កាលពីថ្មីៗនេះ មានករណីក្មេងប្រុសម្នាក់អាយុប្រហែល៥ឆ្នាំ បានស្លាក់គ្រាប់មៀនចូលក្នុងបំពង់ខ្យល់ដែលបណ្តាលឱ្យស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ហេតុដូចនេះហើយ យើងនឹងលើកយកវីធីសង្រ្គោះបន្ទាន់ករណីស្លាក់អ្វីមួយ ដើម្បីអាចសង្រ្គោះជីវីតបានទាន់ពេលវេលា។
ការស្លាក់កើតឡើងនៅពេលដែលផ្លូវដង្ហើម ត្រូវបានស្ទះភ្លាមៗ ដោយមិនអាចដកដង្ហើម ឬលំបាកដកដង្ហើមជាដើម។ ករណីនេះច្រើនកើតឡើងលើកុមារជាពិសេសកុមារមានអាយុពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ ព្រោះកុមារតែងតែដាក់វត្ថុតូចៗមួយចំនួន ទៅក្នុងមាត់ដើម្បីចង់ដឹងថា វត្ថុនោះជាអ្វី។ ការសាកល្បងរបស់ក្មេង អាចប្រឈមបញ្ហាជាប់គាំងក្នុងផ្លូវដង្ហើម បើធ្ងន់ធ្ងរឬសង្គ្រោះមិនទាន់ពេលគឺអាចបណ្តាលស្លាក់ស្លាប់បាន។
យ៉ាងណាមិញតាមគេហទំព័រសេវាសុខភាពជាតិនៃចក្រភពអង់គ្លេស (NHS UK) បានបង្ហាញពីវិធីសាស្រ្តនិងគន្លឹះក្នុងការជួយសង្រ្គោះកុមារដែលស្លាក់វត្ថុតូចៗដូចតទៅ៖
- ករណីបើអ្នកអាចមើលឃើញវត្ថុនោះ អ្នកត្រូវព្យាយាមយកវាចេញ ដោយកុំយកម្រាមដៃរបស់អ្នករុកម្តងហើយម្តងទៀត ព្រោះការធ្វើបែបនេះនឹងរុញវត្ថុឱ្យកាន់តែជ្រៅ ហើយធ្វើឱ្យពិបាកដកវត្ថុនោះចេញ។
- បន្ថែមពីនេះអ្នកត្រូវលើកទឹកចិត្តពួកគេ ក្អកខ្លាំងៗ ដើម្បីយកវត្ថុដែលស្លាក់នោះចេញ។
- បើការក្អកគ្មានប្រសិទ្ធភាព ឬកូនរបស់អ្នកមិនអាចដកដង្ហើមបាន អ្នកត្រូវស្រែករកជំនួយភ្លាមៗ និងពិនិត្យថាពួកគេនៅដឹងខ្លួនដែរឬទេ។
- ដោយឡែកបើកុមារនៅដឹងខ្លួន ប៉ុន្តែពួកគេមិនក្អក ឬក្អកហើយតែមិនចេញវត្ថុមកក្រៅ អ្នកត្រូវគក់ខ្នងរបស់ពួកគេ។ តែក្នុងករណីនេះ យើងបែងចែកជាពីរ គឺការគក់ខ្នងសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ និងសម្រាប់កុមារអាយុលើសពី ១ ឆ្នាំ។
ចំពោះវិធីសាស្រ្តគក់ខ្នងសម្រាប់ទារកអាយុក្រោម ១ ឆ្នាំ៖ ជាដំបូងអ្នកត្រូវអង្គុយចុះ រួចដាក់ទារកដោយបែរមុខចុះក្រោមតាមបណ្តោយភ្លៅ ឬកំភួនដៃរបស់អ្នក។ បន្ទាប់មក អ្នកត្រូវគក់ខ្នងពួកគេចំនួន ៥ ដងនៅចន្លោះស្មារបស់ពួកគេ។
ចំណែកឯវិធីសាស្រ្តគក់ខ្នងសម្រាប់កុមារអាយុលើសពី ១ ឆ្នាំវិញ៖ ជាដំបូងអ្នកត្រូវដាក់កុមារលើភ្លៅរបស់អ្នកដូចគ្នាដែរ។ ប្រសិនអ្នកមិនអាចដាក់កុមារលើភ្លៅរបស់អ្នកបាន អ្នកត្រូវឱ្យកុមារផ្អៀងទៅមុខ ហើយបន្ទាប់មកអ្នកត្រូវគក់ខ្នងរបស់ពួកគេចំនួន ៥ ដងផងដែរ។
ប្រសិនការគក់ខ្នង មិនអាចបញ្ចេញវត្ថុដែលស្លាក់នោះមកក្រៅបានទេ ហើយកុមារនៅតែដឹងខ្លួននៅឡើយ អ្នកត្រូវរុញទ្រូងសម្រាប់ទារកក្រោម ១ ឆ្នាំ និងរុញពោះសម្រាប់កុមារអាយុលើសពី ១ ឆ្នាំ។ ការរុញទ្រូង និងពោះ គឺជាការបង្កើតក្អកសិប្បនិម្មិត បង្កើនសម្ពាធក្នុងទ្រូង និងជួយរុញវត្ថុដែលស្លាក់នោះចេញមកផងដែរ។
សម្រាប់វិធីសាស្រ្តការរុញទ្រូងចំពោះទារកក្រោម ១ ឆ្នាំមានដូចជា៖ ជាដំបូង អ្នកត្រូវដាក់ទារកបែរមុខឡើងលើកំភួនដៃឬភ្លៅរបស់អ្នក។ រួចដាក់ម្រាមដៃ ២ នៅកណ្តាលទ្រូងរបស់ទារក ហើយសង្កត់ទ្រូងចំនួន ៥ ដង និងសង្កត់ជម្រៅប្រហែល មួយភាគបីនៃទ្រូង។
ចំណែកឯការរុញពោះកុមារអាយុលើសពី ១ ឆ្នាំ មានវិធីសាស្រ្តដូចតទៅ៖ ជាដំបូងអ្នកត្រូវឈរពីក្រោយកុមារ ដោយដាក់ដៃរបស់អ្នកនៅជុំវិញពោះរបស់ពួកគេ និងដាក់ដៃអ្នកនៅចន្លោះផ្ចិត និងឆ្អឹងជំនី។ បន្ទាប់មកអ្នកត្រូវចាប់ដៃទាំងពីរនិងរុញទៅខាងក្នុងនិងឡើងលើឱ្យខ្លាំង។ រួចអ្នកត្រូវបន្តធ្វើបែបនេះចំនួន ៥ ទៀត។
បន្ទាប់ពីការរុញទ្រូង ឬពោះ អ្នកត្រូវវាយតម្លៃកូនរបស់អ្នកឡើងវិញដូចខាងក្រោម៖
បើវត្ថុដែលស្លាក់នៅតែមិនចេញ ហើយកូនរបស់អ្នកនៅដឹងខ្លួននៅឡើយ អ្នកត្រូវបន្តធ្វើការសង្រ្គោះឡើងវិញ ដោយការគក់ទ្រូង និងរុញទ្រូង ឬពោះ។
បន្ថែមពីនេះ អ្នកត្រូវហៅទូរសព្ទទៅលេខ ១១៩ ក្នុងករណីវត្ថុដែលស្លាក់នៅតែមិនចេញ ហើយអ្នកត្រូវបន្តព្យាយាមធ្វើការសង្រ្គោះរហូតដល់រថយន្តសង្រ្គោះបន្ទាន់មកដល់៕