៥ ដង​ឱ្យបានលឿន។
  • បន្ទាប់ពីនោះ អ្នកត្រូវបន្តគក់ខ្នងនិងរុញពោះ ដោយកុំបញ្ឍប់រហូតដល់វត្ថុដែលបានស្លាក់នោះចេញមកក្រៅ។
  • ហើយសិនបើជនរងគ្រោះមានដុះក្បាលពោះ អ្នកត្រូវរុញទ្រូងជំនួសវិញ។
រូបភាពនេះមានប្រភពពីគេហទំព័រ Johns Hopkins Medicine នៃសហរដ្ឌអាមេរិច

 

ដោយឡែកប្រសិន​បើអ្នកស្លាក់ ហើយនៅតែម្នាក់ឯង អ្នកអាចរុញពោះខ្លួនឯងទល់នឹងខ្នងកៅអី ឬនឹងគែមតុ។

សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាននៅពេលគក់ខ្នង និងពេលរុញពោះ អ្នកគួរតែប្រើតែក្នុងករណីសង្គ្រោះបន្ទាន់នៅពេលដែលប្រាកដថាអ្នកមានបញ្ហាស្លាក់ ហើយប្រើវិធីនេះតែចំពោះមនុស្សពេញវ័យ និងកុមារអាយុលើសពី ១ ឆ្នាំប៉ុណ្ណោះ។

​យ៉ាងណាមិញ អ្នកអាចការពារខ្លួនពីការស្លាក់ដោយអនុវត្តវិធានការសុវត្ថិភាពដូចជា៖

អ្នកត្រូវកាត់អាហារទៅជាបំណែកតូចៗ ព្រមទាំងទំពារអាហារយឺតៗ និងឱ្យបានហ្មត់ល្អ ជាពិសេសប្រសិនបើអ្នកពាក់ធ្មេញ។ បន្ថែមពីនេះ​ កុំសើច ឬនិយាយពេលទំពារ និងពេលលេបអាហារ។ ម្យ៉ាងវិញទៀត កុំពិសាគ្រឿងស្រវឹងច្រើន មុននិងអំឡុងពេលបរិភោគអាហារជាដើម៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង